ស្ត្រីភាគច្រើនដែលសម្រាលកូនហើយតែងតែជួបវិបត្តិដ៏ធំមួយ គឺបញ្ហាគីឡូ ក្បាលពោះមិនព្រមស្រកទៅវិញ។ ព្រោះតែមិនស្រកបែបនោះទើបមានសំណួរលើកឡើងថា តើអាចលេបថ្នាំសម្រកបានដែរទេ?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបញ្ជាក់ថា ស្ត្រីសម្រាលរួច និងកំពុងបំបៅដោះកូនមិនត្រូវប្រើប្រាស់មធ្យោបាយដោយលេបថ្នាំឡើយព្រោះវាប៉ះពាល់ដល់សុខភាពខ្លួនឯង និងកូនដែលទទួលសារជាតិបន្តពីម៉ាក់ៗតាមរយៈទឹកដោះ ហើយកូនក៏ស្គមនាំឲ្យសុខភាពក៏ធ្លាក់ចុះដែរ ព្រោះកូននៅតូចត្រូវការជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ដើម្បីការលូតលាស់បញ្ញាស្មារតី។
ចំពោះអ្នកមិនបានបំបៅដោះកូនវិញប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បញ្ជាក់ថាអាចលេបបាន ត្រូវពិនិត្យពិច័យឲ្យច្បាស់មុននឹងទិញមកប្រើ។ ប្រភេទថ្នាំសម្រកខ្លះមានផលប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់មានទាំងរយៈពេលវែង និងភ្លាមៗ ដោយរយៈពេលវែងទៅអាចបំផ្លាញថ្លើម ខ្សោយតម្រងនោម មានជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ចំណែកផលប៉ះពាល់ភ្លាមៗមានដូចជា ពិបាកក្នុងការគេងឲ្យលក់ស្កប់ស្កល់ ឈឺក្បាល សម្ពាធឈាមឡើងខ្ពស់ រាក ហូរឈាមតាមរន្ធគូថ ដែលករណីនេះ មកពីថ្នាំសម្រកទម្ងន់មួយចំនួនអាចបណ្ដាលឲ្យមានការរលាកពោះវៀនធំ។
លោកបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំសម្រកមិនត្រូវបានលើកទឹកចិត្តឡើយ តែបើម៉ាក់ៗចង់ប្រើខ្លាំង មុននឹងទិញ យើងត្រូវដឹងថាថ្នាំនោះបានឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធហើយ ឬនៅ។ ដូចនេះសូមគិតឲ្យបានដិតដល់ជាមុនសិន ហើយប្រសិនបើអាច យើងក៏គួរធ្វើការប្រឹក្សា ជាមួយគ្រូពេទ្យជាមុនទើបជាការប្រសើរបំផុត ព្រោះពេទ្យមានការណែនាំសម្រាប់ស្រ្តីសម្រាលកូនហើយឲ្យឆាប់ស្រកទម្ងន់។ វិធីដ៏ល្អបំផុតគឺសម្រកតាមធម្មជាតិ ហាត់ប្រាណ តមអាហារខ្លាញ់ បំបៅដោះកូន និងញ៉ាំបន្លែផ្លែឈើឲ្យច្រើនវិញ ទើបស្រកម្តងបន្តិចៗ។
កន្លងមកក្រសួងសុខាភិបាលក៏បានហាមឃាត់ផលិតផលសម្រកមួយចំនួនដែលគ្មានចុះបញ្ជី និងលេខប្រវេទន៍ ហើយក៏បានពិនិត្យគុណភាពឃើញថា ផលិតផលដែលមានសមត្ថភាពសម្រកទម្ងន់បានលឿន ជាទូទៅមានលួចលាក់ដាក់សារធាតុ Sibutramine គឺជាសារធាតុហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងវិស័យឱសថសាស្ត្រ ព្រោះសារធាតុនោះធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដូចជាធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមហានិភ័យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋហាមប្រើប្រាស់ថ្នាំ ឬអ្វីមួយដែលគ្មានការអនុញ្ញាត និងទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធនានា ព្រោះនាំឲ្យខាតបង់លុយកាក់ ប៉ះពាល់សុខភាព ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
[embed-health-tool-ovulation]