ការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការមើលចិញ្ចឹមបីបាច់កូនឲ្យមានសុខភាពល្អ។ ប៉ុន្តែក្នុងអំឡុងពេលបំបៅដោះកូន ម៉ាក់ជាច្រើនតែងទទួលរងការដាច់រហែក ឬឈឺនៅក្បាលដោះ។ ដូចនេះហើយស្រ្តីទាំងឡាយមិនគួរមើលរំលងការឈឺចាប់នៅក្បាលដោះ ឬការដាច់រហែកនោះទេ ព្រោះវាអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ខ្លួនឯងច្រើន។
១- មូលហេតុក្បាលដោះដាច់របួស
មូលហេតុចម្បងនៃការប្រេះដាច់ រហែកនៅក្បាលដោះអាចបណ្ដាលមកពីការខាំញេញៗ ឬខាំទាញរបស់កូនពេលកំពុងបៅ ហើយករណីនេះកើតឡើងនៅពេលកូនដុះធ្មេញដំបូងៗ និងពេលទឹកដោះលែងចេញ តែកូនបៅមិនទាន់ឆ្អែត។ ចំណែកមូលហេតុមួយទៀតអាចមកពីការបីកូនក្នុងទំរង់មិនត្រឹមត្រូវ ដោយដាក់កូនទាបពេក ហើយកូនព្យាយាមខាំទាញដោះ កុំឲ្យរបូតពីមាត់។
ក្នុងករណីស្រាល ម៉ាក់ៗអាចផ្លាស់ប្តូរជំហរ និងរបៀបបំបៅកូន តែប្រសិនបើសម្គាល់ឃើញថាមិនមានភាពប្រសើរឡើងក្រោយ ៤៨ ម៉ោងនោះ គួរតែទៅរកជំនួយពីអ្នកពិគ្រោះយោបល់ខាងបំបៅដោះកូន ដើម្បីរកពីមូលហេតុនៃការឈឺចាប់របស់យើង។ ស្ត្រីដែលលែងបំបៅដោះកូនហើយ ប៉ុន្តែនៅតែមានការដាច់ប្រេះនៅលើក្បាលដោះ ត្រូវទៅរកការព្យាបាលឲ្យបានឆាប់។ ចំណែកមូលហេតុមួយទៀត គឺដោយសារម៉ាក់ៗប្រើឧបករណ៍បូមទឹកដោះ ហើយប្រើកម្លាំងច្របាច់ខ្លាំងពេក ក៏អាចបណ្ដាលឲ្យរយះសាច់ក្បាលដោះបានដែរ។
២- វិធីព្យាបាលលើក្បាលដោះដែលដាច់រហែកពេលបំបៅកូន
ក្នុងអំឡុងពេលបំបៅដោះកូន
- ប្តូរទីតាំងកូនពេលបំបៅ៖ អ្នកជំនាញបានណែនាំ ពេលដែលបំបៅកូនត្រូវលើកបីកូនក្នុងទីតាំងបញ្ឆិតក្បាលខ្ពស់ គូទទាប ហើយត្រូវដាក់ច្រមុះកូនខ្ពស់ជាងទីតាំងក្បាលដោះ។ អញ្ចាញធ្មេញខាងក្រោមរបស់កូន ត្រូវដាក់ឲ្យចំផ្នែកខាងក្រោមនៃក្បាលដោះ រួចត្រូវឱបកូនពេលកំពុងបៅ ហើយត្រូវប្រាកដថាក្បាលដោះរបស់យើងទាំងមូលបានត្រូវចូលទៅក្នុងមាត់របស់កូន។ ចៀសវាងពេលកូនខាំ ព្យាយាមទាញដោះចេញ នោះអាចបណ្ដាលឲ្យរបួសកាន់តែខ្លាំង ត្រូវគោះកូន ដើម្បីឲ្យឈប់ ឬចាប់មាត់គេកុំឲ្យខាំបន្ត ហើយបើនៅតែមិនឈប់ ត្រូវបញ្ឈប់សកម្មភាពបៅសិន។
