backup og meta

វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ

    វីតាមីន C ជាវីតាមីនមួយក្នុងចំណោមវីតាមីនចាំបាច់ដែលរាងកាយយើងត្រូវការ។ ជាទូទៅ ស្រ្តីគួរ​ញ៉ាំវីតាមីន C ចាប់ពី​ ៧៥ មិល្លីក្រាម និងបុរស ៩០ មិល្លីក្រាមក្នុងមួយថ្ងៃ អាច​តាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថា​វីតាមីន ​​C មានអត្ថ​ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

    អាចកាត់បន្ថយអាត្រាប្រឈមជំងឺរ៉ាំរ៉ៃ

    វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ដោយការពារ​កោសិកាទទួលរងការខូចខាតពីពពួករ៉ាឌីកាលសេរី។ នៅពេលមានការប្រមូលផ្តុំរ៉ាឌីកាល់សេរី​កាន់តែច្រើន គឺអាចបង្កឲ្យមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) ដែលអាចទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃជាច្រើន។

    អាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់

    សម្ពាធឈាមខ្ពស់ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូង។ ការសិក្សាជាច្រើនបង្ហាញថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតសម្ពាធឈាម។

    អាចកាត់បន្ថយហានិភ័យជំងឺបេះដូង

    ជំងឺបេះដូងអាចបណ្តាលមកពីសម្ពាធឈាមខ្ពស់ ខ្លាញ់អាក្រក់ LDL ខ្ពស់ និងខ្លាញ់ល្អ HDL ទាប ប៉ុន្តែ​វីតាមីន C អាចជួយកាត់បន្ថយកត្តាទាំងនេះ។ ការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម និងខ្លាញ់ទ្រីគ្លីស៊ីរីត (Triglyceride) បើទោះបីជាអ្នកវិទ្យាសាស្ត្រ​មិន​ច្បាស់​ថា ​លទ្ធផលនេះមកពីការញ៉ាំអាហារដែលសម្បូរវីតាមីន C ឬអាហារផ្សេងៗ​ទៀតក្នុង​របបអាហារ។ ជារួម ការទទួល​វីតាមីន C យ៉ាងតិចណាស់ ៥០០ មិល្លីក្រាមក្នុងមួយថ្ងៃ​ អាចកាត់​បន្ថយអាត្រាប្រឈមជំងឺបេះដូង។

    អត្ថបទពាក់ព័ន្ធ៖

    អាចកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម និងប្រគ្រីវ

    អាការៈប្រគ្រីវឈ្មោះរោគសរសៃកើតនៅជើង បណ្ដាលឲ្យញាក់កន្ដ្រាក់ ស្ពឹកស្រពន់ អាចកើតឡើងនៅពេលដែលមានអាស៊ីតអ៊ុយរិចក្នុងឈាមច្រើន។ អាស៊ីត​អ៊ុយរិចគឺជាសំណល់ដែលផលិតមកដោយរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន C អាចជួយកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដែលអាចបង្ការជំងឺប្រគ្រៀវ។

    អត្ថបទពាក់ព័ន្ធ៖ មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់

    អាចបង្ការការខ្វះជាតិដែក

    ជាតិដែកជាសារធាតុចិញ្ចឹមសំខាន់ដែលរាងកាយត្រូវការក្នុងការបង្កើតនូវកោសិកាឈាមក្រហម និង​ដឹកជញ្ជូនអុកស៊ីសែនទៅកាន់រាងកាយ។ វីតាមីន C អាចជួយរាងកាយក្នុងការស្រួបយកជាតិដែកពី​អាហារ ជាពិសេសអ្នកតមសាច់ដែលជាប្រភពនៃជាតិដែក។ ជាទូទៅ ញ៉ាំវីតាមីន C ១០០ មិល្លី​ក្រាម អាចជួយការស្រូបយកជាតិដែកបាន ៦៧%។ ដូចនេះ វីតាមីន  C អាចជួយកាត់បន្ថយហានិភ័យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក

    អត្ថបទពាក់ព័ន្ធ៖ មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង

    ជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង

    វីតាមីន C ជួយជំរុញការផលិតនៃកោសិកាឈាមស (lymphocytes និង phagocytes) ដែលអាចជួយ​ការពាររាងកាយពីការឆ្លងជំងឺផ្សេងៗ។ វីតាមីន C ក៏ជួយឲ្យដំណើរការនៃកោសិកាឈាមសឲ្យ​មានប្រសិទ្ធភាព និងការពារកោសិកាឈាមសទាំងនេះពីពពួករ៉ាឌីកាលសេរី។ បន្ថែមពីនេះទៀត វីតាមីន​នេះក៏ជាផ្នែកសំខាន់នៃប្រព័ន្ធការពារស្បែកដែរ។ ការសិក្សាក៏បានឲ្យដឹងថា វីតាមីន C នេះអាចជួយ​ក្នុងព្យាបាលមុខរបួសឲ្យឆាប់ជា។

    អត្ថបទពាក់ព័ន្ធ៖ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក

    ការពារការចងចាំ និងការគិតនៅពេលកាន់តែចាស់

    ការសិក្សាបានលើកឡើងថា Oxidative Stress និងការរលាកនៅជិតខួរក្បាល ឆ្អឹងខ្នង និងសរសៃ​ប្រសាទ អាចបង្កឲ្យកើតជំងឺវង្វេង (Dementia)។ វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុ​ប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ ដូចនេះនៅពេលវីតាមីន C មានកម្រិតទាប អាចមានទំនាក់ទំនង​ទៅនឹងការចុះខ្សោយសមត្ថភាពក្នុងការគិត និងការចងចាំ។ លើសពីនេះទៀត ការសិក្សាបាន​បង្ហាញថា មនុស្សដែលមានជំងឺវង្វេង អាចមានកម្រិតវីតាមីន C ទាប និងការញ៉ាំវីតាមីននេះ​ក្នុងកម្រិតខ្ពស់ មានផលវិជ្ជមានទៅលើការគិត និងចងចាំនៅពេលកាន់តែចាស់ទៅ។ ទោះបីជាបែប​នេះ ការសិក្សាទៅលើមនុស្សទាក់ទងទៅ​ឥទ្វិពលនៃវីតាមីននេះទៅ​លើសុខភាពនៃប្រព័ន្ធសរសៃ​ប្រសាទ នៅត្រូវការបន្ថែមទៀត។

    វីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើជាច្រើន ដូចជា ផ្លែក្រូច ស្ត្រប៊ឺរី គីវី ម្ទេសប្លោក និងខាត់ណាខៀវ ​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម