អ្នកណាក៏ដូចអ្នកណា ក្រោយពេលហាត់ប្រាណហើយ រាងកាយយើងច្បាស់ជាឈឺចុកចាប់ ពិសេសនោះគឺសាច់ដុំតែម្ដង ព្រោះប្រើវាខ្លាំងអំឡុងពេលហាត់ប្រាណ ឬលេងកីឡា។ អាការៈឈឺចាប់លើរាងកាយក្រោយលេងកីឡា ឬហាត់ប្រាណ មិនបង្កជាបញ្ហាធំដុំគួរឲ្យបារម្ភទេ ប៉ុន្តែ បើយើងប្រឹងហាត់ប្រាណទាំងឈឺខ្លួនបែបនេះវាល្អដល់រាងកាយ និងសុខភាពឬអត់?
តាមពិតទៅ អាការៈឈឺចាប់លើរាងកាយជារឿយៗ តែងតែកើតមានឡើងក្រោយពេលយើងហាត់ប្រាណ ឬលេងកីឡា ប៉ុន្តែយើងនៅតែអាចបន្តហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយបានធម្មតា។ យ៉ាងណាមិញ យើងក៏ត្រូវចេះសង្កេតមើលស្ថានភាពរាងកាយយើងដែរ ព្រោះកាលណាបើយើងឈឺលើរាងកាយ ហើយខំប្រឹងហាត់ប្រាណ ឬលេងកីឡាខ្លាំងពេក ក៏វាអាចបង្កឲ្យមានរបួសសាច់ដុំ ឬកើតជាជំងឺរលាកសន្លាក់ក៏ថាបាន។
- បើយើងស្ពឹកសាច់ដុំតិចៗ៖ ក្នុងករណីយើងគ្រាន់តែស្ពឹកសាច់ដុំតិចតួច យើងគួរបន្តហាត់ប្រាណបែប Cardio ឬក្បាច់ពត់ខ្លួនស្រាល ដើម្បីសម្រួលដល់បញ្ហាស្ពឹកសាច់ដុំ។ ម៉្យាងវិញទៀតវាក៏ជួយដល់លំហូរឈាមក្នុងរាងកាយយើងបានផងដែរ។
- បើយើងឈឺលើរាងកាយ៖ ពេលដែលយើងឈឺចាប់លើរាងកាយ យើងអាចសម្រាកមួយថ្ងៃ ឬពីរសិន ឬបើមិនចង់អត់ហាត់ប្រាណ យើងអាចដើរ ឬហាត់ប្រាណក្បាច់ពត់ខ្លួនណាស្រាលៗ ចៀសវាងដាក់សម្ពាធកាន់តែខ្លាំងទៅលើសាច់ដុំ និងរាងកាយ។
- បើយើងឈឺចាប់ខ្លាំង៖ ក្នុងករណីយើងឈឺចាប់លើរាងកាយខ្លាំង រហូតពិបាកធ្វើសកម្មភាពប្រចាំថ្ងៃដូចជា លើកដៃ ឬដើរ។ល។ យើងគួរសម្រាករហូតអាការៈធូរស្រាលទៅវិញសិន សឹមបន្តហាត់ប្រាណ ឬលេងកីឡា ប៉ុន្តែមិនត្រូវប្រើកម្លាំងខ្លាំងពេកនោះទេ។
តិចនិកដោះស្រាយអាការៈឈឺចាប់លើរាងកាយ
១. ម៉ាស្សាអាចនាំយកឈាមទៅសាច់ដុំដែលឈឺចាប់ដើម្បីសម្រួលអាការៈឈឺចុកចាប់ តែបើធ្វើជ្រុលវាអាចបណ្ដាលឲ្យយើងឈឺសាច់ដុំកាន់តែធ្ងន់ដូចគ្នា។ បន្ថែមពីលើនេះ យើងត្រូវញ៉ាំទឹកឲ្យបានច្រើន។
២. យើងក៏អាចប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាបាន ប៉ុន្តែយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះវាអាចបណ្ដាលឲ្យមានផលរំខាន។
៣. ដើម្បីបំបាត់អាការៈឈឺចាប់លើរាងកាយ យើងក៏អាចសម្រួលអាការៈដោយការស្អំទឹកកក ឬទឹកក្ដៅ ឬមួយត្រាំទឹកកក ឬទឹកក្ដៅក៏បាន។
[embed-health-tool-bmi]