- ត្រូវស្វែងយល់ពីទីតាំងក្នុងការបំបៅដោះកូន៖ ម៉ាក់ៗត្រូវសាកល្បងកន្លែងបំបៅផ្សេងៗគ្នា ដើម្បីស្វែងរកទីតាំងដែលធ្វើឲ្យស្រួលខ្លួនឯង និងកូន។ ក្នុងទីតាំងដែលត្រឹមត្រូវអាចធ្វើឲ្យកូនបៅបានស្រួល និងមិនបណ្តាលឲ្យអ្នកមានការឈឺចាប់ខ្លួនឯងពេលកូនកំពុងបៅ។ បើយើងមានការឈឺចាប់នៅក្បាលដោះម្ខាង នោះគួរតែឲ្យកូនបៅដោះម្ខាងទៀតដែលមិនមានការឈឺចាប់ឲ្យអស់ទឹកដោះសិន ចាំប្ដូរទៅដោះម្ខាងទៀត នោះយើងនឹងលែងសូវឈឺ ព្រោះកូនមិនសូវប្រឹងបឺត។
- លាងកន្លែងរបួសមុនពេលបំបៅកូន៖ ប្រសិនបើក្បាលដោះរបស់យើងមានការឈឺចាប់ខ្លាំង នោះគួរតែស្អំទឹកកកដើម្បីឲ្យស្ពឹកព្រោះជាធម្មតាវាតែងមានការឈឺចាប់នៅពេលដំបូងនៅពេលឲ្យកូនបៅ។
ក្រោយពេលបបៅដោះកូន
- លេបថ្នាំ៖ ក្នុងករណីឈឺចាប់ និងការដាច់ប្រេះមិនជាទៅវិញដោយខ្លួនឯង យើងអាចលេបថ្នាំតាមវេជ្ជបញ្ជា និងថ្នាំបំបាត់ការឈឺចាប់បាន។
- ត្រូវលាងសម្អាតក្បាលដោះដោយប្រុងប្រយ័ត្ន៖ ក្រោយការបំបៅដោះកូន យើងត្រូវលាងសម្អាតក្បាលដោះថ្នមៗជាមួយនឹងទឹកក្តៅឧណ្ហៗ ដើម្បីការពារកុំឲ្យប្រេះដាច់។ ប្រសិនបើក្បាលដោះមានស្នាមប្រេះ និងហូរឈាម នោះយើងត្រូវលាងជម្រះក្បាលដោះឲ្យបានស្អាតជាមួយទឹកសេរ៉ូមប្រៃ (saline) ឬលាងនឹងទឹកធម្មតាមុនពេលឲ្យកូនបៅ ហើយត្រូវលាងសម្អាតដោះទាំងមូលផងដែរ ដោយប្រើសាប៊ូដែលមិនមានក្លិនក្រអូប ដើម្បីសម្អាតមុខរបួស និងជួយឲ្យរបួសឆាប់ជាសះស្បើយ។
- លាបថ្នាំប្រឆាំងបាក់តេរី៖ ប្រេងប្រឆាំងបាក់តេរីត្រូវបានប្រើសម្រាប់មុខរបួសដែលចំហរ។ ក្នុងករណីដែលការបំបៅដោះកូនធ្វើឲ្យមានការឈឺចាប់ខ្លាំងពេក យើងត្រូវបញ្ឈប់ការបំបៅដោះកូនមួយរយៈសិនរហូតដល់អាចគ្រប់គ្រងស្ថានភាពនៃការឈឺចាប់របស់យើងបាន។ យើងអាចបូមទឹកដោះទុកនៅក្នុងទូទឹកកកបាន។ យើងអាចសួរគ្រូពេទ្យអំពីវិធីត្រឹមត្រូវនៃការបូមទឹកដោះ និងការថែរក្សាទឹកដោះ ដើម្បីកុំឲ្យមានការឈឺចាប់បន្ថែមនៅលើក្បាលដោះ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ ប្រសិនបើម៉ាក់ៗសម្គាល់ឃើញថាមានការរលាក ឡើងពកបែក មានខ្ទុះ និងក្តៅខ្លួននោះវាគឺជាសញ្ញានៃការឆ្លងមេរោគ ដូច្នេះត្រូវទៅជួបគ្រូពេទ្យ ឲ្យបានឆាប់ដើម្បីការពារពីការចម្លងរោគដូចជាជំងឺរលាកសុដន។
[embed-health-tool-ovulation]