backup og meta

ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

ពិត​ណាស់ បន្លែ ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ញ៉ាំ​តែ​បន្លែ​សុទ្ធ ​គ្មាន​ជាតិ​សាច់ ក៏​មិន​ល្អ​ដែរ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា បើ​គ្នា​យើង​តាំង​ចិត្ត​ញ៉ាំ​អាហារ​បួស​ទៅ​ហើយ “Hello គ្រូពេទ្យ’ នៅ​មាន​វិធី​ជួយ​បាន ដូចជា​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម ដើម្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ មាន វីតាមីន B12 និង​ ជាតិ​ដែក​ ព្រោះ​បើ​ក្នុង​រាង​កាយ​ខ្វះ​សារធាតុ​នេះ ច្បាស់​ជា​ប្រឈម​បញ្ហា​ច្រើន​ ហេតុ​នេះ​គួរ​ស្វែង​យល់​ឲ្យច្បាស់​ពី​ជាតិ​ដែក និង​ជំងឺ​ស្លេក​ស្លាំង។

១- ការ​ស្រូប​ជាតិ​ដែក

ជាតិ​ដែក មាន​នាទី​សំខាន់​ក្នុង​រាងកាយ ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម ដឹក​នាំ​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​គ្រប់​សរីរាង្គ​ទាំងអស់ បើខ្វះ​ជាតិដែក រាង​កាយ​នឹង​មាន​បញ្ហា ព្រោះ​រាងកាយ​ទាញ​យក​ជាតិ​ដែក​មក​ប្រើ​ប្រាស់គ្រប់​ពេល​វេលា ដោយ​បន្យល់​កម្រិត​ជាតិ​ដែក​តិច​តួច​ប៉ុណ្ណោះ ច្រោះ​ចេញ​តាម​ ទឹក​នោម លាមក និង​ញើស។

តាម​ការ​សិក្សា តម្រូវ​ការ​ជាតិ​ដែក​ក្នុង​រាង​កាយ​ អាស្រ័យ​ទៅ​លើ​កត្តា​ភេទ និង​អាយុ ដូចជា៖

– ប្រុស (​អាយុ ១៤-១៨ ឆ្នាំ)៖ ១១​មិល្លីក្រាម

– ប្រុស (​អាយុ ១៩ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម

– ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ ១៥​មិល្លីក្រាម

– ស្រី (អាយុ ១៩-៥០ ឆ្នាំ)៖ ១៨​មិល្លីក្រាម

– ស្រី (អាយុ ៥០ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម

សម្រាប់​មនុស្ស​ស្រី ការ​ស្រូប​ជាតិ​ដែក គឺ​សំខាន់​ណាស់ ពិសេស​អំឡុង​ពេល​មក​រដូវ ខណៈ​ជាតិ​ដែក​ត្រូវ​បែង​ចែក​ជា ២ប្រភេទ មាន Heam iron ជាតិ​ដែក​ចម្រាញ់​ចេញ​ពី​សាច់​សត្វ និង Non-heam iron ចម្រាញ់​ចេញ​មក​ពី​រុក្ខជាតិ។ ជា​ធម្មតា រាងកាយ​យើង​ងាយ​ស្រូប​យក​ជាតិ​ដែក Heam iron បានល្អជាង Non-heam iron។ Non-heam iron អាច​ស្រូបចូល​ក្នុង​ចរន្ត​ឈាម (Bioavaillability) បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​សារ​វត្តមាន​​ពពួក​សារធាតុរ៉ែ ដូច​ជា ផូស្វាត ភីតាត អុកសាឡាត កាបូណាត និង​ជាតិ​កាក​សរសៃ រារាំង​ការ​​ស្រូប​ជាតិ​ដែក​របស់​រាង​កាយ។

ផ្អែក​លើ​លទ្ធផល​នេះ វិទ្យាសាស្រ្ត​ជឿ​ថា ញ៉ាំ​បួស​គួរ​តែ​ប្រយ័ត្ន​ចំពោះ​បញ្ហា​ខ្វះ​ជាតិ​ដែក។ ទោះ​យ៉ាង​នេះ​ក្តី លទ្ធផល​ការ​សិក្សា​ថ្មីៗ​នេះ​បង្ហាញ​ថា ប្រើ​រួម​គ្នា​រវាង​ជាតិ​ដែក Non-Heam Iron ជាមួយ​វីតាមីន​ C អាច​កែ​ខៃ​បញ្ហា​ទាំង​អស់​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

  • បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ
  • ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

