អេឡិចត្រូលីតមាននាទីរក្សាតុល្យភាពសារធាតុរាវនៅក្នុងរាងកាយ និងជួយបង្កើនថាមពលឱ្យរាងកាយយើង។ យើងអាចបាត់បង់អេឡិចត្រូលីតតាមរយៈការបែកញើសច្រើន រាក ក្អួត ឬបាត់បង់ឈាមជាដើម។ យើងគួរធ្វើម៉េចដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ?
អេឡិចត្រូលីតមាននាទីរក្សាតុល្យភាពសារធាតុរាវនៅក្នុងរាងកាយ និងជួយបង្កើនថាមពលឱ្យរាងកាយយើង។ យើងអាចបាត់បង់អេឡិចត្រូលីតតាមរយៈការបែកញើសច្រើន រាក ក្អួត ឬបាត់បង់ឈាមជាដើម។ យើងគួរធ្វើម៉េចដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ?

អេឡិចត្រូលីត គឺជាភាគល្អិតសារធាតុរ៉ែដូចជា សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាតជាដើម ដែលមាននៅក្នុងឈាម និងសារធាតុរាវក្នុងរាងកាយរបស់យើង។
នៅពេលរាងកាយយើងបាត់បង់អេឡិចត្រូលីត យើងនឹងវិលមុខ អស់កម្លាំង ថប់បារម្ភ រមួលសាច់ដុំ ឆាប់ខឹង ញ័របេះដូង វង្វេង សម្ពាធឈាមចុះទាប ឈឺក្បាល ស្រេកទឹក ទល់លាមក និងមានជំងឺឆ្អឹង ជាដើម។
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
ខាងក្រោមនេះជាអាហារមួយចំនួនដែលយើងអាចញុំាដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ៖
ទឹកដូងមួយពែងមានផ្ទុកប៉ូតាស្យូមប្រហែល ៦០០ មិល្លីក្រាម សូដ្យូម ២៥២ មិល្លីក្រាម និងមានជាតិស្ករធម្មជាតិដែលមានប្រសិទ្ធភាពក្នុងការបំពេញថាមពល និងអេឡិចត្រូលីតដែលយើងបាត់បង់ក្រោយពេលបែកញើសច្រើន។
ទំពាំងបាយជូរក្រៀមផ្ទុកទៅដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម ដែលជាជម្រើសងាយស្រួលក្នុងការបំពេញអេឡិចត្រូលីតឡើងវិញ ប៉ុន្តែយើងមិនត្រូវញុំាច្រើនពេកទេ។
ឪឡឹកផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗដូចជា ស្ករធម្មជាតិ ប៉ូតាស្យូម និងទឹក។ យើងអាចញុំាឪឡឹកដើម្បីបង្កើនថាមពល និងអេឡិចត្រូលីត។
យើងអាចបង្កើនកម្រិតជាតិកាល់ស្យូមដោយការញ៉ាំអាហារដូចជា ទឹកដោះគោ ទឹកដោះគោជូរ (យ៉ាអួ) ឈីស បន្លែស្លឹកបៃតង ផ្លែក្រូច បង្គា និងសណ្តែកដី។

រាងកាយរបស់យើងត្រូវការម៉ាញ៉េស្យូមដើម្បីដំណើរការសាច់ដុំ និងសរសៃប្រសាទ។ អាហារផ្ទុកម៉ាញ៉េស្យូមខ្ពស់មានដូចជាបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងសណ្តែក។
អាហារសម្បូរប៉ូតាស្យូមមានដូចជា ផ្លែបឺរ ចេក ដំឡូង ការ៉ុត សាច់គោគ្មានខ្លាញ់ ក្រូច ប៊័រសណ្តែកដី សណ្តែក ត្រីសាល់ម៉ុន ស្ពៃពួយឡេង និងប៉េងប៉ោះ។
យើងអាចបាត់បង់សារធាតុក្លរួ និងសូដ្យូម ពេលបែកញើសច្រើន។ ដូច្នេះយើងអាចញុំាអាហារសម្បូរទៅដោយជាតិក្លរួដូចជា សារ៉ាយសមុទ្រ ប៉េងប៉ោះ សាឡាត់ ឬ ខិនឆាយ។
កង្វះវីតាមីន D អាចបន្ថយកម្រិតផូស្វាត និងកាល់ស្យូមក្នុងខ្លួន ដូច្នេះយើងអាចបង្កើនវីតាមីន D ដោយហាលថ្ងៃប្រហែល ២០ នាទីជារៀងរាល់ថ្ងៃ និងញុំាអាហារដូចជា ផ្សិត ត្រីសាល់ម៉ុន តៅហ៊ូ ស៊ុត និងសាច់ជ្រូកគ្មានខ្លាញ់។
រាងកាយយើងត្រូវការអេឡិចត្រូលីតដើម្បីដំណើរការ ដូច្នេះយើងត្រូវញុំាទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាតុល្យភាពអេឡិចត្រូលីតក្នុងខ្លួន។ ការលើស ឬខ្វះអេឡិចត្រូលីតអាចបណ្តាលឱ្យយើងមានបញ្ហាសុខភាពដូចគ្នា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
4 Ways to Replenish Electrolytes After Sweating or Working Out
4 Ways to Replenish Electrolytes After Sweating or Working Out (livestrong.com)
How to Increase Electrolytes
https://www.wikihow.com/Increase-Electrolytes
Electrolyte Imbalance: Symptoms and How to Correct
https://drjockers.com/electrolyte-imbalance/
Symptoms of Electrolyte Imbalance, Plus How to Solve It
https://draxe.com/health/electrolyte-imbalance/
5 Foods to Replenish Electrolytes
https://www.pureprotein.com/lifestyle/5-foods-to-replenish-electrolytes/
កំណែប្រែបច្ចុប្បន្ន
28/12/2021
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