នៅស្រុកខ្មែរយើង ចង្រិត កណ្ដូប អង្ក្រង ឬដក់ដឿ ត្រូវបានពលរដ្ឋជាច្រើន យកមកធ្វើជាអាហារញ៉ាំ ហើយប្រទេសអាស៊ានផ្សេងទៀត ក៏មានអាហារប្រភេទនេះច្រើនដែរ។ ពាក់ព័ន្ធនឹងការញ៉ាំអាហារប្រភេទសត្វល្អិតនេះ អ្នកវិទ្យាសាស្ត្រ រកឃើញថា វាអាចជួយការពារជំងឺមហារីក ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម។
អ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Rome របស់អ៊ីតាលី បានធ្វើការសិក្សាលើសត្វល្អិតជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និងដក់ដឿ។ ពួកគេបានធ្វើតេស្ដេពិនិត្យមើលលើសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមានវីតាមីន A វីតាមីន C វីតាមីន E នៅក្នុងខ្លួនសត្វល្អិត តាមរយៈការផឹកទឹកម្សៅសត្វទាំងនេះ។
លទ្ធផល រកឃើញថា ដក់ដឿ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ច្រើនជាងប្រេងអូលីវ រហូតដល់ ២ដង។ ចំណែកម្សៅចង្រិត កណ្ដូប និងដក់ដឿ មានសារធាតុប្រឆាំងអុកស៊ីតកម្ម លើសទឹកក្រូចស្រស់ រហូតដល់ ៥ដង។ អ្នកវិទ្យាសាស្ត្រ ថា សត្វល្អិត ជាប្រភពនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់មិនឆ្អែត រ៉ែ វីតាមីន និងជាតិសរសៃ។ ប៉ុន្ដែ បច្ចុប្បន្ន ពុំទាន់មាននរណា ចាត់ទុកវាជាអាហារមានមុខងារល្អ ដូចជាប្រេងអូលីវ ឬទឹកក្រូចស្រស់ទេ។
អត្ថប្រយោជន៍នៃការញ៉ាំអាហារប្រភេទសត្វល្អិត គឺវាជួយកាត់បន្ថយពពួករ៉ាឌីកាល់សេរី នៅក្នុងរាងកាយ។ ពួករ៉ាឌីកាល់សេរីទាំងនេះ អាចទៅបំផ្លាញ DNA ប្រូតេអ៊ីន និងកោសិកានៅផ្នែកផ្សេងទៀត ដែលបណ្ដាលទៅជាជំងឺ។ អ្វីដែលគ្រោះថ្នាក់នោះ គឺការបំផ្លាញ DNA អាចបង្កទៅជាជំងឺមហារីក ដោយធ្វើឲ្យកោសិកាផលិតដុំសាច់ដែលមិនអាចគ្រប់គ្រងបាន។
ដូច្នេះ សារធាតុអុកស៊ីតកម្ម ដែលមាននៅក្នុងសត្វល្អិត ឬប្រភេទអាហារសុខភាពផ្សេងទៀត អាចកាត់បន្ថយពពួករ៉ាឌីកាល់សេរី ក្នុងរាងកាយរបស់យើង មិនឲ្យវិវត្តទៅប្រឈមនឹងជំងឺមហារីក។
[embed-health-tool-bmr]