ពេលយើងគិតដល់រឿងស្រកគីឡូ អ្នកខ្លះទំនងជាបន្ថយការញ៉ាំអាហារ ដោយគិតថាអាចសម្រកគីឡូបាន តែការបន្ថយបរិមាណអាហារអាចធ្វើឲ្យយើងឃ្លាននៅមិនសុខក៏ថាបាន។ បើអ៊ីចឹងតើយើងអាចដោះស្រាយម៉េចវិញ?
ខាងក្រោមនេះជាវិធីបីយ៉ាង ដែលគ្នាយើងចង់ស្រកឡីឡូអាចសាកល្បងបាន។
១. កាត់បន្ថយការញ៉ាំផ្អែម
វិធីល្អបំផុតមួយក្នុងការសម្រកទម្ងន់គឺកាត់បន្ថយការញ៉ាំអាហារមានជាតិស្ករ ឬកាបូអ៊ីដ្រាត ហើយអាចងាកមកញ៉ាំគ្រាប់ធញ្ញជាតិជំនួសវិញ។ នៅពេលយើងកាត់បន្ថយការញ៉ាំអាហារមានជាតិស្ករច្រើន នោះរាងកាយយើងនឹងដុតបំផ្លាញខ្លាញ់ក្នុងខ្លួនធ្វើជាថាមពលជំនួសវិញ។
ការសិក្សាមួយក្នុងឆ្នាំ២០២០ បានបញ្ជាក់ថាការញ៉ាំអាហារមានជាតិស្ករ ឬកាបូអ៊ីដ្រាតទាប ជួយឲ្យមនុស្សយើងស្រកគីឡូបាន។ ការសិក្សាបញ្ជាក់ទៀតថា របបអាហារមានជាតិស្ករទាបអាចកាត់បន្ថយចំណង់អាហារ ដែលធ្វើឲ្យយើងទទួលបានកាឡូរីតិចចូលក្នុងខ្លួន ឬមិនសូវមានអារម្មណ៍ចង់ញ៉ាំអាហារផ្ដេសផ្ដាស។
២. ញ៉ាំបន្លែ និងប្រូតេអ៊ីន
ដើម្បីឲ្យយើងអាចស្រកគីឡូបាន ព្រមជាមួយនឹងរាងកាយនៅមានសុខភាពល្អ កុំរំលងឡើយអាហារសម្បូរដោយប្រូតេអ៊ីន និងបន្លែបៃតង ក៏ដូចជាគ្រាប់ធញ្ញជាតិ។
អាហារសម្បូរប្រូតេអ៊ីនមានដូចជាស៊ុត សាច់គោ សាច់មាត់ សាច់ជ្រូក ត្រី និងគ្រឿងសមុទ្រ។ អាហារសម្បូរប្រូតេអ៊ីនទាំងនេះជួយរក្សាសុខភាព និងម៉ាសសាច់ដុំ ព្រមជាមួយនឹងជួយឲ្យស្រកគីឡូ។
ដូចគ្នាដែរ ពពួកបន្លែដូចជាខាត់ណាខៀវ ស្ពៃពួយឡេង ប៉េងប៉ោះ ស្ពៃក្ដោប និងផ្កាខាត់ណា ជាដើម សុទ្ធតែជាអាហារល្អចំពោះសុខភាព ដោយមានជាតិស្ករ និងកាឡូរីទាប ហើយសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលយើងអាចញ៉ាំបានច្រើន មិនបារម្ភពីការកើនឡើងកាឡូរី ឬជាតិស្ករនោះដែរ។
៣. ហាត់ប្រាណ
ការហាត់ប្រាណជាវិធីមួយល្អបំផុតក្នុងការសម្រកទម្ងន់។ ការហាត់ប្រាណដោយលើកទម្ងន់ជួយឲ្យយើងស្រកទម្ងន់បានលឿន ដោយជួយដុតកាឡូរី និងពង្រឹងការធ្វើមេតាប៉ូលិស។ ការទៅហាត់ប្រាណ បែបលើកទម្ងន់បានបី ទៅបួនដងក្នុងមួយសប្ដាហ៍ ជាការណ៍ល្អសម្រាប់អ្នកចង់សម្រកទម្ងន់។
យ៉ាងណា បើគ្នាយើងមិនអាចហាត់ប្រាណបែបលើកទម្ងន់នេះបាន យើងអាចហាត់ប្រាណ ដោយដើរ រត់ត្រឹកៗ ជិះកង់ ឬហែលទឹកក៏បាន។ ការហាត់ប្រាណតាមវិធីទាំងនេះ សុទ្ធតែមានប្រយោជន៍ដល់ផែនការសម្រកទម្ងន់ និងសុខភាពទូទៅ។
[embed-health-tool-bmr]