ការផឹកទឹកកក ពិតជាជួយយើងបាត់ស្រេកទឹកបានភ្លាមៗ ជាពិសេសនៅរដូវក្តៅ តែក៏មានដែរ អ្នកផឹកទឹកកក ទាំងខែក្តៅ និងត្រជាក់ ក្រុមនេះ អត់ទឹកកក មិនបានទេ។ ត្បិតតែវាជួយឲ្យយើងបាត់ស្រេកទឹកភ្លាមៗមែន តែវាក៏មានផលប៉ះពាល់ចំពោះសុខភាពយើងដែរ។ ខាងក្រោមនេះជាផលប៉ះពាល់ ៤ យ៉ាង ចំពោះសុខភាព បណ្ដាលមកពីការផឹកទឹកកក៖
១- ទឹកកក ប៉ះពាល់ដល់ការរំលាយអាហារ
យោងតាមការសិក្សាគេហទំព័រវេជ្ជសាស្ត្រ Journal of Physiology ការផឹកទឹកត្រជាក់ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។ ការប៉ះពាល់ខុសគ្នាពីមនុស្សម្នាក់ ទៅម្នាក់ទៀត ប៉ុន្ដែទឹកត្រជាក់ ប៉ះពាល់ជាអវិជ្ជមានលើការរំលាយអាហារ។ ប្រសិនបើយើងផឹកទឹកត្រជាក់ជាមួយអាហារ សារធាតុខ្លាញ់នឹងឡើងរឹង ហើយការរំលាយអាហារដំណើរការយឺត ឬមិនដំណើរការតែម្ដង។
ជាមួយគ្នានេះ ការផឹកទឹកត្រជាក់ បណ្ដាលឲ្យសរសៃឈាមរួមតូច និងរារាំងការរំលាយអាហារ។ ពេលផឹកទឹកត្រជាក់ រាងកាយរបស់យើង នឹងចំណាយថាមពល ដើម្បីរក្សាសីតុណ្ហភាព ជំនួសមុខងារបំបែក និងស្រូបយកសារធាតុចិញ្ចឹម។
២- ទឹកកក ប៉ះពាល់អវិជ្ជមានដល់អណ្ដើក (Spleen)
អណ្ដើក (Spleen) មានទីតាំងនៅត្រង់ក្រលៀនឆ្វេង ផ្នែកខាងក្រោយ នៃរាងកាយរបស់យើង។ វាត្រូវការសីតុណ្ហភាពមធ្យម ដើម្បីដំណើការមុខងារបានល្អ។ វាមានមុខងារសំខាន់ណាស់ សម្រាប់ការការពាររាងកាយយើងពីមេរោគ និងប្រឆាំងការឆ្លងមេរោគ។
៣- ទឹកកក ធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយ
ផឹកទឹកត្រជាក់ ក្រោយញ៉ាំអាហារ បង្កើតសារធាតុរម្អិល (Mucus) ជាច្រើន នៅក្នុងរាងកាយរបស់យើង ហើយវាបណ្ដាលឲ្យប្រព័ន្ធការពារចុះខ្សោយ ងាយកើតផ្ដាសាយ និងជំងឺផ្សេងៗទៀត។ ត្បិតផលប៉ះពាល់របស់វា តិចតួចមែន តែអ្នកមានអាការៈខ្សោយ ហើយផឹកទឹកត្រជាក់ ពិតជាជួបបញ្ហាសុខភាព។
៤- ទឹកកក អាចធ្វើឲ្យស្ថានភាពសុខភាពធ្ងន់ធ្ងរ
សម្រាប់អ្នកកើតជំងឺហឺត ការផឹកទឹកកក បណ្ដាលឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ នេះបើតាមសមាគម Pediatric Allergy and Immunology របស់អឺរ៉ុប។ ជាមួយគ្នានេះ ផឹកទឹកត្រជាក់ ក៏បណ្ដាលឲ្យឈឺក្បាលផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]