គ្នាយើងខ្លះ ប្រហែលធ្លាប់សម្គាល់ខ្លួនឯងហើយ អាហារថ្ងៃត្រង់ ញ៉ាំតិចៗទេ តែអាហារពេលល្ងាចវិញ ញ៉ាំច្រើន អស់មួយចាន ថែមមួយចានទៀត ដល់ឆ្អែតខ្លាំងពេក ក៏មានដែរ។
ភាពងាយស្រួលក្នុងការគ្រប់គ្រងចំណង់អាហារ នៅពេលថ្ងៃ ប៉ុន្ដែនៅពេលល្ងាចវិញ វាមិនងាយស្រួលទេ ដោយសារកម្រិតអ័រម៉ូនចំណង់អាហារ បានកើនឡើង។ ក្រៅពីនេះ បញ្ហាស្ត្រេស ក៏ជាកត្ដាចម្បងមួយ ធ្វើឲ្យយើងឃ្លាន និងញ៉ាំច្រើន។
ការសិក្សាចេញផ្សាយលើកាសែត International Journal of Obesity បង្ហាញថា យើងញ៉ាំអាហារច្រើន ដោយសារបម្រែបម្រួលអ័រម៉ូន។ អ្នកស្រាវជ្រាវ បានសិក្សាលើមនុស្សពេញវ័យ ៣២នាក់ អាយុ ១៨-៥០នាក់។ អ្នកស្រាវជ្រាវ បែងចែកជា ២ក្រុម ដោយមួយក្រុម ឲ្យអត់អាហាររយៈពេល ៨ម៉ោង មុនញ៉ាំអាហារ នៅម៉ោង ៩ម៉ោងព្រឹក និងមួយក្រុមទៀត ឲ្យអត់អាហាររយៈពេល ៨ម៉ោងដូចគ្នា មុនញ៉ាំអាហារ នៅម៉ោង ៤រសៀល។
អ្នកស្រាវជ្រាវ រកឃើញថា អ្នកចូលរួម ឃ្លានអាហារនៅពេលល្ងាច ខ្លាំងជាងនៅពេលព្រឹក។ នេះដោយសារអ័រម៉ូនរំញោចការឃ្លាន Ghrelin កើនឡើង និងអ័រម៉ូនកាត់បន្ថយការឃ្លាន Peptide Tyrosine Tyrosine ធ្លាក់ចុះ។ ក្នុងករណី ប្រសិនបើយើងចង់មានសុខភាពល្អ និងការពារការញ៉ាំច្រើន យើងគួរគិតគូរលើទម្លាប់ញ៉ាំ កុំញ៉ាំតាមការឃ្លានរបស់យើង នៅពេលល្ងាច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]