ស្បែក និងរាងកាយរបស់យើងឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន បន្ទាប់ពីមានផ្ទៃពោះ។ កត្តានេះ គឺដោយសារតែការប្រែប្រួលអ័រម៉ូន ដែលពាក់ព័ន្ធនឹងការសម្រាលកូន។ យ៉ាងណាមិញ ម៉ាក់ៗថ្មីថ្មោងក៏អាចអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីថែទាំស្បែក ក៏ដូចជាសរសៃសក់ឲ្យរឹងមាំ និងមានសុខភាពល្អ។
ការរក្សាជាតិទឹក បន្ទាប់ពីមានផ្ទៃពោះ គឺជារឿងសំខាន់បំផុត ដើម្បីទទួលបានតុល្យភាពរាងកាយ សារជាថ្មីម្ដងទៀត។ បន្ថែមពីនេះ វាក៏អាចជួយឲ្យស្បែកយើងមានភាពភ្លឺថ្លាឡើងវិញផងដែរ។ ជាក់ស្ដែង ការញ៉ាំទឹកក៏អាចជួយកាត់បន្ថយការទល់លាមក ដែលរួមចំណែកដល់សុខភាពស្បែករបស់យើងដូចគ្នា។ ជាមួយគ្នានេះដែរ ការរក្សាជាតិទឹកក៏អាចជួយគ្រប់គ្រងប្រព័ន្ធឈាមរត់ និងជំរុញការលូតលាស់នៃសក់ថែមទៀតផង។ ពិតណាស់ បញ្ហាសក់ក្រោយសម្រាលកូនរួច ដូចជាអង្គែ និងជំងឺរលាកស្បែកក៏អាចត្រូវបានដោះស្រាយ ដោយការញ៉ាំទឹកនេះដែរ។ ដូច្នេះហើយ ម៉ាក់ៗគប្បីញ៉ាំទឹកយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ បន្ទាប់ពីសម្រាលកូនរួច។
ជាទូទៅ ស្បែកមុខរបស់យើងអាចឡើងប្រេង បន្ទាប់ពីសម្រាលកូនរួច ដោយសារតែកម្រិតអ័រម៉ូន Progesterone ខ្ពស់។ ប៉ុន្តែ កត្តានេះគឺជារឿងធម្មតាប៉ុណ្ណោះ ហើយវាក៏ជាផ្នែកមួយនៃការប្រែប្រួលអ័រម៉ូន។ វិធីសាស្ត្រដ៏ល្អបំផុតមួយ ដើម្បីរក្សាស្បែកមុខឲ្យមានសុខភាពល្អ គឺជាការសម្អាតស្បែកមុខមួយថ្ងៃពីរដង ដោយប្រើហ្វូមលាងមុខដែលមិនមានជាតិកាត់ និងមានសភាពស្រាល ពីព្រោះវាអាចជួយសម្អាតរន្ធញើស និងជាតិប្រេងលើសបានយ៉ាងមានប្រសិទ្ធភាព។
៣. សម្រាកឲ្យបានគ្រប់គ្រាន់
ការទទួលបានសមាជិកថ្មី គឺជារឿងដ៏គួរឲ្យរីករាយ និងរំភើបក៏ពិតមែន ប៉ុន្តែវាក៏ជាពេលវេលាដែលម៉ាក់ៗស្រ្តេសច្រើនផងដែរ ហើយកត្តានេះក៏អាចប៉ះពាល់ដល់ស្បែក និងការលូតលាស់នៃសរសៃសក់ដូចគ្នា។ ការសម្រាកឲ្យបានគ្រប់គ្រាន់គឺជារឿងដ៏សំខាន់មួយ ពីព្រោះនៅពេលដែលយើងមានរាងកាយ និងផ្លូវចិត្តដ៏ហត់នឿយ វាក៏អាចជះឥទ្ធិពលមិនល្អដល់ស្បែក សរសៃសក់ និងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះហើយ ម៉ាក់ៗគប្បីឆ្លៀតពេលសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយស្បែក និងសរសៃសក់ក៏អាចវិលត្រលប់មករកសភាពរឹងមាំតាមបែបធម្មជាតិម្ដងទៀត។ ប្រសិនបើម៉ាក់ៗមិនបានសម្រាកឲ្យបានគ្រប់គ្រាន់ទេនោះ វាក៏អាចធ្វើឲ្យរង្វង់ភ្នែករបស់យើងឡើងខ្មៅ និងគ្មានភាពទាក់ទាញទាល់តែសោះ។
៤. ញ៉ាំអាហារបំប៉នវីតាមីនឲ្យបានគ្រប់គ្រាន់
បន្ទាប់ពីសម្រាលកូន រាងកាយរបស់យើងត្រូវការវីតាមីនជាចាំបាច់។ ដូចនេះ ម៉ាក់ៗថ្មីថ្មោងគប្បីបញ្ចូលវីតាមីនB និងC ទៅក្នុងរបបអាហារ ដើម្បីឲ្យសក់លូតលាស់ល្អ រឹងមាំ និងភ្លឺរលោង ដោយការញ៉ាំBiotin ខ្លាញ់ត្រី និងស្ពាន់ធ័រសរីរាង្គ ពីព្រោះវាជួយបង្កើនការផ្គត់ផ្គង់Keratinនៅក្នុងរាងកាយរបស់យើង។ បន្ថែមពីនេះ ម៉ាក់ៗគប្បីញ៉ាំស៊ុត ដំបូងជ្វា ផ្លែប្លូប៊ឺរី គ្រាប់ផ្កាឈូករ័ត្ន ត្រី សណ្ដែក ទំពាំងបារាំង និងស្ពៃពួយឡេងដើម្បីឲ្យស្បែក និងសរសៃសក់មានសុខភាពល្អ។

៥. ថែរក្សាស្បែក និងសក់
ចូរប្រើប្រាស់ក្រែមផ្ដល់សំណើមដល់ស្បែក ឬថែទាំស្បែកពីកម្ដៅថ្ងៃ។ បន្ថែមពីនេះ ម៉ាក់ៗអាចប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ ដើម្បីការពារយើងពីការកើតមុន និងស្នាមជាំផ្សេងៗនៅលើស្បែក។ នៅអំឡុងពេលនេះ យើងក៏អាចប្រើប្រាស់ក្រែមជម្រុះកោសិកាងាប់ប្រភេទស្រាល ចំនួន១ដងក្នុងមួយសប្ដាហ៍ផងដែរ។ មួយវិញទៀត ម៉ាក់ៗគប្បីជ្រើសរើសសាប៊ូកក់សក់ប្រឆាំងនឹងការជ្រុះសក់ និងក្រែមបន្ទន់សក់ ក៏ដូចជាធ្វើការម៉ាស្សាថ្នមៗនៅលើស្បែកក្បាល ទើបជាការប្រសើរ។