២- ជំងឺ​ស្លេក​ស្លាំង​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក

ជា​ធម្មតា មូល​ហេតុ​ចម្បង​របស់​ជំងឺស្លេក​ស្លាំង​ គឺ​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក មាន​ន័យ​ថា​យើង​មិន​បាន​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ដែក​គ្រប់​គ្រាន់។ ជាតិ​ដែក​មាន​តួនាទី​យ៉ាង​សំខាន់ ដោយ​ភ្ជាប់​អុក​ស៊ី​ហ្សែន​នៅ​ក្នុង​ហេម៉ូ​ក្លូ​ប៊ីន នៃ​កោសិកា​គ្រាប់​ឈាម​ក្រហម។ ដោយ​សារ​តែ​កោសិកា​ទាំង​អស់​នេះ​ហើយ ទើប​ខ្លួន​យើង​អាច​ទទួល​បាន​អុក​ស៊ី​ហ្សែន​គ្រប់​គ្រាន់ និង​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ថាម​ពល។

ករណី​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ នឹង​លេច​ចេញរោគ​សញ្ញា​សំខាន់​មួយ​របស់​ជំងឺ​ស្លេក​ស្លាំង គឺ​អស់​កម្លាំង។ ប៉ុន្តែ​បើ​អ្នក​គ្រាន់​តែ​ស្លេក​ស្លាំង​បន្តិច​បន្តួច មិន​ងាយ​នឹង​មាន​រោគ​សញ្ញា​នេះ​ទេ ខណៈ​ខាង​ក្រោម​នេះ គឺ​អាហារ​គ្នា​យើង​តម​សាច់​អាច​ញ៉ាំ ដើម្បី​បង្រ្គប់​ជាតិ​ដែក​ក្នុង​រាង​កាយ៖

– ស្រូវ​សាលី

– គា្រប់​ធញ្ញជាតិ

– បន្លែ​ពណ៌​បៃ​តង

– អង្ករ​សម្រូប ឬ​ប៉ាស្តា

– ស្ករ​អំពៅ

– គ្រាប់​ល្ពៅ

– គ្រាប់​សណ្ដែក។

យើង​គួរ​​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក និង​វីតាមីន C ព្រោះ​វា​អាច​ជួយ​ឲ្យ​រាង​កាយ​បង្កើត​ជាតិ​ដែក​បាន​កាន់​តែ​ច្រើន។

៣- ជំងឺ​ស្លេក​ស្លាំង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន B12

ជំងឺ​ស្លេក​ស្លាំង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន B12 ហៅ​ជា​ភាសា​បច្ចេក​ទេស Pernicious Anemia។ វីតាមីន B12 ដើរ​តួ​យ៉ាង​សំខាន់ ជា​អ្នក​សំយោគ​គ្រាប់​ឈាម​ក្រហម។ មិន​ញ៉ាំ​សាច់ អាច​មាន​ហានិភ័យ​ខ្ពស់​ជា​មួយ​បញ្ហា​ស្លេក​ស្លាំង ដោយសារ​រាង​កាយ​ខ្វះ​វីតាមីន B12 ព្រោះ​វីតាមីន​ប្រភេទ​នេះ ភាគ​ច្រើន​រក​ឃើញ​នៅ​ក្នុង​សាច់​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្តី បើ​យើង​មិន​ញ៉ាំ​សាច់ ក៏​អាច​ទទួល​បាន​វីតាមីន B12 ពី​ទឹក​ដោះ​គោ និង​នៅ​ក្នុង​ស៊ុត ហើយ​គួរ​ញ៉ាំ​អាហារ​ទាំង​អស់​នេះ ដើម្បី​ទទួល​បាន​វីតាមីន B12 គ្រប់​គ្រាន់៖

– សារធាតុ​បំប៉ន​ក្នុង​មេ​ដំបែ

– អាហារ​ជំនួស​ឲ្យ​សាច់ មាន​ផ្ទុក​វីតាមីន B12

– គ្រាប់​ធញ្ញ​ជាតិ

– អង្ករ​សម្រូប ឬ​ទឹក​សណ្ដែក

– អាហារ​បំប៉ន​មាន​ផ្ទុក​វីតាមីន B12។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Do vegetarians have a greater risk of iron deficiency than meat eaters? http://animalfreedom.org/english/information/iron-deficiency.html. Accessed August 7, 2017

Anemia Risk for Vegans and Vegetarians. https://www.everydayhealth.com/anemia/anemia-risk-for-vegans-and-vegetarians.aspx. Accessed August 7, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម