អាការៈក្រោយស្រវឹងគឺបង្កឡើងដោយការផឹកគ្រឿងស្រវឹងច្រើនដែលធ្វើឲ្យយើងមានអាការៈមួយចំនួនដូចជាអស់កម្លាំង ឈឺក្បាល ចង្អោរ រាករូស បាត់បង់ជាតិទឹក និងកម្រិតជាតិស្ករក្នុងឈាមទាបជាដើម។ អាការៈទាំងនេះអាចធ្វើឲ្យអ្នកផឹកគ្រឿងស្រវឹងពិបាកក្នុងខ្លួន ដែលអ្នកខ្លះអាចនឹងប្រើថ្នាំពេទ្យពពួកថ្នាំ បំបាត់ការឈឺចាប់ដូចជា ថ្នាំ Ibuprofen ឬ ថ្នាំ Naproxen ប៉ុន្តែមានវិធីមួយចំនួនដែលយើងអាចសាកល្បងដើម្បីបន្ធូរអាការៈទាំងនេះបាន។
១. ញ៉ាំអាហារពេលព្រឹក
នៅពេលរាងកាយបំបែកគ្រឿងស្រវឹង កម្រិតអាស៊ីតឡាក់តិច (lactic acid) កើនឡើងដែលនេះបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ និងជាចំណែកមួយដែលបង្កឲ្យមានអាការៈក្រោយស្រវឹង។ ការញ៉ាំអាហារពេលព្រឹកអាចជួយឲ្យកម្រិតជាតិស្ករក្នុងឈាមវិលមកកម្រិតធម្មតាវិញ និងបន្ធូរបន្ថយអាការៈមួយចំនួនបង្កដោយអាការៈក្រោយស្រវឹង។ រាងកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិខ្លាញ់ល្អ និងវីតាមីន ដើម្បីជួសជុល និងធ្វើឲ្យជាសះស្បើយ។
២. ញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម
ការផឹកគ្រឿងស្រវឹងអាចបង្កអាការៈ oxidative stress ដែលបណ្ដាលឲ្យរាងកាយផលិតពពួករ៉ាឌីកាល់សេរី។ ការសិក្សាបានផ្សារភ្ជាប់អាការៈ oxidative stress ទៅនឹងបញ្ហាសុខភាពផ្សេងៗរួមមានជំងឺបេះដូង និងជំងឺមហារីក។ ប៉ុន្តែសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់ពពួករ៉ាឌីកាល់សេរីបាន។ អាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មមានពពួកផ្លែបឺរី ផ្លែឈើរី ផ្លែទំពាំងបាយជូរ ផ្លែទទឹម ការ៉ុត ស្ពៃពួយឡេង ខ្ញី សូកូឡាពណ៌ខ្មៅ គ្រាប់ធញ្ញជាតិ តែបៃតង និងតែខ្មៅ។
៣. ផឹកទឹក
គ្រឿងស្រវឹងអាចធ្វើឲ្យយើងបាត់បង់ជាតិទឹកដោយបង្កើនបរិមាណទឹកនោមដែលតម្រងនោមផលិត។ យើងក៏អាចបាត់បង់ជាតិទឹកតាមរយៈការបែកញើស ក្អួត ឬរាករូសដែរ។ ម៉្យាងទៀត ការបាត់បង់ជាតិទឹកអាចបង្កឲ្យមានអាការៈស្ងួតមាត់ និងឈឺក្បាល។ ការផឹកទឹកអាចជួយសម្រាលដល់អាការៈក្រោយស្រវឹងបាន។ យើងអាចផឹកទឹកមុនចូលគេងក្រោយពីផឹកគ្រឿងស្រវឹង និងផឹកទឹកក្រោយពេលភ្ញាក់ពីគេង។ យើងក៏អាចផឹកភេសជ្ជៈកីឡាដើម្បីបំពេញជាតិសូដ្យូម ប៉ូតាស្យូម និងអេឡិចត្រូលីតដែលយើងបាត់បង់ដោយសារក្អួត ឬរាករូស។
៤. ផឹកទឹកផ្លែឈើស្រស់ ឬទឹកខ្ញី
ភេសជ្ជៈផ្សេងទៀតដែលល្អសម្រាប់សម្រាលអាការៈ ក្រោយស្រវឹងគឺទឹកផ្លែឈើស្រស់ ឬទឹកខ្ញី។ ទឹកផ្លែឈើស្រស់មាន fructose ដែលជាស្ករផ្តល់ថាមពល និងជួយមុខងាររបស់ថ្លើម។ ទឹកប៉េងប៉ោះ ទឹកក្រូចស្រស់ និងទឹកដូងគឺជាជម្រើសល្អ។ ចំណែកឯទឹកខ្ញីវិញអាចបំបាត់អាការៈចង្អោរ ឬក្អួតបង្កដោយអាការៈក្រោយស្រវឹង។
៥. គេងឲ្យបានច្រើន
ដើម្បីបន្ធូរអាការៈក្រោយស្រវឹង ការសម្រាកគឺជាវិធីដ៏ល្អ។ គ្រឿងស្រវឹងអាចរំខានដល់ដំណេកដែលអាចធ្វើឲ្យអាការៈក្រោយស្រវឹងកាន់តែអាក្រក់ជាងមុន។ ដូចនេះការគេងឲ្យបានច្រើនអាចជួយសម្រាលអាការៈក្រោយស្រវឹងបាន។
[embed-health-tool-bmr]