សព្វថ្ងៃនេះ មនុស្សម្នាក់ៗទទួលរងភាពនឿយហត់ និងសម្ពាធច្រើនណាស់ក្នុងមួយថ្ងៃៗ ដោយសារតែមមាញឹកនឹងការងារ ការប្រកបរបររកស៊ី ហើយមានគ្នាយើងមួយចំនួនធ្វើការងាររកស៊ីផង ត្រូវរៀនដើម្បីបំពេញចំណេះទៀត។ ដោយសារតែការអស់កម្លាំង និងសម្ពាធច្រើន អាចប៉ះពាល់ដល់សុខភាព ដូចនេះយើងត្រូវរកដំណោះស្រាយណាដែលងាយស្រួល ហើយមានប្រយោជន៍ដល់សុខភាព ដូចជាការញ៉ាំស៊ុបមាន់ជាប្រចាំ ដើម្បីជួយបង្កើនកម្លាំង និងពង្រឹងស្មារតីមកវិញ។
អ្វីទៅជាស៊ុបមាន់បំប៉ន?
ស៊ុបមាន់ ជាអាហារបំប៉នសុខភាពមួយចម្រាញ់ចេញពីសាច់មាន់ដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ ស៊ុបមាន់ត្រូវបានផលិតឡើងនៅក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីបំបែកប្រូតេអ៊ីនដែលកកើតឡើងនៅក្នុងស៊ុបឲ្យក្លាយជា Peptide ទំហំរឹតតែតូច កាន់តែងាយស្រួលក្នុងការរំលាយ។ ជាទូទៅ រាល់ខ្លាញ់ដែលមាននៅក្នុងសាច់មាន់ត្រូវបានយកចេញទាំងស្រុង ដើម្បីផលិតជាអាហារបំប៉នដែលមាន Cholesterol តិចតួច ឬគ្មានតែម្ដង ហើយក្នុងការផលិតស៊ុបមាន់បំប៉ននេះ ក៏មិនមានបន្ថែមគ្រឿងផ្សំដទៃ សារធាតុគីមី ឬសារធាតុរក្សាទុកអ្វីដែរ។
ហេតុអីយើងគួរញ៉ាំស៊ុបមាន់រាល់ថ្ងៃ?
យោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យជាតិ និងមន្ទីរពេទ្យសកលវិទ្យាល័យជាតិ នៃប្រទេសសិង្ហបុរី និងបានចុះផ្សាយលើ Nutritional Neuroscience បានឲ្យដឹងថា ការញ៉ាំស៊ុបមាន់រាល់ថ្ងៃវាអាចជួយពង្រឹងដំណើរការនៃការចងចាំ (working memory)។ ការស្រាវជ្រាវដដែលបន្តថា ស៊ុបមាន់ជួយពង្រឹងដល់ដំណើរការនៃការចងចាំបានដោយសារ វាបង្កើនមេតាបូលីសរបស់អ័រម៉ូន Cortisol។
លើសពីនេះ ស៊ុបមាន់ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពយើងដូចជា កាត់បន្ថយស្ត្រេស ពង្រឹងដល់ប្រព័ន្ធការពាររាងកាយ ពង្រឹងស្មារតី និងកាត់បន្ថយភាពនឿយហត់ជាដើម។ ស៊ុបមាន់អាចញ៉ាំបាន និងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់វ័យ ជាពិសេស ស្ត្រីពពោះក៏អាចញ៉ាំបាន និងទទួលបានប្រយោជន៍ច្រើនរួមមាន ជួយទ្រទ្រង់សុខភាពម្ដាយ ការពារម៉ាក់ៗពីជំងឺតូចតាចមួយចំនួន និងផ្ដល់សារធាតុចិញ្ចឹមទៅឲ្យអាអូនក្នុងផ្ទៃថែមទៀត។
ស៊ុបមាន់ ជាទូទៅត្រូវបានគេចាត់ទុកជាអាហារបំប៉នសុខភាពមួយប្រភេទ វាមិនមែនជាថ្នាំអាចជាព្យាបាលជំងឺបានទេ ដូចនេះហើយ យើងអាចញ៉ាំស៊ុបមាន់បានដោយមិនចាំបាច់បារម្ភពីផលរំខានណាមួយប៉ះពាល់ដល់សុខភាពយើងទេ។ យើងក៏អាចញ៉ាំវាជាប្រចាំ ឬ ២-៣ថ្ងៃ/ម្ដង ឬញ៉ាំតាមតែចិត្តចង់ក៏បាន។
[embed-health-tool-bmr]