គ្រប់គ្នាបានដឹងហើយថាស៊ុតក៏ជាគ្រឿងផ្សំសម្រាប់អាហារជាច្រើនមុខមិនថារសជាតិប្រៃ ឬផ្អែម ហើយចុះបើយើង ឬកូនយើងញ៉ាំស៊ុតអត់បានដោយសារប្រតិកម្មវិញ គួរធ្វើយ៉ាងម៉េចទៅ?
១– អ្វីទៅជាការប្រតិកម្មជាមួយស៊ុត?
ប្រតិកម្មជាមួយស៊ុត គឺជាការប្រតិកម្មអាហារមួយប្រភេទដែលរាងកាយឆ្លើយតបខ្លាំងពេកនៃប្រព័ន្ធការពារទៅនឹងសមាសធាតុនៅក្នុងអាហារពោលគឺផ្នែកពណ៌លឿងស៊ុត ឬផ្នែកពណ៌ស។ ការប្រតិម្មនេះអាចបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនដែរ។ Anaphylaxis ជាករណីធ្ងន់ធ្ងរដែលត្រូវការសង្គ្រោះបន្ទាន់ និងព្យាបាលដោយអេពីនេហ្វ្រីន។ ជាធម្មតាប្រព័ន្ធការពារប្រឆាំងនឹងពពួកមេរោគ និងបញ្ហាផ្សេងៗ តែពេលនេះវាបែរជាប្រឆាំងទៅប្រូតេអ៊ីននៃស៊ុតដោយប្រើអង់ទីករ ហាក់បីដូចជាអាចមានគ្រោះថ្នាក់ដល់រាងកាយយើងអ៊ីចឹង។ ប្រតិកម្មនេះអាចកើតឡើងយ៉ាងឆាប់រហ័ស ឬរហូតដល់ពីរបីម៉ោងក៏មាន។
២– រោគសញ្ញា
អ្នកដែលមានប្រតិកម្មជាមួយស៊ុតមាន់ ក៏អាចប្រតិកម្មជាមួយស៊ុតផ្សេងៗទៀតផងដែរដូចជា ស៊ុតក្ងាន ស៊ុតទា ស៊ុតក្រួចជាដើម។ ក្រោយពេលញ៉ាំរួច យើងអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
–ប្រតិកម្មលើស្បែក៖ ហើម កន្ទួលរមាស ឬកន្ទាលត្រអាកជាដើម។
–ពិបាកដកដង្ហើម
–ហៀរសំបោរ និងកណ្តាស
–ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក
–ចុកពោះ រាករូស ក្អួតចង្អោរ
–ប្រតិកម្ម Anaphylaxis (កម្រ)
អត្ថបទពាក់ព័ន្ធ៖
៣– ការធ្វើរោគវិនិច្ឆ័យ
បើសិនជាយើង ឬកូនមានរោគសញ្ញាដូចខាងលើនេះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្តលើស្បែក ឬពិនិត្យឈាមមួយចំនួន។
ការធ្វើតេស្តលើស្បែក គ្រូពេទ្យនឹងយកសារធាតុរាវដែលផ្ទុកប្រូតេអ៊ីនពីស៊ុតបន្តិចមកបន្តក់លើខ្នងដៃ ឬដៃ ហើយយកម្ជុលមកចាក់ពីលើបន្តិចដើម្បីឲ្យសារធាតុរាវនោះជ្រាបចូលក្នុងស្បែក។ បើសិនជាមានកន្ទួលក្រហម ប៉ោងឡើងក្នុងរយៈពេល ១៥នាទីទៅ ២០នាទី នោះមានន័យថាយើងមានប្រតិកម្មជាមួយសារធាតុនោះហើយ។ ការធ្វើបែបនេះអាចឲ្យយើងដឹងថាយើងប្រតិកម្មជាមួយស៊ុតផ្នែកពណ៌ស ឬផ្នែកពណ៌លឿងបានយ៉ាងច្បាស់លាស់។ ប៉ុន្តែមិនងាយមានអ្នកប្រតិកម្មជាមួយស៊ុតផ្នែកពណ៌សនោះទេ។ គ្រូពេទ្យក៏អាចធ្វើតេស្តប្រតិកម្មនៃសារធាតុផ្សេងតាមវិធីនេះស្របពេលជាមួយគ្នាផងដែរ។
ចំពោះការពិនិត្យឈាមវិញ គ្រូពេទ្យនឹងបូមឈាម ហើយបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យរកមើលអង់ទីករប្រភេទ immunoglobulin E សម្រាប់ប្រូតេអ៊ីនពីស៊ុត។
បើសិនជាតេស្តខាងលើមិនមានលទ្ធផលច្បាស់ទេ គ្រូពេទ្យអាចនឹងឲ្យយើងញ៉ាំអាហារផ្ទាល់តែម្តង។ នៅក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងពីគ្រូពេទ្យនិងបុគ្គលិកជំនាញ យើងនឹងត្រូវញ៉ាំស៊ុតបន្តិចដើម្បីចង់ដឹងថាមានប្រតិកម្មអ្វីដែរឬទេ។ ដោយសារវាអាចមានប្រតិកម្មធ្ងន់ធ្ងរ តេស្តនេះត្រូវធ្វើនៅក្នុងបន្ទប់ពិគ្រោះ ឬមន្ទីរពេទ្យដែលមានឧបករណ៍សង្គ្រោះបន្ទាន់ និងថ្នាំគ្រប់គ្រាន់។
ក៏មានវិធីម្យ៉ាងទៀតដែលគេឲ្យយើងសាកញ៉ាំអាហារដែលមាន និងមិនមានសារធាតុណាមួយដែលកំណត់ ដើម្បីកំណត់ពីការប្រតិកម្មផងដែរ។ បើសិនជាមិនមានរោគសញ្ញាអ្វីពេលញ៉ាំអាហារគ្មានស៊ុត តែមានរោគសញ្ញាពេលមានស៊ុតនោះ ប្រតិកម្មនេះទំនងមកពីស៊ុតនោះហើយ។
៤- ការព្យាបាល
អ្នកដែលមានប្រតិកម្មជាមួយស៊ុតគួរតែមានផែនការ ឬការត្រៀមក្នុងករណីញ៉ាំស៊ុតដោយអចេតនាណាមួយនោះ។ គួរមានថ្នាំតាមខ្លួន ដូចជាពពួក antihistamine ឬក្នុងករណីធ្ងន់ធ្ងរ អាចប្រើអេពីនេហ្វ្រីន។
៥– ស៊ុតនៅក្នុងវ៉ាក់សាំង
វ៉ាក់សាំងផ្តាសាយមួយចំនួនក៏មានប្រូតេអ៊ីនពីស៊ុតផងដែរ តែវានៅតែមានសុវត្ថិភាពទោះយើងមានប្រតិកម្មជាមួយស៊ុតក៏ដោយ ដរាបណាយើងទទួលការចាក់ថ្នាំបង្ការនៅកន្លែងគ្រូពេទ្យ ឬមន្ទីរពេទ្យដែលមានឧបករណ៍គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់។ បើយើងមានប្រតិកម្មជាមួយស៊ុតនោះ យើងមិនគួរចាក់វ៉ាក់សាំងផ្តាសាយនៅតាមកន្លែងលក់ថ្នាំ ឬតាមឱសថស្ថាននៅផ្សារទំនើប ឬមិនថានៅកន្លែងធ្វើការឡើយ។
យ៉ាងណាមិញ ក៏មានប្រភេទវ៉ាក់សាំងផ្តាសាយដែលមិនមានប្រូតេអ៊ីនពីស៊ុតផងដែរ (the recombinant vaccine)។ វាអាចប្រើបានសម្រាប់មនុស្សអាយុចន្លោះពី ១៨ឆ្នាំទៅ៤៩ឆ្នាំ។
៦– ចៀសវាងការញ៉ាំស៊ុត
វិធីល្អបំផុតក្នុងការគ្រប់គ្រងការប្រតិកម្មស៊ុតនេះគឺ ចៀសវាងការញ៉ាំស៊ុត ឬផលិតផលធ្វើពីស៊ុត។ ជាអកុសល ស៊ុតជាគ្រឿងផ្សំនៃម្ហូបអាហារជាច្រើនមុខ។ សូម្បីតែសាធាតុជំនួសស៊ុតក៏នៅតែមានប្រូតេអ៊ីនពីស៊ុតដែរ។ ដូចនេះយើងគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអាហារ ដោយមើលឲ្យបានច្បាស់លាស់ពីសារធាតុផ្សំហើយកុំភ្លេចសួរពីគ្រឿងផ្សំនៃអាហារដែលចម្អិនដោយអ្នកផ្សេង។
អ្នកដែលមានប្រតិកម្មជាមួយស៊ុតមិនថាផ្នែកពណ៌ស ឬពណ៌លឿងនោះទេ គឺត្រូវចៀសវាងស៊ុតទាំងអស់ដូចគ្នា។ ដោយសារយើងមិនអាចញែកផ្នែកទាំងពីរនេះឲ្យដាច់ពីគ្នាទាំងស្រុងបានទេ។
៧– ធ្វើបញ្ជីមួយ
មានក្បួនធ្វើម្ហូបមួយចំនួនមិនប្រើស៊ុតនោះទេ។ គេអាចជំនួសស៊ុតចំនួនមួយគ្រាប់បានដោយលាយ ទឹក ប្រេង និងម្សៅជំនួសមេនំប៉័ង មួយមុខមួយស្លាបព្រាបាយ និងម្សៅជំនួសមេនំប៉័ងមួយស្លាបព្រាកាហ្វេចូលគ្នា។ វិធីម្យ៉ាងទៀតនោះគឺ លាយម្ស៉ៅជែឡាទីនគ្មានបន្ថែមរសជាតិ ១កញ្ចប់ ជាមួយទឹកក្តៅឧណ្ឌៗ២ស្លាបព្រាបាយ ឬប្រើម្ស៉ៅមេដំបែរ១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្តៅឧណ្ឌៗមួយពែង។
បើសិនជាកូន ឬយើងផ្ទាល់មានប្រតិកម្មច្រើនជាង១មុខនោះ គួរពិគ្រោះជាមួយអ្នកជំនាញខាងចំណីអាហារឲ្យបានល្អិតល្អន់ តែបើត្រឹមតែស៊ុតមួយមុខនោះ គ្រាន់តែកុំញ៉ាំស៊ុតគឺបានហើយ។
[embed-health-tool-bmr]