អាហារដែលឈ្ងុយឆ្ងាញ់ត្រូវផ្សំឡើងពីគ្រឿងច្រើនមុខ បូករួមជាមួយបន្លែសាច់។ តែចំពោះការប្រើប្រាស់គ្រឿងផ្សំដូចជាអំបិល ស្ករ ប៊ីចេង ច្រើន ក៏មិនល្អចំពោះសុខភាពដែរ ពិសេសអ្នកដែលមានស្ថានភាពសុខភាពមិនល្អស្រាប់។
ក្នុងនោះវេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានផ្ដល់ដំបូន្មានថា គ្រឿងផ្សំ ៣ មុខនេះពិតជាមានសារៈសំខាន់ណាស់ក្នុងផ្ទះបាយ តែការបង់គ្រឿងមិនបានគិតពីសុខភាព អាចនាំគ្រោះថ្នាក់ទៅវិញ។ ជាធម្មតារសជាតិម្ហូបខ្មែរយើងអាចប្រើអំបិលច្រើនជាង គ្រឿង ២ មុខទៀត ហើយនេះអាចថាជាគ្រឿងផ្សំផ្ដល់ផលប៉ះពាល់ជាងគេដែរ។ កាលណាអាហារប្រៃអាចបណ្ដាលឲ្យកើតមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ទោះជាមិនឈឺ តែបើញ៉ាំប្រៃជ្រុលក៏ចេញរោគសញ្ញា ឈឺក្បាល នោមញឹក ស្ងួតមាត់ចេះតែស្រេកទឹក បាត់បង់សមត្ថភាពខួរក្បាល។
វេជ្ជបណ្ឌិតផ្នែកទូទៅបានបន្ថែមទៀតថា ពីមុនមិនសូវមានអាហារកំប៉ុងច្រើន ទោះជាប្រើអំបិលច្រើនបន្តិច ក៏មិនសូវជាប៉ះពាល់ដែរ ប៉ុន្តែបច្ចុប្បន្នអាហារកំប៉ុង គឺមានជាតិប្រៃ ដើម្បីរក្សាទុកបានយូរ ហើយបើថែមគ្រឿងផ្សំទៀតអាហារកាន់តែប្រៃទ្វេ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ អាចមានរបបជាតិប្រៃ មិនគួរលើសពី ២.៣០០ មិល្លីក្រាម ឬត្រឹមតែ ១.៥០០ មិល្លីក្រាម ប៉ុណ្ណោះសម្រាប់១ថ្ងៃ។
ចំណែកស្ករវិញក្នុងម្ហូបមិនសូវជានិយមឡើយ ហើយបើប៉ះពាល់ក៏ចំពោះតែអ្នកទឹកនោមផ្អែម និងកំពុងលើសជាតិស្ករតែប៉ុណ្ណោះ ដូចនេះបើគ្រួសារណាមានជំងឺណា គ្រាន់តែកាត់បន្ថយបានហើយ ទើបមិននាំបញ្ហា។
ចំណែកប៊ីចេងវិញ ក៏មិនមានផលប៉ះពាល់ចំពោះសុខភាពដែរ ហើយមានការលើកឡើងថា ប៊ីចេងនាំឲ្យពុកឆ្អឹង ឈឺក្បាល វិលមុខ ក្អួត ចង្អោរ ក៏មិនមែនជាការពិតដែរ ពោលវាគ្រាន់តែជាគ្រឿងបន្ថែមរសជាតិធម្មតាប៉ុណ្ណោះ។ តែបើដាក់ច្រើនក្នុងអាហារ គ្រាន់តែមានរសជាតិភ្លាវញ៉ាំមិនកើតតែប៉ុណ្ណោះ។ បើគិតថាខ្លួនឯងប្រតិកម្មដូចជា ឈឺក្បាល បែកញើស វិលមុខ ស្ពឹកដៃជើង ឬកន្លែងផ្សេង ឈឺទ្រូង ក្អួត ចង្អោរ គួរចៀសវាងអាហារមានជាតិប៊ីចេងទៅ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតខាងលើបានបញ្ជាក់ថា ដើម្បីទទួលបានសុខភាពល្អ គួរតែប្រើគ្រឿងទេស ឬគ្រឿងផ្សំផ្សេងៗនៅក្នុងកម្រិតតិចបំផុត។
[embed-health-tool-bmr]