ប្រសិនបើយើងគិតថា ការហាត់ប្រាណដើម្បីឲ្យស្រកទម្ងន់ ហើយពេលហាត់មិនស្រក បែរជាឈប់ហាត់ គឺជារឿងខុសឆ្គងហើយ។ ស្រកគីឡូមិនមែនពឹងលើការហាត់ប្រាណតែមួយមុខប៉ុណ្ណោះទេ វាអាស្រ័យលើរបបអាហារ បូករួមទាំងការខិតខំព្យាយាម ទើបអាចទទួលបានរូបរាងសមសួន និងសាច់ដុំកង់ៗដូចអ្នកអាជីព។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា បើទោះជាហាត់ប្រាណមិនស្រក តែល្អចំពោះសុខភាពជាច្រើនផ្នែក ព្រមទាំងជួយឲ្យអារម្មណ៍ស្ងប់ គេងលក់ស្រួល។ ក្នុងនោះអ្នកមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ លើសជាតិអាស៊ីដ ចុករួយ ក ស្មា សុទ្ធតែជួយបានច្រើន ហើយថែមទាំងធ្វើឲ្យសាច់ណែនមើលទៅសមសួន។
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា សម្រាប់អ្នកធាត់បើចង់ស្រកត្រូវរកវិធីហាត់ប្រាណ និងអ្នកជំនាញបង្ហាត់បង្រៀន ព្រមទាំងគ្រប់គ្រងការញ៉ាំអាហារណាដែលគ្មានជាតិខ្លាញ់ ហើយត្រូវបង្កើនការញ៉ាំបន្លែ ញ៉ាំផ្លែឈើឲ្យបានច្រើន ទើបចាប់ផ្ដើមស្រកបន្តិចម្ដងៗ។ បើអ្នកមានពេលវេលាគ្រប់គ្រាន់យើងអាចធ្វើអាហារសាឡាដញ៉ាំ កាន់តែឆាប់ឃើញលទ្ធផល ហើយក្រៅពីរបបអាហារការផឹកទឹកបានគ្រប់គ្រាន់ ទើបជួយអាចជួយទ្រទ្រង់សុខភាព និងរក្សាជាតិទឹកក្នុងខ្លួន។
រាងកាយមនុស្សត្រូវការជាតិទឹកប្រហែលជា ៦០-៧០ ភាគរយ។ ទឹកបំពេញមុខងារ រក្សាគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ ដូចនេះភេសជ្ជៈមានជាតិផ្អែមមិនមែនជាជម្រើសល្អ និងមិនបង្កើនការដុតជាតិខ្លាញ់ក្នុងខ្លួនបានឡើយ។
ជាចុងក្រោយលោកបានណែនាំឲ្យយើងហាត់ប្រាណជាប្រចាំ ឬក៏យ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្ដាហ៍ ហើយអ្នកគ្មានពេលអាចធ្វើចលនា និងកិច្ចការផ្សេងៗ ដើម្បីបញ្ចេញជាតិពុល ញើសពីក្នុងរាងកាយ។
[embed-health-tool-heart-rate]