និយមន័យ
១- អ្វីជាតេស្តមេរោគក្រពះ?
តេស្ត នេះធ្វើឡើងក្នុងគោលបំណងរកមើល ករណីបង្កដោយមេរោគ អេលីកូបាក់ទែពីឡូរី (H. pylori) បង្កឲ្យមានដំបៅរលាកលើភ្នាសក្រពះ និងផ្នែកខាងដើមពោះវៀនតូច ប៉ុន្តែគ្រូពេទ្យរកឃើញថា គ្នាយើងខ្លះមានមេរោគនេះដូចគ្នា តែមិនវិវត្តទៅជាដំបៅខូងក្នុងក្រពះ ពោះវៀននោះទេ។
គ្រូពេទ្យអាចប្រើតេស្ត ៤ប្រភេទ ដើម្បីរកមើលមេរោគដូចជា៖
– តេស្តឈាម៖ រកមើលអង់ទីករប្រឆាំងរោគក្នុងឈាមដើម្បីដឹងថា តើយើងកំពុងមានរងការបង្ករោគស្រួចស្រាវ ឬធ្លាប់មានប្រវត្តិឆ្លងមេរោគនេះក្នុងឈាមឬអត់?
– តេស្តដង្ហើម៖ ដើម្បីរកមើលវត្តមានមេរោគក្នុងក្រពះតែម្ដង គ្រូពេទ្យអាចប្រើតេស្តនេះតាមដានប្រសិទ្ធភាពការព្យាបាលផងដែរ។
– តេស្តលាមក៖ រកមើលសារធាតុភ្ញោចឲ្យកកើតអង់ទីករនៅក្នុងលាមក អាចកំណត់រោគវិនិច្ឆ័យ និងមើលពីប្រសិទ្ធភាពថ្នាំព្យាបាល។
– ច្រឹបសាច់ក្រពះ៖ ធ្វើនៅពេលសុងក្រពះដើម្បីយកសាច់ពិនិត្យមើលដើម្បីកំណត់រោគវិនិច្ឆ័យ។
២-ហេតុអ្វីចាំបាច់ត្រូវធ្វើតេស្តនេះ?
តេស្តនេះធ្វើឡើងនៅពេលដែលអ្នកជំងឺមានសញ្ញាដូចជា៖
– ឈឺបាត់ៗនៅម្ដុំពោះ
– ស្រកទម្ងន់
– ពិបាករំលាយអាហារ
– ឆាប់ឆ្អែត ឬហើមពោះ
– ចង្អោរ
– ភើ
លើសពីនេះ អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាឈឺចុកខ្លាំងភ្លាមៗទ្រាំមិនបាន មានហូរឈាមតាមលាមក ក្អួតឈាមស្រស់ៗ ឬមានពណ៌ដូចកាកកាហ្វេ។
មិនតែប៉ុណ្ណោះ អាចប្រើតេស្តទាំងនេះដើម្បីវាយតម្លៃលទ្ធផលព្យាបាលដោយប្រើថ្នាំផ្សះ ថាតើអាចកម្ចាត់មេរោគ១០០ភាគរយ ឬអត់។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលធ្វើតេស្ត?
មិនមែនឈឺពោះទាំងអស់សុទ្ធតែមកពីមេរោគក្រពះនោះទេ។ សម្រាប់ក្មេង មិនតម្រូវឲ្យធ្វើតេស្តដង្ហើម ដោយគ្រាន់តែប្រើតេស្តលាមក។ ថ្នាំមួយចំនួនអាចប៉ះពាល់ប្រសិទ្ធភាពតេស្ត ដូចជាថ្នាំផ្សះ ថ្នាំប្រឆាំងជាតិអាស៊ីដក្រពះ ហេតុនេះមានតែតេស្តឈាមប៉ុណ្ណោះសក្តិសមបំផុតសម្រាប់ពិនិត្យមើលមេរោគក្រពះប្រភេទនេះ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
ត្រៀមខ្លួនសម្រាប់ធ្វើតេស្ត គឺអាស្រ័យលើប្រភេទតេស្តទាំង ៤ ក្នុងនោះតេស្តឈាមគឺមិនចាំបាច់តមអ្វីទេ។
សម្រាប់តេស្តលាមក ដោយសារថ្នាំមួយចំនួនអាចប៉ះពាល់ដល់លទ្ធផលតេស្ត ដូច្នេះត្រូវប្រាប់គ្រូពេទ្យពីថ្នាំយើងកំពុងប្រើប្រាស់។ សូមផ្អាកប្រើថ្នាំក្រពះប្រភេទ PPIs ដូចជា Nexium ឬ Prilosec ២សសប្តាហ៍ និងថ្នាំផ្សះ ឬថ្នាំដទៃទៀតដែលមានផ្ទុកសារធាតុ Bismuth ១ខែ មុនធ្វើតេស្ត។
តេស្តច្រឹបសាច់ និងតេស្តដង្ហើម តម្រូវឲ្យតមអាហារយ៉ាងតិច ៦ម៉ោង មុនចាប់ផ្តើមធ្វើតេស្ត មិនត្រូវប្រើថ្នាំផ្សះ ឬថ្នាំដទៃទៀតដែលមានជាតិ Bismuth ១ខែ មុនពេលធ្វើតេស្ត ផ្អាកប្រើថ្នាំក្រពះប្រភេទ PPIs ដូចជា Nexium និង Prilosec ២ សប្តាហ៍ ហើយមុនធ្វើតេស្ត ២៤ម៉ោង មិនត្រូវញ៉ាំថ្នាំក្រពះប្រភេទ H2 blockers ដូចជាថ្នាំ Pepcid ថ្នាំ Zantac ថ្នាំ Axid និងថ្នាំ Tagamet នោះឡើយ។
៥- មានអី្វកើតឡើងអំឡុងពេលធ្វើតេស្ត?
