backup og meta

ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ កុំ​រំលង​ភេសជ្ជៈ​មួយ​​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 04, 2021

    ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ កុំ​រំលង​ភេសជ្ជៈ​មួយ​​នេះ

    កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្វាហាប់​ និង​​ថាមពល​ពេញ​មួយ​ថ្ងៃ​​​។​ នៅ​ពេល​ដែល​កម្រិត​ជា​ស្ករ​ចុះ​ទាប​​ពេក ​ឬ​ខ្ពស់​ពេក​ វា​នឹង​​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដល់​រាងកាយ​របស់​យើង​។​ ហេតុ​នេះ​ហើយ​ ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ល្អ​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដែល​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​ ជាក់​ស្ដែង​ ទឹក​ដូង​​គឺ​ជា​ភេសជ្ជៈ​ធម្មជាតិ​ដែល​មាន​គុណប្រយោជន៍​ច្រើន​ដល់​សុខភាព​​ ព្រម​ជាមួយ​នឹង​រសជាតិ​ផ្អែម​ឆ្ងាញ់។​ លើស​ពី​នេះ​ ទឹក​ដូង​ក៏​មាន​​សារធាតុ​ចិញ្ចឹម​ ក៏​ដូចជា​សារធាតុ​រ៉ែ​​ដែល​រាងកាយ​ត្រូវការ​​ជា​ចាំបាច់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ថែម​ទៀត​ផង​។​

    . ជំរុញ​ការ​​ធ្វើ​មេតាប៉ូលីស

    ទឹក​ដូង​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដោយ​បង្កើន​អារម្មណ៍​ឆ្អែត​ គ្រប់គ្រង​ចំណង់​អាហារ​ និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​​​។​ នៅ​ពេល​ដែល​ការ​ធ្វើ​មេតាប៉ូលីស​​មាន​ភាព​ប្រសើរ​ឡើង​ រាងកាយ​របស់​យើង​ក៏​ធ្វើការ​​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ​។​

    . សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ

    ​​ទឹក​ដូង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​ជា​ច្រើន ដូចជា​ជាតិ​សរសៃ ប៉ូតាស្យូម​ កាល់ស្យូម​ ម៉ាញ៉េស្យូម​ សូដ្យូម​ និង​ជាតិ​ដែក ហើយ​សមាសធាតុ​ទាំង​នេះ​មាន​គុណប្រយោជន៍​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​​បាន​យ៉ាង​ពូកែ​​សក្ដិសិទ្ធិ​​។​

    . ជួយ​​ឲ្យ​ចរន្ត​​ឈាម​ប្រសើរ​ឡើង

    ចរន្ត​ឈាម​ខ្សោយ​ គឺ​ជា​បញ្ហា​ទូទៅ​សម្រាប់​អ្នក​​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ភ្នែក​ រមួល​សាច់​ដុំ និង​ខ្សោយ​តម្រង​នោម​ជាដើម​។​ ទឹក​ដូង​មាន​អត្ថប្រយោជន៍​​​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​ និង​ធ្វើ​ឲ្យ​លំហូរ​ឈាម​​នៅ​ក្នុង​រាងកាយ​មាន​សភាព​ធម្មតា​ ដោយ​ធានា​ថា​យើង​​អាច​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយសារ​ចរន្ត​ឈាម​ខ្សោយ​។

    ទឹកដូង២

    . ជួយ​ដល់​ការ​សម្រក​ទម្ងន់

    ​​ការ​លើស​ទម្ងន់​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ លើស​ពី​នេះ​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​តែងតែ​មាន​ការ​​​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា​។​ យ៉ាង​ណា​មិញ​ ទឹក​ដូង​មាន​កាឡូរី​ទាប​ ហើយ​ផ្ទុក​ទៅ​ដោយ​ជីវ​អង់ស៊ីម ដែល​​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ទឹក​ដូង​ជា​​ទៀងទាត់ ​​វា​អាច​ជួយ​យើង​ជៀស​ឆ្ងាយ​ពី​ការ​ញ៉ាំ​ជ្រុល​ ដោយ​​​កាត់​បន្ថយ​កាឡូរី​​​​ដែល​យើង​​ទទួល​បាន​ពី​អាហារ​។

    . កម្រិត​ស្ករ​ទាប​ក្នុង​អាហារ ​​

    បន្ថែម​ពី​នេះ​ ទឹក​ដូង​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ និង​ផ្ទុក​ទៅ​ដោយ​ស្ករ​ធម្មជាតិ​​តិចតួច​បំផុត​ ដូចនេះ​ វា​មិន​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​របស់​យើង​កើន​ឡើង​ឡើយ​។​

    . សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់

    ជាក់​ស្ដែង​ ទឹក​ដូង​​មាន​ជាតិ​សរសៃ​ក្នុង​អាហារ​ខ្ពស់​ ព្រម​ទាំង​ផ្ទុក​អាស៊ីដ​អាមីណូ​ ដែល​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​​បាន​ល្អ​​ប្រសើរ​​។​ មួយ​វិញ​ទៀត​ ជាតិ​សរសៃ​នេះ ក៏​ជួយ​សម្រួល​ដល់​ការ​រំលាយ​​ជាតិ​ស្ករ​នៅ​ក្នុង​រាងកាយ​របស់​យើង​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម