នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងម្នាក់សុទ្ធតែបានប្រើគ្រឿងទេសជាច្រើនមុខ ដើម្បីផ្សំរសជាតិអាហារឲ្យឈ្ងុយឆ្ងាញ់។ ក្នុងចំណោមគ្រឿងទេសទាំងអស់ ប៊ីចេង ឬម្សៅស៊ុបត្រូវបានប្រើប្រាស់ច្រើន ហើយអ្នកខ្លះនិយាយថា ប៊ីចេងនេះពេលញ៉ាំច្រើនមិនល្អចំពោះសុខភាពទេ។ ដូចនេះតើគួរប្រើប៉ុនណាទៅ ទើបមិនគ្រោះថ្នាក់ដល់សុខភាព?
លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានណែនាំថា ប៊ីចេង ឬម្សៅស៊ុប (Monosodium Glutamate) ជាគ្រឿងបន្ថែមរសជាតិលេខមួយ ដែលធ្វើឲ្យអណ្ដាតយើងដឹងរសជាតិឆ្ងាញ់ ដោយវាមានលេខសម្គាល់ក្នុងឧស្សាហកម្មគីមីចំណីអាហារ E261។ នៅក្នុងខ្លួនមនុស្សមានជាតិ Glutamate ពីធម្មជាតិប្រមាណ ១០ ក្រាម៖
– សាច់ដុំ ៦ ក្រាម
– ខួរក្បាល ២,៣ ក្រាម
– ថ្លើម ០,៧ ក្រាម
– តម្រងនោម ០,៧ ក្រាម និងក្នុងឈាម ០,០៤ ក្រាម
ដូចនេះការប្រើប៊ីចេង ជួយបង្កើនរសជាតិចំណីអាហារគួរតែមានក្នុងកម្រិតមួយទាបបំផុត ដើម្បីសុខភាពអ្នកបរិភោគ ធ្វើយ៉ាងណាកុំឲ្យលើសពី ២ ក្រាម (មួយស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃ។ ចំណែកឯអំបិលវិញ កុំឲ្យលើសពី ៥ ក្រាមក្នុងមួយថ្ងៃ ព្រោះសារជាតិទាំងពីរនេះ អាចធ្វើឲ្យសរសៃរឈាមក្រិន ដែលគ្រោះថ្នាក់បំផុតដូចជា៖
– មានជំងឺលើសសម្ពាធឈាម
– ជំងឺបេះដូងនិងសរសៃឈាម
– គ្រោះថ្នាក់សរសៃឈាមខួរក្បាល។
វេជ្ជបណ្ឌិតរូបនោះបញ្ជាក់ថា ការបរិភោគអាហាររបស់យើងប្រចាំថ្ងៃនេះ បានប្រើប្រាស់គ្រឿងទេសទាំងនោះច្រើនលើសលុបហើយ ជាពិសេសអ្នកដែលញ៉ាំអាហារខាងក្រៅផ្ទះ លើសកម្រិតស្តង់ដារបាត់ទៅហើយ។
[embed-health-tool-bmr]