អត្ថបទសុខភាពភាគច្រើន សុទ្ធតែប្រាប់គ្នាយើងថាញ៉ាំសាច់ក្រហមច្រើនមិនល្អទេ ប៉ះពាល់នេះ ប៉ះពាល់នោះ ប៉ុន្តែ “Hello គ្រូពេទ្យ” ចង់ប្រាប់ឲ្យគ្នាយើងដឹងដែរថា បើមិនញ៉ាំសាច់ក្រហមក៏ប៉ះពាល់ដូចគ្នា។ ហេតុនេះទើបក្នុងអត្ថបទមួយនេះ នឹងអនុញ្ញាតឲ្យគ្នាយើងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិឲ្យបានច្បាស់ មុនសម្រេចចិត្តញ៉ាំ ឬមិនញ៉ាំ។
១- អ្វីជាសាច់ក្រហម
សាច់ក្រហម ជាទូទៅសំដៅទៅលើសាច់ដែលបានពីពពួកថនិកសត្វចិញ្ចឹមក្នុងកសិកដ្ឋាន ឬចិញ្ចឹមលក្ខណៈគ្រួសារ ដោយក្នុងនោះរាប់បញ្ចូល៖
– សាច់ជ្រូក
– សាច់ចៀម
– សាច់គោ។ល។
សាច់ក្រហម គឺជាអាហារមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សទូទៅ មិនថានៅស្រុកខ្មែរ ឬបរទេសនោះឡើយ ដែលត្រូវចាត់ទុកជារបបអាហារ ប៉ាលេអូ (Paleo Diet) ដែលលាយគ្រប់រសជាតិ មានសាច់ ត្រី បន្លែ និងស៊ុត ហើយវាក៏ត្រូវចាត់ទុកជារបបអាហារត្រឹមត្រូវមួយបន្សល់ទុកតាំងពីបុព្វបុរសយើងមកម៉្លេះ។
បុព្វបុរសគ្រប់ជំនាន់ ដែលបង្កើតរបបអាហារប៉ាលេអូ (Paleo Diet) គឺភាគច្រើន មិនញ៉ាំអាហារកែច្នៃនោះឡើយ គឺត្រូវស្វែងរក ឬប្រមាញ់ពពួកសាច់ក្រហមបានពីធម្មជាតិ។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តញ៉ាំអាហារខាងក្រៅ ឬ Street food គួរដឹងពីផលលំបាកទាំងនេះ!
- ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ
- ដឹងហេតុផលនេះ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ
- ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយអំបិលពីរបបអាហារ
- ពេលឈឺ គួរជ្រើសរើសរបបអាហារបែបណាទើបល្អ អាចជាសះស្បើយបានលឿន?
២- ការណែនាំញ៉ាំសាច់ក្រហមត្រឹមត្រូវ
ក្រសួងសុខាភិបាលអាមេរិក បានណែនាំឲ្យគ្រប់គ្នាញ៉ាំសាច់ក្រហមប្រមាណត្រឹម ៩០ ក្រាម ឬតិចជាងនេះ រៀងរាល់ថ្ងៃ។ ក្នុងចំនួនត្រឹមមួយចំណិតស្តើងនៃសាច់ជ្រូក ចៀម ឬសាច់គោ ដែលគេដាក់ក្នុងនំបុ័ង គឺស្មើ ៣០ ក្រាម។
៣- គុណប្រយោជន៍សុខភាពពីសាច់ក្រហម
សាច់ក្រហម គឺសម្បូរទៅដោយប្រូតេអ៊ីន ខ្លាញ់ឆ្អែត ជាតិដែក ស័ង្កសី និងពពួកវីតាមីន B ដោយជាតិដែក គឺជាសារធាតុចាំបាច់បំផុតសម្រាប់គ្រាប់ឈាមក្រហមដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់សរីរាង្គក្នុងរាងកាយ។ បញ្ហាកង្វះជាតិដែក ឧស្សាហ៍កើតមានចំពោះក្មេង មនុស្សចាស់ និងស្រីៗពពោះ។
