ថ្នាំផ្សះ គឺជាឱសថដែលប្រើដើម្បីការពារ និងព្យាបាលការបង្ករោគដោយបាក់តេរីចំពោះមនុស្ស និងសត្វ។ ថ្វីបើវាមានគុណប្រយោជន៍ព្យាបាលក៏ពិតមែន តែការប្រើប្រាស់មិនត្រឹមត្រូវ ថ្នាំផ្សះនឹងបង្កឲ្យមានបញ្ហាចំពោះសុខភាពរាងកាយទៅវិញ ដែលបញ្ហាមួយសំខាន់ជាងគេនោះ គឺការស៊ាំថ្នាំផ្សះ (Antibiotic Resistance)។ មនុស្សជាច្រើនដែលមិនទាន់យល់ថាតើអ្វីទៅជាបញ្ហា ស៊ាំថ្នាំផ្សះ? ដូចនេះ អត្ថបទខាងក្រោមនេះ នឹងពន្យល់គ្នាយើងឲ្យកាន់តែច្បាស់។
គ្នាយើងដឹងហើយថាថ្នាំប្រឆាំងបាក់តេរី ឬថ្នាំផ្សះ គឺប្រើដើម្បីព្យាបាលនិងការពារការបង្ករោគដោយបាក់តេរី ប៉ុន្តែនៅពេលមួយដែលបាក់តេរី ដែលធ្លាប់ព្យាបាលដោយថ្នាំផ្សះនោះ ផ្លាស់ប្ដូរការឆ្លើយតបរបស់វាទៅនឹងថ្នាំ ហើយវាប្រែជាមិនអាចស្លាប់ដោយសារថ្នាំផ្សះ នោះគឺបានសេចក្ដីថា បាក់តេរីទាំងនោះ បានស៊ាំជាមួយថ្នាំផ្សះហើយ។ ដោយសារតែការស៊ាំនេះហើយ ទើបការព្យាបាលចំពោះអ្នកជំងឺកាន់តែយូរ តម្លៃនៃការព្យាបាលកាន់តែថ្លៃ និងការព្យាបាលកាន់តែលំបាកទៅៗដែរ។
បញ្ហាស៊ាំថ្នាំផ្សះ គឺកើតឡើងនៅពេលដែលបាក់តេរី និងពពួកផ្សិតរងឥទ្ធិពលរបស់ថ្នាំផ្សះតិចពេក ឬច្រើនពេក ហើយបាក់តេរីទាំងនោះក៏ចាប់ផ្ដើមវិវត្តខ្លួនការពារពីថ្នាំផ្សះទាំងនោះ។ ដូចនេះហើយនៅពេលដែលអ្នកជំងឺប្រើថ្នាំផ្សះមិនត្រឹមត្រូវ ដូចជាប្រើច្រើនហួសហេតុដោយមិនត្រូវនឹងការព្យាបាល ប្រើប្រាស់មិនទៀងពេលវេលា ប្រើខុសកម្រិតដូសរបស់ថ្នាំ គឺសុទ្ធតែអាចនាំឲ្យមានការប្រឈមនឹងមានបញ្ហាស៊ាំថ្នាំផ្សះនេះ។ ដោយសារតែបែបនេះ ទើបរាល់ការព្យាបាលរបស់គ្រូពេទ្យដោយប្រើថ្នាំផ្សះ គឺទាល់តែផ្ដល់គុណប្រយោជន៍នៃការព្យាបាលខ្ពស់ជាងការប្រឈមនឹងបញ្ហា ទើបគ្រូពេទ្យប្រើប្រាស់ថ្នាំប្រភេទនេះ។
បញ្ហាការស៊ាំថ្នាំផ្សះ គឺជាបញ្ហាសុខភាពសាធារណៈដែលគ្រោះថ្នាក់មួយ។ ដោយសារតែនៅបច្ចុប្បន្ន នៅកន្លែងមួយចំនួននៅទូទាំងពិភពលោក ថ្នាំផ្សះគឺអាចរកទិញបានយកទៅប្រើប្រាស់ដោយមិនចាំបាច់វេជ្ជបញ្ជា ទើបបញ្ហានេះកាន់តែកើនឡើងខ្ពស់ទៅៗ ហើយបាក់តេរីមួយចំនួនដែលធ្លាប់តែព្យាបាលដោយថ្នាំផ្សះធម្មតា ប្រែជាមិនអាចព្យាបាលដោយថ្នាំដដែលនោះបានទៅវិញ ជាហេតុនាំឲ្យជំងឺនោះកាន់តែធ្ងន់ធ្ងរទៅៗ។
យើងដឹងហើយថាការស៊ាំថ្នាំផ្សះនេះ គឺកើតឡើងដោយសារការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ដោយប្រើប្រាស់មិនទៀតទាត់ ឬដោយប្រើប្រាស់ច្រើនដោយមិនត្រឹមត្រូវ។ មានជំហានជាច្រើនដែលយើងអាចការពារខ្លួនយើង និងអ្នកនៅជុំវិញយើងឲ្យកាត់បន្ថយបញ្ហានេះដូចជា៖
-ត្រូវប្រើថ្នាំផ្សះតាមតែវេជ្ជបញ្ជារបស់គ្រូពេទ្យតែប៉ុណ្ណោះ មិនត្រូវប្រើវាដោយគ្មានការយល់ព្រមពីគ្រូពេទ្យឡើយ
-ត្រូវធ្វើតាមរាល់ការណែនាំរបស់ពេទ្យ
-មិនត្រូវឲ្យថ្នាំផ្សះដែលនៅសល់ឲ្យទៅអ្នកដទៃប្រើបន្តឡើយ
-ត្រូវរស់នៅស្អាតមានអនាម័យ ដោយលាងដៃញឹកញាប់ ញ៉ាំអាហារដែលចម្អិនដោយមានអនាម័យ ចៀសវាងប៉ះពាល់អ្នកដែលឈឺ៕
[embed-health-tool-bmi]