វីតាមីន B5 ឬក៏ហៅម្យ៉ាងទៀតថា Pantothenic acid ជាប្រភេទវីតាមីនមួយដែលមានសារៈសំខាន់បំផុតសម្រាប់រាងកាយមនុស្សយើង ពិសេសវ័យជំទង់ ដែលជាវ័យត្រូវការថាមពលច្រើន។
បើតាមការឲ្យដឹងពីឱសថការី គឹម កាណែល វីតាមីន B5 អាចហៅម្យ៉ាងទៀតថា Pantothenic acid វាមានភាពចាំបាច់ក្នុងការបង្កើតកោសិកាឈាមក្រហម ដែលមាននាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយ ហើយវាជួយបម្លែងអាហារដែលយើងញ៉ាំរាល់ថ្ងៃទៅជាថាមពល។ បន្ថែមពីនោះ វីតាមីន B5 ក៏ជួយឲ្យស្បែក សក់ និងភ្នែក មានសុខភាពល្អ ឯដំណើរការនៃប្រព័ន្ធសរសៃប្រសាទបាន និងថ្លើមក៏ល្អដូចគ្នា។
“យើងដឹងហើយថា វ័យជំទង់ជាវ័យមួយដែលត្រូវការថាមពលច្រើន បែបនេះហើយទើបពួកគេញ៉ាំច្រើន តែបើញ៉ាំច្រើនតែបរិមាណ ឯចំណីអាហារអត់មានគុណភាពនោះក៏ជួយមិនបានដែរ អ៊ីចឹងហើយយើងចាំបាច់ឲ្យពួកគេញ៉ាំអាហារដែលសម្បូរវីតាមីន B5 នេះ ទើបអាចជួយបម្លែងអាហារទាំងអស់នោះទៅជាថាមពល សុខភាពផ្លូវចិត្ត មិនស្មុគស្មាញ រៀនឆាប់ចូល’។ ឱសថការី គឹម កាណែល រៀបរាប់។
នៅពេលសួរថា វ័យជំទង់ត្រូវការវីតាមីន B5 ច្រើនប៉ុនណានោះ? ឱសថការីរូបនោះបញ្ជាក់ថា វ័យជំទង់ត្រូវការវីតាមីនប្រភេទនេះច្រើនខ្លាំងលំដាប់ទី២ បន្ទាប់ពីស្ត្រីមានផ្ទៃពោះ គឺចន្លោះពី ៤-៥ មិល្លីក្រាម/ថ្ងៃ នោះទើបអាចទ្រទ្រង់រាងកាយពួកគេឲ្យមាំទាំ និងមានថាមពលគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពផ្សេងៗ ពិសេសការសិក្សារៀនសូត្របានកាន់តែល្អប្រសើរ។
ចំពោះវិធីដែលឲ្យរាងកាយយើងទទួលបានវីតាមីន B5 គ្រប់គ្រាន់វិញ ឱសថការី គីម កាណែល ឆ្លើយថា មិនពិបាកស្មុគស្មាញនោះទេ គ្រាន់តែយើងញ៉ាំអាហារដែលជាប្រភពវីតាមីន B5 ឬ Pantothenic acid ដែលភាគច្រើនមាននៅក្នុង Broccoli ស្ពៃក្តោប ដំឡូងជ្វា គ្រាប់ធញ្ញជាតិ ផ្សិត សណ្តែក សាច់ និងសុត ជាដើម។ ក្រៅពីចំណីអាហារយើងអាចឲ្យកូនៗដែលមានវ័យជំទង់ ញ៉ាំថ្នាំវីតាមីន ដែលមានសមាសធាតុវីតាមីន B5 ឬ Pantothenic acid ក៏បានដែរ។
[embed-health-tool-bmr]