backup og meta

គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស COVID-19 បង្កការបារម្ភថាអាចពិបាកទប់ស្កាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 20, 2020

    គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស COVID-19  បង្កការបារម្ភថាអាចពិបាកទប់ស្កាត់

    គ្រូពេទ្យ​នៅ​ប្រទេសចិន​បាន​រកឃើញ​វីរុស COVID-19 ក្នុង​ករណី​ឆ្លង​ថ្មី​នៅ​តំបន់ភាគ​ឦសាន​នៃ​ប្រទេសចិន​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង​វីរុស​ដែល​កើត​មាន​នៅ​ទីក្រុង​អ៊ូហាន​ ដែលថា​​នេះ​អាច​បញ្ជាក់​ថា​វីរុស​COVID-19 ​អាច​នឹង​ការ​ប្រែប្រួល​ក្នុង​ទម្រង់​ណា​មួយ និង​ធ្វើ​ឲ្យ​វិធានការណ៍​ទប់ស្កាត់​វីរុស​នេះ​កាន់តែ​ពិបាកជាងមុន។​

    សារព័ត៌មាន ​Bloomberg រាយការណ៍នៅថ្ងៃទី២០ ខែឧសភា នេះ ដោយដកស្រង់សម្ដីលោក​វេជ្ជបណ្ឌិត Qiu Haibo ទទួលបន្ទុក​​ផ្នែកសង្គ្រោះបន្ទាន់​​ថា អ្នក​ជំងឺ​នៅ​​ខេត្ត Jilin និងHeilongjiang ​ហាក់​ដូចជាមាន​រយៈ​ពេល​ផ្ទុក​វីរុស​ និង​ជា​សះស្បើយ​យូរ​ជាង​មុន។ ករណី​ឆ្លង​នៅ​តំបន់​ភាគឦសាន​អាច​នឹង​ចេញ​រោគសញ្ញា​ក្រោយ​ការ​ឆ្លង​យូរ​ជាង​ករណី​ដែល​កើត​មាន​នៅ​ទីក្រុង​អ៊ូហានដែល​អាច​យូរ​ជាងរហូត​ដល់​​ពីរ​សប្ដាហ៍ ហើយ​​អ្នក​ជំងឺ​ចេញ​រោគសញ្ញាក្រោយ​ពី​ឆ្លង​វីរុស​យូរបែបនេះ ​​អាច​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​ពិបាក​ក្នុង​ការ​រក​ឃើញ​ករណី​ឆ្លង​មុន​នឹង​មានការឆ្លងពីមនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជាពិសេស​ការ​ឆ្លង​ក្នុង​គ្រួសារ។ បើតាមសេចក្ដី​រាយការណ៍​មានករណី​ឆ្លង​ចំនួន ៤៦ករណី​​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​នេះ​នៅ​ទីក្រុង Shulan Jilin និង Shengyang។

    អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​យល់​ច្បាស់​ថា​តើ​វីរុស​នេះ​មាន​ផ្លាស់ប្ដូរ​ក្នុង​ទម្រង់​ណា​ឲ្យ​ប្រាកដនៅឡើយ​។​ ម្យ៉ាងថា​​ភាពខុសគ្នា​ដែល​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​រកឃើញ​នេះអាច​មក​ពី​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​សិក្សា​ទៅ​លើ​អ្នកជំងឺ​បាន​លម្អិត និង​ស្ថិត​ក្នុង​ដំណាក់កាល​ឆ្លង​ដំបូង​បាន​លឿន​ជាង​ការសិក្សា​ទៅ​លើ​អ្នក​ជំងឺ​នៅ​ទីក្រុង​អ៊ូហាន។ នៅពេល​មាន​ការ​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​អ៊ូហាន ប្រព័ន្ធ​សុខាភិបាល​ប្រទេស​ចិន​ផ្ដោត​ទៅ​លើ​តែ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​ករណី​ឆ្លង​ថ្មី​នៅ​តំបន់​ភាគ​ឦសាន​គឺ​មាន​ចំនួន​តិច​ជាង​នៅ​ទីក្រុង​អ៊ូហាន​​ដែល​មាន​ករណី​ឆ្លង​រហូតជាង​ ៦៨ ០០០​ករណី។

    គ្រូពេទ្យ​ដែល​ព្យាបាល​អ្នក​ជំងឺ​ COVID-19 នៅ​តំបន់​ភាគ​ឦសាន​បាន​សង្កេត​ឃើញ​ថា​អ្នក​ជំងឺ​នៅ​ទី​នោះ​ភាគច្រើន​ទទួល​រង​ការ​ខូចខាត​នៅ​នឹង​សួត រីឯ​អ្នក​ជំងឺ​នៅ​ទីក្រុង​អ៊ូហាន​វិញ​គឺ​ទទួលរង​ការ​ខូចខាត​សរីរាង្គ​ជាច្រើន​មាន​ដូចជា​បេះដូង តម្រងនោម និង​ពោះវៀន។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​តំបន់​ភាគ​ឦសាន មាន​ត្រឹម​១០%​ប៉ុណ្ណោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​២៦​នាក់​ទៀត​សម្រាក​នៅ​មន្ទីរពេទ្យ។

    មន្ត្រី​​ចិន​ជឿថា​ករណី​ឆ្លង​ថ្មី​នេះ​អាច​មាន​ទំនាក់ទំនង​នឹង​អ្នក​ឆ្លង​មក​ពី​ប្រទេស​រុស្សី​ ព្រោះ​លំដាប់​ហ្សេន​នៃ​វីរុស​នៅ​តំបន់​ភាគ​ឦសាន​ដូច​ទៅ​នឹង​វីរុស​នៅ​ប្រទេស​រុស្សី។ ខេត្ត​នៅ​តំបន់​ភាគ​ឦសានដែលមាន​ករណី​ឆ្លង​ថ្មី​នេះ​​បាន​ចាត់​វិធានការណ៍​បិទ​ទីក្រុង​ ផ្អាក​សេវាកម្ម​រថភ្លើង និងបិទ​សាលារៀនជាថ្មីម្ដងទៀត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម