
គ្នាយើងច្បាស់ជាបានដឹង បានឮច្រើនយើងពីសាច់ត្រី សម្បូរទៅដោយគុណសម្បត្តិសុខភាពជាច្រើន សក្តិសមទាំងក្មេងទាំងចាស់។ ប៉ុន្តែធ្លាប់ដឹងអត់ ថានៅពេលណាមួយទៅថ្ងៃអនាគតត្រីអាចនឹងផុតពូជ?
គុណសម្បត្តិចម្បងពីការញ៉ាំសាច់ត្រី គឺទទួលបាននូវអាស៊ីដខ្លាញ់អូមេហ្គា ៣ យ៉ាងច្រើនដែលមានក្នុងខ្លាញ់ត្រី។ ដោយសារតែ សារធាតុខ្លាញ់ល្អមួយនេះ រាងកាយយើងមិនអាចផលិតដោយខ្លួនឯងបានឡើយ ហើយយើងក៏មិនអាចរស់នៅដោយគ្មានអាស៊ីដខ្លាញ់អូមេហ្គា ៣ បានដូចគ្នា។
អាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយឲ្យដំណើរក្នុងរាងកាយមានតុល្យភាព ជួយប្រព័ន្ធរាងកាយត្រឡប់មករកភាពប្រក្រតីវិញក្រោយរងសម្ពាធខ្លាំងពីសកម្មភាពប្រចាំថ្ងៃរបស់យើង។ នេះបើតាមការអះអាងពីលោក Richard Bazinet ជំនួយការសាស្ត្រាចារ្យ និងជាអ្នកជំនាញអាស៊ីដខ្លាញ់សម្រាប់ធ្វើមេតាបូលីស នៃសាកលវិទ្យាល័យ Toronto។
ការសិក្សារកឃើញថា ការធ្លាក់ចុះកម្រិតអាស៊ីដខ្លាញ់អូមេហ្គា ៣ នឹងធ្វើឲ្យយើងមានហានិភ័យស្លាប់ដោយសារជំងឺគាំងបេះដូង កើន ៩% បន្ថែមទៀត។ អាស៊ីដខ្លាញ់ល្អមួយនេះ អាចជួយកាត់បន្ថយការរលាក គ្រប់គ្រងចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម បន្ថយសម្ពាធនៅលើជញ្ជាំងសរសៃឈាមអាក់ទែរ និងកាត់បន្ថយឈាមកក។
ការស្រាវជ្រាវជាច្រើន សុទ្ធតែរកឃើញជាបន្តបន្ទាប់ បង្ហាញថា អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត ជំងឺវិកលចរិត ការបាត់បង់ការចងចាំ និងជំងឺរលាកសន្លាក់ជាដើម។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ថែមទាំងល្អខ្លាំងដល់ការអភិវឌ្ឍខួរក្បាលរបស់គភ៌ និងទារកទៀតផង។
មានគ្នាយើងមួយចំនួនព្រួយបារម្ភពីសាច់ត្រីព្រោះវាមានផ្ទុកជាតិបារ៉ត ដែលជាសារធាតុពុល មានទំនាក់ទំនងជាមួយបញ្ហាផ្ទង់អារម្មណ៍បានខ្លីៗ និងធ្វើឲ្យទារកពិបាកឆាប់ចេះដើរ និងនិយាយ។
ប៉ុន្តែបើតាមលោក Bazinet ជាតិបារ៉តដែលពុលខ្លាំង គឺវាខុសគ្នាទៅនិងកម្រិតជាតិបារ៉តដែលមានតិចតួចក្នុងសាច់ត្រី។ គ្មានការណែនាំផ្លូវការណាមួយពីចំនួនសាច់ត្រីយើងគួរញ៉ាំប្រចាំថ្ងៃនោះឡើយ ប៉ុន្តែមនុស្សភាគច្រើន គួរញ៉ាំកុំឲ្យលើស ១៥០ក្រាម/សប្តាហ៍ សម្រាប់ពពួកត្រីធំៗ ដូចជា ឆ្លាម ត្រីដាវ ឬត្រីធូណាស្រស់។ នេះបើតាមការណែនាំពីក្រសួងសុខាភិបាលប្រទេសកាណាដា។ ខណៈស្រីៗពពោះ ឬកំពុងបំបៅដោះកូន គួរញ៉ាំច្រើនបំផុត ១៥០ក្រាម ក្នុងមួយខែបានហើយ។
លោក Bazinet និយាយថា គ្រាន់តែកុំឧស្សាហ៍ញ៉ាំត្រីឆ្លាមច្រើនទៅ សុខភាពយើងក៏មិនជាបញ្ហាអ្វីដែរ។
បច្ចុប្បន្នក្នុងសមុទ្រមិនមានត្រីច្រើនគ្រប់គ្រាន់សម្រាប់យើងញ៉ាំរហូតនោះឡើយ បើគ្នាយើងនាំគ្នាគិតតែញ៉ាំត្រីដូចសព្វថ្ងៃ នៅត្រឹមឆ្នាំ២០៥០ ត្រីនៅលើលោកអាចនឹងដាច់ពូជ។ នេះបើតាមការបញ្ជាក់ពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត David Jenkins នៃសាកលវិទ្យាល័យ Toronto ដែលជាប្រធានដឹកនាំការស្រាវជ្រាវរបបអាហារ និងមេតាបូលីស។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Is fish good for you? Here are the pros and cons
កំណែប្រែបច្ចុប្បន្ន
05/10/2020
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