គ្នាយើងភាគច្រើន ប្រហែលជាគិតថា ផ្លែឈើស្រស់ ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពដូចគ្នា មិនថា ញ៉ាំ ឬធ្វើជាទឹកក្រឡុក ផឹកនោះទេ។ តែអ្នកជំនាញផ្នែកអាហារូបត្ថម្ភរបស់សិង្ហបុរី បញ្ជាក់ថា ការញ៉ាំផ្លែឈើស្រស់ ល្អជាងការផឹកទឹកផ្លែឈើស្រស់។
លោកស្រីវេជ្ជបណ្ឌិត Kalpana Bhaskaran ប្រធានមជ្ឈមណ្ឌលសេវាកម្មអាហារូបត្ថម្ភ នៅក្នុងប្រទេសសិង្ហបុរី បញ្ជាក់ថា ការធ្វើ ឬក្រឡុកទឹកផ្លែឈើស្រស់ បានបាត់បង់ជាតិសរសៃ (Fibres) រួមជាមួយវីតាមីន និងរ៉ែមួយចំនួន នៅក្នុងផ្លែឈើ។ ជាងនេះទៅទៀត ប្រភេទទឹកផ្លែឈើស្រស់ខ្លះ ត្រូវការផ្លែឈើលើសពី ១មុខ ដែលធ្វើឲ្យបរិមាណជាតិស្ករក្នុងទឹកផ្លែឈើកើនឡើង បើធៀបនឹងការញ៉ាំផ្លែឈើ ១ផ្លែ។
លោកស្រីវេជ្ជបណ្ឌិត Kalpana Bhaskaran ដែលជាអនុប្រធានផ្នែកជំងឺទឹកនោមផ្អែម របស់សិង្ហបុរីផងដែរនោះ បានណែនាំឲ្យសាធារណជន ប្រយ័ត្ន និងគិតគូរពីបរិមាណកាបូអ៊ីដ្រាត (Carbohydrate) និងជាតិស្ករ ដែលគួរបរិភោគ។ លោកស្រីថា “យើងមិនគួរភ្លេចថា ទឹកផ្លែឈើស្រស់ ជាប្រភពសំខាន់មួយនៃជាតិស្ករ។ សាធារណជន យកល្អ គួរញ៉ាំផ្លែឈើ“។ វិធីនេះ មនុស្សមិនបាត់បង់ជាតិសរសៃ ហើយអាចគ្រប់គ្រងកាឡូរី និងអាចមានអារម្មណ៍ឆ្អែត តាមរយៈការទំពារផ្លែឈើ។
លោកស្រី បន្ថែមថា ផ្លែប៉ោម ១ផ្លែ ទម្ងន់ ១៣០ក្រាម បើញ៉ាំ វាមានកាបូអ៊ីដ្រាត ១៥ក្រាម ដោយភាគច្រើន ជាជាតិស្ករធម្មជាតិ ដូចជា ហ្វ្រាក់តូស (Fructose) សាក់ក្រូស (Sucrose) និងគ្លុយកូស។ តែបើផឹកវិញ វាមានជាតិស្ករ ៤០ក្រាម ក្នុងទឹកផ្លែឈើស្រស់ ៣០០មីល្លីលីត្រ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាលើកកម្ពស់សុខភាព (HPB) របស់សិង្ហបុរី ក៏បានបញ្ជាក់ដែរថា ជាសរសៃ (Fibres) ជួយបន្ថយការស្រូបជាតិស្ករ ទៅក្នុងសរសៃឈាម។ បើគ្មានជាសរសៃទេ បរិមាណជាតិស្ករជាច្រើន នឹងចេញពីទឹកផ្លែឈើស្រស់ ចូលទៅក្នុងសរសៃឈាមភ្លាមៗ និងបណ្ដាលឲ្យឡើងជាតិស្ករ ស្រដៀងគ្នាទៅនឹងការផឹកភេសជ្ជៈផ្អែមខ្លាំងដែរ ដែលយូរទៅបង្កឲ្យលើសទម្ងន់ និងកើតជំងឺទឹកនោមផ្អែម។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំស្ករច្រើន មិនត្រឹមតែទឹកនោមផ្អែមទេ ឆ្អឹងក៏ឆាប់ពុកដែរ
ក្រុមប្រឹក្សាដដែល បញ្ជាក់ថា មនុស្សជាច្រើនគិតថា ស្ករចេញពីធម្មជាតិ ល្អសម្រាប់សុខភាពជាងស្ករដែលបន្ថែមទៅលើអាហារ។ ប៉ុន្ដែគ្មានសមាសធាតុគីមីខុសគ្នាឡើយ រវាងប្រភេទស្ករទាំងពីរនេះ ហើយវាមានផលប៉ះពាល់លើកម្រិតស្ករក្នុងឈាមដូចគ្នា នៅពេលយើងបរិភោគ។ មូលហេតុនេះហើយ ទើបក្រុមប្រឹក្សាលើកកម្ពស់សុខភាព ចាត់ទុកការផឹកទឹកផ្លែឈើស្រស់ គ្មានភាពខុសគ្នាឡើយ នឹងការផឹកទឹកផ្លែឈើ ដែលខ្ចប់ទុកមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]