និយមន័យ
១- តើអ្វីទៅជា MRI ?
MRI មកពីពាក្យ Magnetic Resonance Imaging ជាតេស្តប្រើប្រាស់កម្លាំងដែកឆក់ រលកវិទ្យុសកម្ម និងកុំព្យូទ័រ ដើម្បីថតមើលរូបភាពខាងក្នុងរាងកាយ។ គ្រូពេទ្យប្រើតេស្តនេះ ដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាតាមដានការព្យាបាល។ MRI ខុសពីកាំរស្មីអ៊ិច និងថត CT ត្រង់មិនប្រើកាំរស្មីនោះឡើយ។
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
MRI ជួយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ តាមដានការព្យាបាល ងាយស្រួលវាយតម្លៃគ្រប់ផ្នែកនៃរាងកាយ។
ថត MRI លើខួរក្បាល និងខួរឆ្អឹងខ្នងដើម្បីរកមើលបញ្ហាមួយចំនួនដូចជា៖
– ករណីខូចខាតសរសៃឈាម
– របួសខួរក្បាល
– មហារីក
– បញ្ហាក្រិនសរីរាង្គណាមួយ (Multiple sclerosis)
– របួសខួរឆ្អឹងខ្នង
– ស្ទះសរសៃឈាមខួរក្បាល (Stroke)
ថត MRI លើបេះដូង និងសរសៃឈាមដើម្បីរក៖
– សរសៃឈាមស្ទះ
– ការខូចខាតបណ្តាលមកពីការគាំងបេះដូង
– ជំងឺបេះដូង
– ទម្រង់បេះដូងខុសធម្មតា
ថត MRI ទៅលើឆ្អឹង និងសន្លាក់ដើម្បីរក៖
– ករណីឆ្លងរោគនៅឆ្អឹង
– មហារីក
– ករណីខូចខាតសន្លាក់
– មានបញ្ហានៅទ្រនាប់ឆ្អឹងខ្នង
MRI ក៏អាចថតដើម្បីពិនិត្យសុខភាពសរីរាង្គមួយចំនួនដូចជា៖
– សុដន់
– ថ្លើម
– តម្រងនោម
– អូវែរ
– លំពែង
– ក្រពេញប្រូស្តាត
ប្រភេទថត MRI ពិសេសម៉្យាង ហៅថា functional MRI (fMRI) អាចមើលសកម្មភាពខួរក្បាលបាន ដោយមើលលើលំហូរឈាមខួរក្បាល ផ្នែកដែលធ្វើការ។ ថត fMRI ជួយគ្រូពេទ្យដឹងពីបញ្ហាខួរក្បាលមួយចំនួន ដូចជា កម្រិតស្ទះសរសៃឈាមខួរក្បាល ឬអាចប្រើប្រាស់ រៀបចំការវះកាត់ដុំសាច់ ឬជំងឺឆ្កួតជ្រូកជាដើម។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនថត MRI?
មុនធ្វើតេស្តនេះ គ្រូពេទ្យអាចនឹងអោយអ្នក ត្រូវឆ្លើយសំនួរមួយចំនួនឲ្យបានច្បាស់ ព្រោះវាសំខាន់ណាស់សម្រាប់គ្រូពេទ្យធ្វើការសម្រេចចិត្តថត ឬមិនថត។ ត្រូវប្រាប់គ្រូពេទ្យ ក្នុងករណីធ្លាប់ដាក់បំពង់ដែកពង្រីកសរសៃឈាម (Stents) ដាក់ដែកក្បាលជង្គង់ ឬត្រគៀក ដាក់ថ្មបេះដូង (Pacemakers) ឬដាក់ប្រដាប់បញ្ជូលថ្នាំ មានសាក់នៅស្បែក ឬបិតបន្ទះថ្នាំ ព្រោះករណីទាំងនេះអាចធ្វើឲ្យរលាកស្បែកអំឡុងពេលថត។ លុះត្រាតែគ្រូពេទ្យប្រាកដថា មានសុវត្ថិភាពទើបអាចថតបាន។
