backup og meta

ទឹក​ឃ្មុំ​ល្អ​ចំពោះ​សុខភាព​ តែ​កុំញ៉ាំ​លើសពី​៥០​មិល្លីលីត្រ​​ក្នុង​មួយថ្ងៃ​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 21, 2021

    ទឹក​ឃ្មុំ​ល្អ​ចំពោះ​សុខភាព​ តែ​កុំញ៉ាំ​លើសពី​៥០​មិល្លីលីត្រ​​ក្នុង​មួយថ្ងៃ​​

    គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​ទឹក​ឃ្មុំ​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព ប៉ុន្តែ​គ្នា​យើង​​ដឹង​ទេ​ថា​គួរ​ញ៉ាំ​កម្រិត​ណា​មិន​ប៉ះពាល់​សុខភាព? តាម​ការណែនាំ​គ្នា​យើង​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​លើស​ពី​៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ បើ​ញ៉ាំ​លើស​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​។​

    . អាច​ធ្វើ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    ទឹក​ឃ្មុំ​មាន​ផ្ទុក​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត ក្នុង​បរិមាណ​ដ៏​ច្រើន​។ ដូច​នេះ​ហើយ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ពេក​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ក៏​ហក់​ឡើង​ដូច​គ្នា​។​ មួយ​វិញ​ទៀត បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​​នោះ យើង​នឹង​បាន​ដឹង​ពី​ភាព​មិន​ប្រ​ក្រ​តី​នៃ​កម្រិត​ជាតិ​ស្ករ​កាន់តែ​លឿន​ និង​អាច​មាន​គ្រោះ​ថ្នាក់​​ទៀត​ផង​។​

    . ទឹកឃ្មុំ​អាច​បញ្ចុះ​សម្ពាធ​ឈាម​

    ទឹក​ឃ្មុំ​ត្រូវ​គេ​ដឹង​ថា​មាន​សារធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​។ ប៉ុន្តែ​បើ​យើង​ញ៉ាំ​ច្រើន​លើស​ការ​កំណត់ វា​ក៏​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ដូច​គ្នា។ បើ​សិន​ជា​យើង​បន្ត​ឲ្យ​មាន​អាការៈ​បែប​នេះ​យូរ​អង្វែង នោះ​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បេះ​ដូង​​មិន​ខាន​។​

    ញ៉ាំទឹកឃ្មុំ

    . បង្ក​ជា​បញ្ហា​ក្រពះ​ពោះ​វៀន​

    ក្នុង​ករណី​គ្នា​យើង​កំពុង​ជួប​បញ្ហា​ទល់លាមក​ផង​នោះ បើ​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ទៀត​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​អាក្រក់​ជាង​មុន។​ ក្រៅពី​នេះ ញ៉ាំ​ទឹក​ឃ្មុំ​លើស​កម្រិត​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​ពោះ ឬ​រាក ព្រោះ​តែ​រាង​កាយ​មិន​អាច​បំបែក​ស្ករ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។​

    . ធ្វើ​ឲ្យ​ឡើង​គីឡូ

    បើ​និយាយ​ដល់​ការ​ឡើង​គីឡូ ស្រីៗ​ឮ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​ បើ​កំពុង​តែ​មាន​ផែនការ​សម្រក​ទម្ងន់​ផង​នោះ។ អ៊ីចឹង​ហើយ បើ​យើង​ស្ថិត​ក្នុង​ផែនការ​សម្រក​ទម្ងន់​ ត្រូវ​ញ៉ាំ​ទឹក​ឃ្មុំ​ឲ្យ​មាន​កម្រិត​។ ទឹក​ឃ្មុំ​មាន​កាឡូរី និង​ស្ករ​ ខ្ពស់ និង​មាន​កាបូអ៊ីដ្រាត​ថែមទៀត​ផង ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​គីឡូ​ឡើង​បាន​។​

    . អាច​មាន​បញ្ហា​ធ្មេញ

    ពេល​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ពេក គឺ​ប្រៀប​ដូច​ជា​យើង​ញ៉ាំ​ស្ករ​ច្រើន​អ៊ីចឹង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ពុក​បាន។​ តាម​ការ​ស្រាវ​ជ្រាវ ទឹក​ឃ្មុំ​មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៨២​ភាគ​រយ ដែល​ចំនួន​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​ខូច​បាន​។ មួយ​វិញទៀត ទឹក​ឃ្មុំ​ក៏​មាន​ភាព​ស្អិត​ពី​ធម្មជា​តិ ដែល​អាច​តោង​ជាប់​នៅ​នឹង​ធ្មេញ​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពុក​ធ្មេញ។​

    បើ​អ៊ីចឹង​គួរ​ធ្វើ​ម៉េច​ល្អ?

    តាម​ការ​ណែ​នាំគ្នា​យើង​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​លើស​ពី៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​ក៏​មិន​ត្រូវ​ឲ្យ​ញ៉ាំទឹក​ឃ្មុំ​នោះ​ដែរ​។ មួយ​វិញ​ទៀត​ បើ​យើង​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សម្រេច​ដាក់​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម