អាការៈឈឺក្បាលប្រកាំងអាចបង្កដោយមូលហេតុច្រើនរួមទាំងចំណីអាហារ និងភេសជ្ជៈ។ ទោះបីជាគេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលអាចបង្កអាការៈឈឺក្បាលប្រកាំង ប៉ុន្តែអាហារមួយចំនួនអាចមានចំណែកក្នុងការបង្កអាការៈឈឺក្បាលប្រកាំងទៅលើមនុស្សមួយចំនួនដែរ។
១. កាហ្វេអ៊ីន
ការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន ឬឈប់ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនអាចបង្កអាការៈឈឺក្បាលប្រកាំង ឬឈឺក្បាលបាន។ អាហារ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនរួមមានកាហ្វេ តែ និងសូកូឡា។
២. ជាតិស្ករបន្ថែម
អាហារកែច្នៃមួយចំនួនផ្ទុកជាតិស្ករបន្ថែម ហើយជាតិស្ករបន្ថែមនេះអាចបង្កអាការៈឈឺក្បាលប្រកាំងបាន ជាពិសេសពពួកស្ករបន្ថែម Aspartame។
៣. គ្រឿងស្រវឹង
គ្រឿងស្រវឹងគឺជាមូលហេតុបង្កអាការៈឈឺក្បាលប្រកាំង។ ការសិក្សាមួយបានឲ្យដឹងថាអ្នកចូលរួមជាង៣៥% មានអាការៈឈឺក្បាលប្រកាំងបានរាយការណ៍ថាគ្រឿងស្រវឹងគឺកត្តាជំរុញអាការៈឈឺក្បាលប្រកាំង។ ម៉្យាងទៀត គ្រឿងស្រវឹងក៏អាចធ្វើឲ្យបាត់បង់ជាតិទឹកដែលអាចបង្កអាការៈឈឺក្បាលបាន។
៤. សូកូឡា
សមាគមអាការៈឈឺក្បាលប្រកាំងសហរដ្ឋអាមេរិកបានលើកឡើងថាសូកូឡាក៏ជាកត្តាជំរុញអាការៈឈឺក្បាលប្រកាំងដែរ ព្រោះសូកូឡាមានជាតិកាហ្វេអ៊ីន និង beta-phenylethylamine ។ សារធាតុទាំងពីរនេះអាចបង្កអាការៈឈឺក្បាលទៅលើមនុស្សមួយចំនួន។
៥. អាហារមានដាក់ប៊ីចេង
គេចាត់ទុកប៊ីចេងជាគ្រឿងផ្សំដែលមានសុវត្ថិភាពក្នុងការញ៉ាំ ប៉ុន្តែការស្រាវជ្រាវមួយចំនួនបានបង្ហាញពីទំនាក់ទំនងរវាងប៊ីចេង និងការវាយប្រហាររបស់អាការៈឈឺក្បាលប្រកាំង។ សមាគមអាការៈឈឺក្បាលប្រកាំងសហរដ្ឋអាមេរិកបានសម្គាល់ថាប៊ីចេងអាចបង្កឲ្យអាការៈឈឺក្បាលប្រកាំងធ្ងន់ធ្ងរសម្រាប់អ្នកដែលមានជំងឺឈឺក្បាលប្រកាំង។
៦. អាហារមានជាតិប្រៃ
អាហារមានជាតិប្រៃ ជាពិសេសពពួកអាហារកែច្នៃដែលមានផ្ទុកបន្ថែមនូវសារធាតុដើម្បីរក្សាទុកឲ្យបានយូរក៏អាចបង្កអាការៈឈឺក្បាលប្រកាំងដែរ។ ការញ៉ាំអំបិលច្រើនអាចធ្វើឲ្យសម្ពាធឈាមឡើងដែលអាចបណ្ដាលឲ្យឈឺក្បាល ឬឈឺក្បាលប្រកាំង។
[embed-health-tool-bmr]