គ្នាយើងមួយចំនួនទំនងជាបានដឹងពីអាហារបួសហើយ និងទំនងជាបានឮដែរថាអាហារនេះអាចធ្វើឲ្យយើងមានសុខភាពល្អ ឬស្រកទម្ងន់បានទៀតផង។ តើពិតទេ?
១. អាហារបួសសុទ្ធតែធ្វើឲ្យមានសុខភាពល្អ
ក្នុងការសិក្សាថ្មីៗ ជាច្រើនតែងតែបង្ហាញឲ្យឃើញថា ការញ៉ាំសាច់ក្រហមច្រើន អាចនឹងធ្វើឲ្យសុខភាពយើងមិនល្អ ដែលអាចនាំឲ្យមានបញ្ហាសុខភាពមួយចំនួនដូចជា មហារីកពោះវៀនធំ ឡើងទម្ងន់ខ្លាំង ជំងឺបេះដូង និងទឹកនោមផ្អែមជាដើម។ ដោយសារតែហេតុនេះ ទើបមានការលើកឡើងថាវាអាចជារឿងល្អចំពោះសុខភាព ប្រសិនបើយើងញ៉ាំអាហារដែលគ្មានសាច់។ ប៉ុន្តែការលើកឡើងនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះថាសាច់ទាំងអស់មិនមែនសុទ្ធតែពណ៌ក្រហម ហើយការញ៉ាំអាហារបួស គឺមិនប្រាកដថាផ្ដល់សុខភាពល្អទាំងអស់នោះដែរ។ ជាឧទាហរណ៍មួយ ប្រសិនបើយើងញ៉ាំតែបន្ទះដំឡូងចៀន នោះយើងនឹងក្លាយជាអ្នកញ៉ាំបួស ប៉ុន្តែវានឹងមិនអាចផ្ដល់ឲ្យយើងនូវថាមពល និងសុខភាពល្អនោះទេ។
២. ការញ៉ាំបួសនឹងធ្វើឲ្យស្រកទម្ងន់
មនុស្សជាច្រើនគឺសុទ្ធតែយល់ថាការញ៉ាំបួសនឹងធ្វើឲ្យយើងស្រកទម្ងន់ ប៉ុន្តែមិនពិតនោះទេ។ ដូចការលើកឡើងខាងលើ មិនមែនគ្រប់អាហារបួសទាំងអស់សុទ្ធតែផ្ដល់សុខភាពល្អនោះទេ ព្រោះថាអាហារបួសមួយចំនួន អាចធ្វើឲ្យយើងញ៉ាំកាឡូរីច្រើនរៀងរាល់ថ្ងៃដោយមិនដឹងខ្លួន។
គន្លឹះដែលយើងអាចស្រកទម្ងន់បាន គឺការបរិភោគអាហារដែលផ្ដល់សុខភាពល្អ និងការហាត់ប្រាណជាទៀងទាត់ ហើយមិនមែនដោយសារការចៀសកុំញ៉ាំផលិតផលពីសត្វនោះទេ។
៣. អាហារបួសសុទ្ធតែមិនផ្ដល់ប្រូតេអ៊ីនគ្រប់គ្រាន់
ការលើកឡើងខាងលើនេះ គឺជាអ្វីដែលមនុស្សភាគច្រើនតែងតែជឿថាពិត ប៉ុន្តែការពិតទៅ គឺវាមិនមែនអ៊ីចឹងនោះទេ។ នៅក្នុងអាហារបួស គឺមានប្រភេទអាហារជាច្រើនដែលអាចផ្ដល់ប្រូតេអ៊ីនបានខ្ពស់ ហើយអ្នកញ៉ាំបួសទាំងអស់គឺមានជម្រើសច្រើនក្នុងការជ្រើសរើសផងដែរ ដែលមានដូចជា ពពួកសណ្ដែក តៅហ៊ូ ស្ពៃពួយឡេង ខាត់ណាខៀវ ដំឡូងជ្វា ស៊ុត និងទឹកដោះគោជាដើម។
៤. មិនអាចបង្កើនសាច់ដុំបាន
ការលើកឡើងនេះ គឺខុសទាំងស្រុង។ ដូចបានរៀបរាប់ខាងលើ សារធាតុដែលសំខាន់ដើម្បីបង្កើនសាច់ដុំ គឺប្រូតេអ៊ីន ដែលយើងអាចរកបានយ៉ាងងាយស្រួលនៅក្នុងបន្លែ ផ្លែឈើ និងធញ្ញជាតិមួយចំនួនដែលរៀបរាប់ខាងលើ ក្រៅពីសាច់សត្វ។
៥. ឃ្លានកាន់តែខ្លាំងបើញ៉ាំតែអាហារបួស
ការលើកឡើងនេះ អាចជាការពិតប្រសិនបើយើងញ៉ាំតែបន្ទះដំឡូងបារាំងចៀន ព្រោះវាផ្ដល់ឲ្យជីវជាតិចំពោះរាងកាយបានតិច ប៉ុន្តែប្រសិនបើយើងញ៉ាំអាហារដែលផ្ដល់ជីវជាតិ គ្រប់គ្រាន់ និងមានតុល្យភាពត្រឹមត្រូវ នោះយើងនឹងមិនមានអាការៈឃ្លាននោះទេ។
បើយើងញ៉ាំតែបន្លែសុទ្ធ នោះគឺមិនមែនជាអាហារដែលល្អនោះទេ យើងគួរបន្ថែមអាហារដែលផ្ដល់ជាតិខ្លាញ់ និងប្រូតេអ៊ីនផងដែរ។ យើងគួរតែញ៉ាំអាហារ ៣ពេលធម្មតា ហើយបើនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ យើងគួរពិភាក្សាជាមួយអ្នកជំនាញខាងចំណីអាហារដើម្បី អាចប្រាកដថាយើងទទួលបានផែនការអាហារដែលមានតុល្យភាព។
[embed-health-tool-bmr]