ផឹកកាហ្វេកំពុងក្លាយជាទម្លាប់របស់អ្នកធ្វើការ និងនិស្សិត ប៉ុន្តែសួរថា ផឹកប៉ុនណាទើបល្អ ហើយប៉ុនណាទើបគ្រោះថ្នាក់ដល់សុខភាព ខណៈដែលកាហ្វេសម្បូរដោយជាតិកាហ្វេអ៊ីន។
១- គួរផឹកជាតិកាហ្វេអ៊ីនប៉ុន្មានទើបសមល្មម?
កម្រិតស្តង់ដារសមស្របបំផុតចំពោះសុខភាពមនុស្សពេញវ័យ គឺខ្ពស់បំផុតត្រឹម ៤០០ មិល្លីក្រាមប៉ុណ្ណោះ អាចប្រមាណកាហ្វេ ៤ កូនពែង កូកាកូឡា ១០ កំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំង ២ កំប៉ុង។
បរិមាណកាហ្វេអ៊ីនក្នុងភេសជ្ជៈ មិនស្មើគ្នាទេ ដើម្បីដឹងច្បាស់ពីកម្រិតផឹក ត្រូវពិនិត្យនៅលើកំប៉ុងត្រង់តារាងធាតុផ្សំ។ ចាំថា បើមានរោគសញ្ញាឈឺក្បាលប្រកំាង គេងមិនលក់ ថប់បារម្ភ មួម៉ៅឆាប់ខឹង ឡេះឡះ ចង់ក្អួត បញ្ហានោម បេះដូងលោតញាប់ជាងធម្មតា ឬចង់រមួលសាច់ដុំ (ក្រពើ) ជាដើម ត្រូវកាត់បន្ថយការញ៉ាំកាហ្វេអ៊ីនភ្លាម។
- បម្រាម៖ មិនគួរយកកាហ្វេអ៊ីនទៅលាយជាមួយ ស្រា ឬភេសជ្ជៈមានជាតិអាល់កុលនោះឡើយ។
២- នរណាខ្លះមិនគួរញ៉ាំជាតិកាហ្វេអ៊ីន?
– ក្មេង៖ ដោយសាររាងកាយ និងប្រព័ន្ធភាពស៊ាំក្មេងៗនៅខ្ចីមិនអាចទប់ទល់នឹងឥទ្ធិពលជាតិកាហ្វេអ៊ីន ដែលផលិតឡើងសម្រាប់មនុស្សពេញវ័យបានទេ។
– មានបញ្ហាការគេង៖ កាហ្វេអ៊ីនជាសាធាតុប្រឆាំងការគេង ធ្វើឲ្យគេងមិនលក់។ បើយើងកំពុងតែរឿងពិបាកគេងហើយ នៅឆ្លៀតផឹកកាហ្វេ ឬញ៉ាំជាតិកាហ្វេអ៊ីនទៀត ត្រូវចាត់ទុកទម្លាប់អាក្រក់បំផុត ដូចជាកំពុងធ្វើបាបខ្លួនឯងអ៊ីចឹង។
– កំពុងប្រើថ្នាំ៖ ថ្នាំពេទ្យ និងថ្នាំរុក្ខជាតិមួយចំនួន អាចមានប្រតិកម្មនឹងជាតិកាហ្វេអ៊ីន ដូចជាថ្នាំ Ephedrine (ថ្នាំការពារកុំឲ្យសម្ពាធឈាមធ្លាក់ចុះ) នឹងធ្វើឲ្យយើងប្រកាច់ ឬបញ្ហាសរសៃឈាមបេះដូង។ ថ្នាំ Theophylline (ថ្នាំហឺត) នឹងធ្វើឲ្យជាតិកាហ្វេអ៊ីន ប្ដូរទៅជាឥទ្ធិពលប៉ះពាល់រាងកាយ បង្កឲ្យមានអាការៈ ដូចជា ក្អួតចង្អោរ ឬញ័រទ្រូងជាដើម។ ឯពពួកឱសថរុក្ខ Echinacea បណ្ដាលឲ្យកើនឡើងកំហាប់កាហ្វេអ៊ីន ក្នុងឈាម។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យភ្នែកភ្លឺច្បាស់ល្អ សាកល្បងញ៉ាំកំពូលអាហារទាំងនេះ
- ទឹករ៉ែ ខុសពីទឹកធម្មតាម៉េចខ្លះ? ម៉េចបានអ្នកមានផឹកជាប្រចាំ?
៣- គួរគ្រប់គ្រងបញ្ហាញៀនជាតិកាហ្វេអ៊ីនដោយវិធីណា?
ឲ្យតែមានពាក្យ “ញៀន” មួយម៉ាត់ អមមកជាមួយ ចង់កាត់បន្ថយប្រហែលជាមិនសូវស្រួលប៉ុន្មានទេ។ ដោយសារតែ កាហ្វេអ៊ីន ជួយរាងកាយយើងច្រើន ដូច្នេះបើយើងធ្លាប់តែញ៉ាំរាល់ថ្ងៃ ហើយកាត់បន្ថយ ឬផ្អាកតែម្ដង វានឹងចេញជារោគសញ្ញា ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ឆាប់មួម៉ៅ ហើយការផ្ចង់អារម្មណ៍ក៏ធ្លាក់ចុះដូចគ្នា។ យ៉ាងណាក៏ដោយ បញ្ហានេះមិនធ្ងន់ធ្ងរទេ អ្វីៗនឹងវិលមកភាពប្រសើរវិញនៅ ២-៣ ថ្ងៃបន្ទាប់។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងជាតិកាហ្វេអ៊ីន៖
– ដឹងចំនួន៖ ដូចបញ្ជាក់ខាងលើ បើអត់ចាប់អារម្មណ៍ពីបរិមាណកាហ្វេអ៊ីនញ៉ាំរាល់ដង ថាមានកម្រិតប៉ុន្មានទេ ត្រូវមើលលើតារាងធាតុផ្សំលើកំប៉ុង ហើយបូកខ្លួនឯង ធ្វើម៉េចកុំឲ្យលើស ៤០០ មិល្លីក្រាម/ថ្ងៃ។
– បន្ថយទម្លាប់ផឹក៖ ត្រូវតាំងចិត្តខ្លួនឯង បន្ថយម្ដងបន្ដិចៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតស្ថិតត្រឹមកម្រិតមួយលែងធ្វើទុក្ខក្នុងខ្លួន។
– កុំប្រើថ្នាំលាយ៖ ថ្នាំបំបាត់ការឈឺចាប់ មិនគួរប្រើលាយជាមួយជាតិកាហ្វេអ៊ីនទេ។
– ជម្រើសផ្សេង៖ ត្រៀមទទួលរសជាតិប្លែកបន្តិច ប្តូរពីតែ កាហ្វេ មិនជាតែឱសថរុក្ខជាតិគ្មានជាតិកាហ្វេអ៊ីនវិញ។
[embed-health-tool-bmr]