ម៉ាក់ៗដឹងអត់ថា ក្នុងពេលពពោះ តម្រូវការជាតិដែកនឹងកើនឡើងទ្វេដង ដើម្បីជួយអាអូនផលិតគ្រាប់ឈាមរបស់កូន។ ហើយបើម៉ាក់ៗពពោះមានបរិមាណជាតិដែកស្ដុកទុក ឬទទួលបានជាតិដែកមិនគ្រប់គ្រាន់ទេ នោះយើងនឹងងាយកើតភាពស្លេកស្លាំងដោយសារខ្វះជាតិដែក។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
រាងកាយយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមមានតូនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ ក្នុងករណីដែលម៉ាក់ៗពពោះ កើតភាពស្លេកស្លាំងដោយសារខ្វះជាតិដែក វាអាចបង្កជាផលប៉ះពាល់ទៅដល់អាអូនក្នុងផ្ទៃបានដូចជា៖
១. កូនកើតមិនគ្រប់ខែ
២. ទារកកើតមិនគ្រប់គីឡូ
៣. ទារកខ្សោយ។ល។
ចំពោះបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលពពោះ ស្ត្រីដែលមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហានេះគឺ៖
– ស្ត្រីមានកូនច្រើនហើយញឹក
– ស្ត្រីពពោះមានទារកច្រើនជាងមួយ (កូនភ្លោះ)
– ស្ត្រីក្អួតញឹកញាប់ដោយសារចាញ់កូន
– ស្ត្រីទទួលបានជាតិដែកមិនគ្រប់គ្រាន់
– ស្ត្រីមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ។
សម្រាប់ម៉ាក់ៗពពោះដែលមានភាពស្លេកស្លាំងដោយសារខ្វះជាតិដែក បើនៅកម្រិតស្រាលៗមិនមានចេញរោគសញ្ញាណាមួយគួរឲ្យយើងកត់សម្គាល់បានទេ។ ប៉ុន្តែ ប្រសិនបើការខ្វះជាតិដែកបង្កឲ្យម៉ាក់ៗមានភាពស្លេកស្លាំងក្នុងកម្រិតមធ្យម ឬធ្ងន់ធ្ងរ វាអាចចេញសញ្ញាមួយចំនួនដូចជា៖
- អស់កម្លាំងខ្លាំង និងទន់ខ្សោយ
- ស្បែកស ស្លេកខុសធម្មតា
- មានការញ័រទ្រូង ញ័របេះដូង
- ហត់ ដង្ហើមខ្លី
- វិលមុខ ឬឈឺក្បាល។ល។
ហេតុនេះហើយ ម៉ាក់ៗពពោះត្រូវទទួលបានជាតិដែកឲ្យគ្រប់គ្រាន់ជាប្រចាំ ដោយញ៉ាំថ្នាំជាតិដែក ប្រើវីតាមីនបំប៉ន ឬតាមរយៈអាហារផ្សេងៗ ដើម្បីបង្ការបញ្ហាស្លេកស្លាំង និងបង្កជាផលប៉ះពាល់ដល់អាអូនក្នុងផ្ទៃ។ ក្រៅពីនេះ បើម៉ាក់ៗមានបញ្ហាមិនស្រួលណាមួយ ឬមានចម្ងល់ផ្សេងៗគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានចម្លើយយើងអាចទុកចិត្តបាន។
[embed-health-tool-ovulation]