ម៉ាក់ៗកំពុងតែពពោះមួយចំនួនធំប្រាកដជាចង់សម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែបើម៉ាក់ៗណាដែលមានរូបរាងមិនអំណោយផល កម្ពស់ទាប ធាត់ខ្លាំង និងអាងត្រគាកតូចប្រាកដជាចៀសមិនផុតពីសម្រាលតាមវះកាត់ឡើយ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់មក Hello គ្រូពេទ្យ។
គ្រូពេទ្យជំនាញផ្នែករោគស្ត្រីបានបន្តថា គ្រូពេទ្យទាំងអស់តែងជំរុញឲ្យម៉ាក់ៗសម្រាលកូនតាមផ្លូវក្រោម តែករណីនេះគ្រោះថ្នាក់ណាស់ ព្រោះពេលអាងត្រគាកតូចកូនពិបាក ឬកើតមិនចេញតែម្ដង៖ “កាលណាតែម្ដាយមានបញ្ហាកើតមិនចេញ កូននៅក្នុងអាចស្លាប់ ឬកើតមកខ្សោយមិនគ្រប់លក្ខណៈ ព្រោះអុកស៊ីសែនពេលនោះមិនគ្រប់គ្រាន់ចូលទៅក្នុង ហើយកូនណាជួបបញ្ហាសន្លប់ពេលកើត ធំឡើងទៅអាចខ្សោយបញ្ញា ឬសុខភាពមិនល្អ។ ចំណែកម្ដាយវិញក៏មានអត្រាគ្រោះថ្នាក់ខ្លាំងដែរ ប្រសិនបើជួយមិនទាន់ពេលវេលាដោយវះកាត់”។
អត្ថបទពាក់ព័ន្ធ៖
- មួយជីវិត ស្រីៗអាចសម្រាលកូនដោយវះកាត់ប៉ុន្មានដង?
- មានបញ្ហាអីខ្លះ ម៉ាក់ៗត្រូវតែសម្រាលកូនដោយវះកាត់?
ក្នុងនោះលោកវេជ្ជបណ្ឌិតបានឲ្យដឹងថា បើម៉ាក់ៗស្ថិតក្នុងស្ថានភាពបែបនេះអត្រាកើតគ្រោះថ្នាក់ខ្ពស់ទាំងកូន និងម៉ាក់ ហើយលោកក៏បានបន្ថែមទៀតថា គ្រូពេទ្យជំនាញទាំងអស់គួរតែវាយតម្លៃតាំងពីពេលពិនិត្យផ្ទៃពោះប្រចាំខែ និងនៅពេលសម្រាលជាក់ស្ដែងតែម្ដង។
ជាចុងក្រោយលោកគ្រូពេទ្យបានឲ្យដឹងថា ការសម្រាលកូនតាមធម្មជាតិវាល្អណាស់ តែបើធម្មជាតិទៅមិនរួច សូមកុំជំទាស់ គឺត្រូវវះកាត់ឲ្យទាន់ពេលវេលា ហើយគ្រូពេទ្យទាំងអស់តាមដានម៉ាក់ និងកូនតាំងពីនៅក្នុងពោះ បើរកឃើញកូនទទឹងពោះ សុកពាំងមាត់ស្បូន ឬសញ្ញាទៅមិនរួចណាមួយ គួរតែរៀបចំការវះកាត់ទុកឲ្យហើយ ដើម្បីសុវត្ថិភាព កុំឲ្យដល់ពេលប្រថុចញ៉ុច ការត្រៀមលក្ខណៈមិនបានល្អ ព្រោះពេលចៃដន្យគឺមិនសព្វជ្រុងជ្រោយដូចការបម្រុងទុកនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]