មានស្ត្រីជាច្រើនក្រោយឡើងគីឡូ ព្យាយាមរកគ្រប់វិធីដើម្បីឲ្យបានរាងស្គមស្អាតពីមុនមកវិញ ប៉ុន្តែមិនអាចបានសម្រេច។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី នឹងបង្ហាញពីជំនឿខុសនាំឲ្យយើងកាន់តែធាត់លើសដើម មិនថាអ្នកនៅលីវ ឬអ្នកមានកូនរួច ដែលតែងតែយល់ខុសកន្លងមក។
១- មិនផឹកទឹក ទម្ងន់មិនឡើង
ការពិតទៅប្រសិនបើខ្វះជាតិទឹក រាងកាយយើងនឹងឃ្លានខ្លាំង ទប់ចំណង់អាហារមិនសូវបានឃើញអីក៏ចង់ញ៉ាំទាំងអស់។ ដូច្នេះហើយបានជាអ្នកដែលមើលរំលងភាពសំខាន់របស់ទឹកឆាប់ធាត់រហ័ស។ វិធីផឹកទឹកដ៏ល្អបំផុត គឺភ្ញាក់ពីដេកព្រឹកឡើងមួយកែវ ផឹកមួយកែវទៀតចន្លោះពេលបាយ ផឹកក្រេបម្ដងបន្តិចៗ ចន្លោះពេលធ្វើការ ហើយផឹកមួយកែវពេញមុនចូលដេក១ម៉ោង។ បរិមាណត្រឹមត្រូវបំផុត គឺត្រូវផឹក ២ ទៅ ២,៥ លីត្រ/ថ្ងៃ។
២- ផឹកទឹកផ្លែឈើ
ការពិតទៅទឹកផ្លែឈើដែលដាក់លក់សព្វថ្ងៃនេះ គ្មានសារជាតិសរសៃនៅសេសសល់ឡើយ។ ដូច្នេះផឹកទឹកផ្លែឈើមួយកែវស្មើនឹងបង្កើនភាពធាត់ឲ្យខ្លួនឯងដោយមិនដឹងខ្លួន។ ក្រៅពីនេះ ពេលយើងផឹកទឹកផ្លែឈើដែលមានសារធាតុស្ករច្រើនឡើងៗពេលនោះកម្រិតជាតិស្ករក្នុងឈាមនឹងឡើងភ្លាមៗដែរ ធ្វើឲ្យយើងឆាប់ឆ្អែត។ ប៉ុន្តែមិនយូរប៉ុន្មាននៅពេលរាងកាយប្រើជាតិស្ករក្នុងឈាមអស់ហើយ ពេលនោះកម្រិតជាតិស្ករក៏នឹងថយចុះយ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យយើងឃ្លានខ្លាំង បាយ១ចាន ២ចានស្ទើរតែទប់មិនជាប់ ហើយទីបំផុតភាពធាត់ក៏កើនមួយជាពីរ។
៣- ទុកចិត្តម្ហូបគ្រប់មុខដែលចម្អិនពីត្រី
ត្រីអាចមានអូមេហ្កា ៣ ដែលជួយរំលាយជាតិខ្លាញ់ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់ស្ត្រីដែលកំពុងតែសម្រកទម្ងន់ប៉ុន្មានទេ ពីព្រោះអាហារដែលចម្អិនពីត្រីច្រើនតែគេចមិនផុតពីការចៀនឡើយ។ បើជាបឺហ្គឺរសាច់ត្រី គេដាក់ទឹកម៉ាយ៉ូណែស (Mayonnaise) ទាល់តែសើមជោគ។ ដូច្នេះមុននឹងញ៉ាំត្រី មិនត្រូវភ្លេចគណនារកបរិមាណកាឡូរីផង ពីព្រោះត្រីមួយចានខ្លះអាចមានកាឡូរីខ្ពស់ជាងមាន់អាំងដ៏ឆ្ងាញ់ពិសារបស់យើងទៅទៀត។
៤- អាហារខ្លាញ់ទាបគឺមិត្តល្អ
អាហារខ្លាញ់ទាបភាគច្រើនមានរសជាតិសាប ដូច្នេះហើយបានជាអ្នកចម្អិនច្រើនថែមស្ករចូលធ្វើឲ្យទម្ងន់ទទួលកាឡូរីបន្ថែមយ៉ាងច្រើនទៀត។ ដូច្នេះបើចង់ផ្ញើក្ដីសង្ឃឹមទៅលើអាហារខ្លាញ់ទាប ស្ត្រីទាំងឡាយត្រូវអានស្លាកណែនាំឲ្យបានច្បាស់ ដើម្បីត្រួតពិនិត្យបរិមាណស្ករ និងកាឡូរីផង។
៥- ទុកចិត្តអាហារបន្លែ
ពាក្យថាបន្លែមួយម៉ាត់មិនមែនមានកាឡូរីទាបនោះទេ ពីព្រោះអាហារបន្លែភាគច្រើន មានខ្លាញ់ពេញចាន ដូចជាឆាបន្លែជាដើម ពេលញ៉ាំទៅភាពធាត់ក៏មកសួរសុខទុក្ខ។ ដូច្នេះបើចង់ញ៉ាំបន្លែត្រូវចូលផ្ទះបាយធ្វើដោយខ្លួនឯង ឬក៏ប្រាប់ទៅអ្នកធ្វើការនៅតាមហាងឲ្យដាក់ខ្លាញ់តិចបំផុតតាមដែលអាចធ្វើទៅបាន។
៦- គោលដៅហួសជើងមេឃ
មុននឹងយើងតាំងចិត្តសម្រកទម្ងន់ ស្ត្រីទាំងឡាយគួរតែទទួលស្គាល់ថា តើទ្រាំសម្រកទម្ងន់បានដែរឬទេ? អ្នកខ្លះកំណត់ក្នុងចិត្តថា នឹងសម្រកទម្ងន់ឲ្យបានមួយសប្ដាហ៍ ២ គីឡូក្រាម ដែលអាចធ្វើបាននៅសប្ដាហ៍ដំបូង។ ប៉ុន្តែសប្ដាហ៍ទីពីរមិនគ្រាន់តែទ្រាំមិនបានប៉ុណ្ណោះទេ ថែមទាំងញ៉ាំច្រើនជាងមុនទៅទៀត។
៧- អត់ញ៉ាំរបស់ផ្អែម
ទោះបីជារបស់ផ្អែមធ្វើឲ្យធាត់ក្ដី ប៉ុន្តែការតមមិនញ៉ាំចំណីផ្អែមសោះក៏មិនមែនជាវិធីសម្រកទម្ងន់ដ៏ល្អនោះដែរ ពីព្រោះវានឹងធ្វើឲ្យរាងកាយ និងបេះដូងយើងដង្ហោយរកតែនំខេក ទឹកក្រូចរហូតនៅពេលណាដែលយើងបានហូបនំផ្អែមៗ ត្រឹមតែមួយចំណិត នោះយើងនឹងភ្លេចចំណីផ្សេងគ្រប់យ៉ាង។
[embed-health-tool-heart-rate]