ពិតណាស់ ការស្រេកទឹក គឺជាសញ្ញាដែលបង្ហាញថា ប្រព័ន្ធរាងកាយរបស់យើងត្រូវការជាតិទឹកជាចាំបាច់ ដើម្បីដំណើរការបានល្អ ជាពិសេស បន្ទាប់ពីយើងហាត់ប្រាណរួច អាកាសធាតុក្ដៅ ញ៉ាំអាហារហឹរ ឬបន្ទាប់ពីក្រោកឡើងនៅពេលព្រឹកជាដើម។ ទឹកមានសារសំខាន់ណាស់ចំពោះជីវិតយើងម្នាក់ៗ ហើយ៦០%នៃប្រព័ន្ធរាងកាយយើង គឺពោរពេញទៅដោយទឹក។
កង្វះជាតិទឹក អាចរំខានដល់តុល្យភាពអេឡិតត្រូលីត (Electrolyte Balance) នៃរាងកាយ ដែលអាចបណ្ដាលឲ្យយើងខ្សោយ អស់កម្លាំង ខ្វះជាតិទឹក វិលមុខ ឬឈឺក្បាល។ ពេលខ្លះ យើងស្រេកទឹកច្រើនជាងធម្មតា បើទោះបីជាយើងទើបញ៉ាំទឹកហើយក៏ដោយ។ ប៉ុន្តែ ប្រសិនបើយើងកំពុងតែជួបបញ្ហាស្ងួតបំពង់ក ឬមាត់ខ្លាំង និងត្រូវការទឹកមិនអាចខ្វះបានទោះទើបញ៉ាំហើយក៏ដោយ នោះយើងគួរតែសង្កេតមើលសញ្ញានៃរាងកាយ ក៏ដូចជាពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរខាងក្រោមនេះជាកត្តាមួយចំនួន ធ្វើឲ្យយើងចេះតែស្រេកទឹកញឹកញាប់។
១. កត្តាទូទៅមួយចំនួន
ញ៉ាំអាហារហឹរខ្លាំង និងប្រៃខ្លាំងជារៀងរាល់ថ្ងៃ ក៏អាចធ្វើឲ្យយើងស្រេកទឹកដែរ។ មួយវិញទៀត គឺការបែកញើស ហត់នឿយ គេងមិនគ្រប់គ្រាន់ ឬហាត់ប្រាណច្រើនពេក។
២. ក្អួត រាក
រាងកាយបាត់បង់ជាតិទឹកយ៉ាងច្រើននៅពេលដែលយើងក្អួត ឬរាក។ អាការៈទាំងនេះ អាចប៉ះពាល់ដល់តុល្យភាពអេឡិតត្រូលីតធម្មតានៃប្រព័ន្ធរាងកាយរបស់យើង ដែលបណ្ដាលឲ្យយើងខ្វះជាតិទឹក វិលមុខ និងអស់កម្លាំងជាដើម។
៣. ញ៉ាំកាបូអ៊ីដ្រាតច្រើន
ប្រសិនបើយើងញ៉ាំអាហារចៀន ឬកែច្នៃច្រើន ដែលសម្បូរទៅដោយកាបូអ៊ីដ្រាតច្រើន យើងអាចនឹងមានអារម្មណ៍ស្រេកទឹកញឹកញាប់ ពីព្រោះកាបូអ៊ីដ្រាតស្រូបយកជាតិទឹកច្រើនជាងខ្លាញ់ ឬប្រូតេអ៊ីន។
៤. បាត់បង់ឈាមច្រើន
ទាក់ទងទៅនឹងលំហូរខ្លាំង អំឡុងពេលមករដូវ ឬដំបៅហូរឈាម ដែលអាចធ្វើឲ្យកម្រិតស្រេកទឹករបស់យើងកើនឡើងខ្លាំង ពីព្រោះតែយើងបាត់បង់ជាតិទឹកពីក្នុងរាងកាយជាបន្តបន្ទាប់។
៥. ទឹកនោមផ្អែម និងក្រពេញទីរ៉ូអ៊ីដ (Thyroid)
សញ្ញាមួយនៃអ្នកជំងឺទឹកនោមផ្អែម និងក្រពេញទីរ៉ូអ៊ីដ គឺស្រេកទឹកខ្លាំង។ ជាធម្មតា អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមកើនឡើង នឹងមានអារម្មណ៍ចង់នោមញឹកញាប់ ដោយសារតែប្រព័ន្ធរាងកាយមិនអាចផលិតអ័រម៉ូនគ្រប់គ្រាន់ ដើម្បីជួយតម្រងនោម ក្នុងការគ្រប់គ្រងបរិមាណទឹកក្នុងខ្លួន។
៦. ស្រ្តេសរ៉ាំរ៉ៃ
ស្រ្តេសអាចប៉ះពាល់ដល់មុខងាររបស់ក្រពេញលើតម្រងនោម (Adrenal) ដែលអាចបណ្ដាលឲ្យមានសម្ពាធឈាមទាប។ ជាក់ស្ដែង ស្រ្តេសរ៉ាំរ៉ៃអាចធ្វើឲ្យយើងស្រេកទឹកខ្លាំង ថប់បារម្ភ និងអស់កម្លាំង។ល។ បន្ថែមពីនេះ វាក៏អាចប៉ះពាល់ដល់របបអាហារ និងការគេងរបស់យើងថែមទៀតផង ដែលកត្តានេះ នឹងធ្វើឲ្យយើងកើតជំងឺផ្សេងៗ។
នៅក្នុងករណីដែលយើងស្រេកទឹកខ្លាំង ចូរញ៉ាំអាហារជាក់លាក់មួយចំនួន ដែលអាចជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ។ បន្លែ និងផ្លែឈើ ដែលមានជាតិទឹក ជាមួយនឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចបំបាត់ការស្រេកទឹករបស់យើងបានល្អជាងទឹកទៅទៀត។ ចូរញ៉ាំផ្លែឪឡឹក ប៉េងប៉ោះ ក្រូច ម្នាស់ ប៉េស ត្រសក់។ល។ ដើម្បីជំនួសឲ្យការញ៉ាំទឹកតែមួយមុខក៏ដូចជាបំពេញសារធាតុចិញ្ចឹម និងជាតិទឹកនៅក្នុងរាងកាយយើងមានប្រសិទ្ធភាពខ្ពស់។
[embed-health-tool-bmr]