ក្នុងករណី ខ្លាចកន្លែងចង្អៀត គួរប្រាប់គ្រូពេទ្យជាមុន ព្រោះកន្លែងគេងថតរៀងចង្អៀតបន្តិច។ គ្រូពេទ្យនឹងឲ្យកាស ឬប្រដាប់ខ្ទប់ត្រចៀក ព្រោះពេលថតមានសំឡេងខ្លាំង។
បើសិនគ្រូពេទ្យតម្រូវឲ្យចាក់សារធាតុថ្នាំសម្រាប់ថត (contrast agent ) ចុងដៃយើងអាចនឹងត្រជាក់បន្តិច បើឈឺចាប់ ប្រញាប់ប្រាប់គ្រូពេទ្យភ្លាម។
ត្រូវចាំថា គ្រូពេទ្យធ្វើតេស្តនេះក្នុងករណី វាផ្តល់នូវព័ត៌មានចាំបាច់សម្រាប់គាត់សម្រាប់ការព្យាបាល។ បើមានចម្ងល់ កុំខ្លាចឆាប់សួរគ្រូពេទ្យភ្លាម។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
មិនចាំបាច់ត្រៀមអ្វីមកពីផ្ទះទេ ពេលទៅដល់ គ្រូពេទ្យ នឹងឲ្យយើងផ្លាស់សម្លៀកបំពាក់សម្រាប់ថត ហើយដោយសារតែការថតត្រូវប្រើកំលាំងដែកឆក់ខ្លាំង តម្រូវឲ្យដោះគ្រឿងអលង្ការ ឬសារធាតុដែកផ្សេងៗ ចេញពីខ្លួនឲ្យអស់។
ថតសរីរាង្គខ្លះតម្រូវឲ្យជំងឺចាក់ថ្នាំសម្រាប់ថត (Contrast agent)។ មុនពេលថតគ្រូពេទ្យ នឹងនិយាយជាមួយយើង ទាក់ទងនឹងចម្ងល់មួយចំនួន។ ពេលចូលក្នុងបន្ទប់ថត គ្រូពេទ្យនឹងរៀបចំឲ្យយើងគេង ឲ្យកាសត្រចៀក អាចចាក់ជាបទចំរៀងជួយបន្ធូរអារម្មណ៍។
៥- មានអី្វកើតឡើងអំឡុងពេលថត?
ជាតិថ្នាំគ្រូពេទ្យចាក់ដើម្បីមើលសរីរាង្គមួយចំនួនឲ្យកាន់តែច្បាស់ ហៅថា Gadolinium អាចធ្វើឲ្យយើងធុំជាតិដែកពេញមាត់។ គ្រូពេទ្យនឹងយកក្រណាត់មកចងទប់អំឡុងពេលគេងថត ចំណែករាងកាយយើងអាចនៅក្នុងម៉ាស៊ីនទាំងមូល ឬនៅក្រៅខ្លះ។
ម៉ាស៊ីន MRI ធ្វើឲ្យមានប្រតិកម្មដែកឆក់ខ្លាំងក្នុងខ្លួនយើង បានបញ្ជូនសញ្ញាទាំងនោះមកកុំព្យូទ័រ និងចេញជារូបភាពរាងកាយក្នុងចំណិតស្តើងៗ។ យើងអាចឮសំឡេងគោះដឹបៗ ជាសំឡេងម៉ាស៊ីនកំពុងថតរាងកាយ។ អាចមានអារម្មណ៍ញាក់តិចៗ ដោយសារតែ MRI ភ្ញោចសរសៃប្រសាទក្នុងរាងកាយ តែក៏មិនចាំបាច់បារម្ភដែរ ហើយតេស្តទាំងមូលចំណាយពេលចន្លោះពី ២០-៩០ នាទី។
៦- មានអី្វកើតឡើងបន្ទាប់ថត MRI?
ពេលថតហើយ គ្រូពេទ្យនឹងពិនិត្យមើលរូប។ បើអាចយកជាការបាន យើងអាចទៅផ្ទះវិញរង់ចាំលទ្ធផលពេលក្រោយ។
លទ្ធផល
៧- លទ្ធផលមានន័យយ៉ាងណា?
គ្រូពេទ្យ នឹងសរសេរបាយការណ៍ផ្ញើឲ្យគ្រូពេទ្យទទួលការព្យាបាលយើង ដើម្បីធ្វើការណាត់ជួបពិភាក្សាលទ្ធផលនៅពេលក្រោយ។ ប្រសិនបើអ្នកមានចម្ងល់អ្វីទាក់ទងថត សូមសួរគ្រូពេទ្យបន្ថែម។
លទ្ធផលធម្មតា អាចខុសគ្នាបន្តិចបន្តួចអាស្រ័យលើកន្លែងថតនីមួយៗ ហេតុនេះសូមពិគ្រោះជាមួយគ្រូពេទ្យ បើមានចម្ងល់ពីលទ្ធផលតេស្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]