នេះជាដំណឹងពិសេសដែលម៉ាក់ៗជាច្រើនតែងប្រាថ្នាចង់បានរាងស្អាត ព្រោះបញ្ហាធាត់ និងក្បាលពោះមិនស្រក ជាក្ដីកង្វល់ធំបំផុតសម្រាប់ស្រ្តីសម្រាលកូនកូនរួច។
នៅក្នុងកម្មវិធី Vitabiotics-Education Meet 2019 ដែលសហការជាមួយសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ លោកវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល ចែករំលែកដល់ស្រ្តីសម្រាលកូនរួចថា ម៉ាក់ៗអាចស្រកទម្ងន់បាន ដោយការបំបៅដោះកូន។
ក្រៅពីសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ល្អចំពោះទារកហើយ ម៉ាក់ៗអាចស្រកគីឡូបានទៀត ដោយការបំបៅកូនមួយថ្ងៃអាចដុតកាឡូរីប្រហែល ៥០០។
វេជ្ជបណ្ឌិតដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលីរូបនេះបានបន្តទៀតថា ក្រៅពីព្យាយាមបំបៅដោះកូនហើយ ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ឬបើគ្មានពេលទេគួរតែដើរ ឬជិះកង់ ដើម្បីឲ្យរលាយជាតិខ្លាញ់ ហើយត្រូវកាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ ឬសាច់ និងញ៉ាំបន្លែផ្លែឈើឲ្យបានច្រើនជាងវិញ។ លោកស្រីបានបញ្ជាក់ប្រាប់ត្រង់ចំណុចនេះថា ការកាត់បន្ថយសាច់មិនអាចប៉ះពាល់ដល់ទឹកដោះម្ដាយឡើយ ព្រោះតម្រូវការប្រចាំថ្ងៃសាច់ត្រឹម ១ ឬ ២ ដុំប៉ុណ្ណោះ ដែលគិតជាចំនួនត្រឹម ១ខាំ គឺគ្រប់គ្រាន់ហើយ។
អ្នកជំនាញអាហារូបត្ថម្ភដដែលក៏បានបន្តទៀតថា បាយមួយចានមានជាតិកាឡូរីពី ២៥០- ៥០០ ដូចនេះបើយើងញ៉ាំច្រើន កាឡូរីក៏កើនទៅតាមនោះដែរ។ មួយវិញទៀតភេសជ្ជៈកំប៉ុងមានជាតិផ្អែមក៏មិនគួរផឹកច្រើនដែរ ព្រោះមួយប៉ុងមានជាតិស្ករសឹងតែស្មើតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាក់ទៅហើយ។
លោកស្រីក៏បញ្ជាក់ផងដែរថា ក្នុងមួយខែស្ត្រីសម្រាលកូនត្រូវស្រក ២ គីឡូ តាមរបៀបធម្មជាតិដែលបានណែនាំខាងលើ ហើយក្រោយមានកូន ៦ ខែ ត្រូវយករូបរាងដើមមកវិញ ព្រោះប្រសិនបើមិនអាចស្រកទម្ងន់បានក្នុងអំឡុងពេលនេះ ពេលទៅមុខទៀតគឺពិបាកហើយ ណាមួយអ្នកដែលមានកូនរួចមិនទាន់ស្រកគីឡូដូចដើម ហើយមានកូនបន្តបន្ទាប់ទៀត គឺសឹងតែគ្មានឱកាសស្រកទម្ងន់បានទៀតទេ។ ដូចនេះហើយបានជាយើងសង្កេតឃើញស្រ្តីវ័យចំណាស់ភាគច្រើន ធាត់ជាងមុន ព្រោះពេលសម្រាលកូនរួចមិនបានខ្វល់ខ្វាយរឿងទម្ងន់នេះ រហូតបណ្ដោយមាឌឲ្យកាន់តែរីកទទឹងទៅ។
ជាចុងក្រោយវេជ្ជបណ្ឌិត ជា ម៉ារី បានឲ្យដឹងថា ដើម្បីឲ្យទម្ងន់ស្រកវិញ ក្រោយសម្រាលត្រូវប្រកាន់ខ្ជាប់ ៣ ចំណុច គឺញ៉ាំឲ្យមានតុល្យភាព ញ៉ាំឲ្យបានគ្រប់មុខទាំងបន្លែផ្លែឈើ និងទី ៣ ញ៉ាំឲ្យចេះគិត មិនមែនញ៉ាំតាមចិត្តចង់។
អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗកុំចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់ទាំងម្តាយទាំងកូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]