គ្រូពេទ្យ និងប្រើវិធីសាស្ត្រមួយចំនួនដើម្បីធ្វើតេស្តរកមេរោគក្រពះដូចជា៖
តេស្តឈាម
– ចងរឹតដើមដៃដើម្បីឲ្យចាល់ឈាមក្នុងសរសៃវ៉ែនងាយស្រួលបូម
– ជូតសម្អាតកន្លែងចាក់ម្ជុលដោយអាល់កុល
– ចាក់ម្ជុលចូលទៅ និងបូមឈាមចូលសឺរ៉ាំង
– ស្រាយខ្សែចងដើមដៃចេញ
– បាញ់ឈាមបូមបានចូលក្នុងបំពង់ដាក់ឈាម
– ដាក់សំឡីទប់ក្រែងមានឈាមហូរចេញពីកន្លែងចាក់ម្ជុល និងបិទបង់ជាការស្រេច
– ឈាមយកបាននឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍
– ២៤ ម៉ោងក្រោយ ទើបទទួលបានលទ្ធផល
តេស្តលាមក
– បៀកយកលាមកដាក់ក្នុងកំប៉ុង មិនត្រូវឲ្យទឹកនោមលាយក្នុងលាមកទេ
– បិទគម្របឲ្យជិត និងកំណត់ថ្ងៃឲ្យបានច្បាស់លាស់
– ត្រូវប្រញាប់យកទៅមន្ទីរពិសោធន៍ ឬមន្ទីរពេទ្យភ្លាម
– ករណីខ្លះពេទ្យអាចប្រើសំឡីត្បាល់យកលាមកពីរន្ធគូទតែម្តង
– អាចដឹងពីលទ្ធផលបាននៅប៉ុន្មានម៉ោងបន្ទាប់
ច្រឹបសាច់ក្រពះ
– នៅពេលសុងក្រពះ ពេទ្យនឹងច្រឹបសាច់ដល់ទៅ ១០ កន្លែងផ្សេងពីគ្នាដើម្បីយកទៅពិនិត្យ។ ករណីខ្លះ កំប៉ុងដាក់សាច់វិភាគ អាចមានថ្នាលបណ្ដុះមេរោគតែម្ដង ងាយស្រួលជ្រើសរើសថ្នាំផ្សះត្រូវនឹងមេរោគ ហើយលទ្ធផលត្រូវរង់ចាំ ២ថ្ងៃ។
តេស្តដង្ហើម
– យើងត្រូវផ្លុំខ្យល់ចូលទៅក្នុងប៉េងប៉ោង ឬក្នុងដបមុនធ្វើតេស្ត
– លេបថ្នាំមានសារធាតុវិទ្យុសកម្ម
– យកខ្យល់ដង្ហើមម្តងទៀត ដើម្បីកំណត់ពេល តើមេរោគមានប្រតិកម្មជាមួយថ្នាំឬអត់
– ធម្មតាត្រូវការពេល ៣០នាទី
– លទ្ធផលចេញនៅប៉ុន្មានម៉ោងក្រោយ
៦- មានអី្វកើតឡើងបន្ទាប់ពីធ្វើតេស្តរួច?
គ្រូពេទ្យ នឹងពិភាក្សាជាមួយយើងពាក់ព័ន្ធលទ្ធផលទទួលបាន និងស្នើសុំធ្វើការព្យាបាលតែម្តង។ ប៉ុន្តែករណីខ្លះ ពេទ្យអាចសុំធ្វើតេស្តដទៃទៀតដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់។
លទ្ធផល
៧- លទ្ធផលតេស្ត
– បើលទ្ធផលចេញមកវិជ្ជមាន លើតេស្តលាមក តេស្តដង្ហើម និងការច្រឹបសាច់ក្រពះ បញ្ជាក់ករណីឈឺចាប់ប្រាកដណាស់បណ្ដាលមកពីមេរោគក្រពះ ដូចនេះវិធីព្យាបាលដោយប្រើថ្នាំផ្សះ រួមជាមួយថ្នាំដទៃទៀត ត្រូវអនុវត្តដើម្បីបញ្ឈប់ឈឺចាប់ និងដំបៅខូងក្នុងក្រពះ។
– បើតេស្តឈាមវិជ្ជមាន គ្រាន់តែបញ្ជាក់ថាធ្លាប់មានការបង្ករោគប៉ុណ្ណោះ ទាមទារធ្វើតេស្តដង្ហើមមួយទៀត។
– បើតេស្តទាំងអស់អវិជ្ជមាន បញ្ជាក់ថាអាការៈមិនមែនបង្កមកពីមេរោគក្រពះទេ តែបើអាការៈឈឺចាប់នៅតែបន្ត គ្រូពេទ្យនឹងធ្វើតេស្តដទៃទៀតដើម្បីឲ្យកាន់តែច្បាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]