យ៉ាងណា ជាតិដែកក៏មាននៅក្នុងពពួកបន្លែបៃតងចាស់ គ្រាប់សណ្តែក និងធញ្ញជាតិផ្សេងទៀត ប៉ុន្តែជាតិស័ង្កសីក្នុងសាច់ក្រហម ពិតជាចាំបាច់សម្រាប់រាងកាយ ដើម្បីធ្វើការសំយោគ DNA និងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។
ក្រៅពីសម្បូរក្នុងសាច់ក្រហម ស័ង្កសី ក៏សម្បូរនៅក្នុងសាច់ត្រី ធញ្ញជាតិ ស៊ុត និងសណ្តែកដូចគ្នា ប៉ុន្តែប្រភពស័ង្កសីល្អបំផុតសម្រាប់រាងកាយ គឺជាតិស័ង្កសី ដែលទទួលបានពីសាច់ក្រហម និងត្រីតែម្តង។
ក្រៅពីជាតិដែក និងស័ង្កសី វីតាមីន B ក៏ត្រូវបានរកឃើញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសាច់ក្រហមផងដែរ ជាពិសេសគឺវីតាមីន B6 និង B12 ខណៈវីតាមីន B6 មានប្រយោជន៍ខ្លាំងចំពោះមុខងារប្រព័ន្ធភាពស៊ាំ ហើយ B12 ល្អខ្លាំងសម្រាប់មុខងារប្រព័ន្ធសរសៃប្រសាទ។ ចំពោះគ្នាយើងដែលញ៉ាំថ្នាំទឹកនោមផ្អែម ថ្នាំ Metformin គឺប្រឈមហានិភ័យខ្ពស់ធ្លាក់ចុះកម្រិតវីតាមីន B12 ក្នុងរាងកាយ។
៤- គ្រោះថ្នាក់ពីសាច់ក្រហម
ដូចអត្ថបទជាច្រើនធ្លាប់លើកឡើង ញ៉ាំសាច់ក្រហម គឺមានទំនាក់ទំនងកើនហានិភ័យជំងឺបេះដូង មហារីកពោះវៀនធំ និងទឹកនោមផ្អែមប្រភេទ ២។ នៅមានបញ្ហាសុខភាពជាច្រើនទៀត សុទ្ធត្រូវគេរកឃើញមានទំនាក់ទំនងជាមួយសាច់ក្រហមដូចគ្នា។
ទោះជាយ៉ាង ការសិក្សាជាច្រើន សុទ្ធតែរកឃើញថា សាច់ក្រហមដែលបង្កហានិភ័យខ្ពស់ គឺជាប្រភេទសាច់កែច្នៃ មានដូចជា សាច់ចម្អិនស្រាប់ មានលាយសារធាតុរក្សាគុណភាព និងពណ៌ រួមទាំងគ្រឿងផ្សំឲ្យមានរសជាតិឆ្ងាញ់មួយចំនួនទៀត ក្នុងនោះមានដូចជា៖
– Hotdog
– សាច់ក្រក
– សាច់បឺហ្គឺរ
– សាច់គោកិន (កំប៉ុង)
– សាច់ក្រក
– សាច់ងៀតកញ្ចប់។
ភាគច្រើននៃពពួកសាច់ជ្រូកកែច្នៃ (hams) មានលក់ក្នុងផ្សារទំនើម សុទ្ធតែមានដាក់សារធាតុរក្សាគុណភាព ដូចជាសារធាតុនីទ្រីតជាដើម ពិសេសពពួកសាច់កិនស្រាប់។
៥- អនាម័យក្នុងការញ៉ាំសាច់ក្រហម
សាច់ក្រហម អាចមានផ្ទុកបាក់តេរីជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ ហើយអ្វីសំខាន់បំផុត គឺកត្តាស្កុតទុក និងកត្តាចម្អិនសាច់ទាំងនោះ។ លាងដៃយើងឲ្យបានស្អាតមុនចាប់ផ្តើមហាន់សាច់ និងសម្អាតសម្ភារៈបន្ទាប់ពីប្រើប្រាស់ជាមួយសាច់រួច។
សាច់ក្រហមជារឿយៗ ត្រូវចាត់ជាអាហារមួយប្រភេទដែលអាចនាំឲ្យពុលអាហារ ដូច្នេះត្រូវចាំថា នៅពេលចម្អិន ត្រូវប្រាកដថាបាក់តេរីមានក្នុងសាច់ទាំងនោះបានសម្លាប់ត្រឹមត្រូវ។
[embed-health-tool-bmr]