វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ថ្នាក់ជាតិក្នុងការវិភាគរកវីរុស COVID-19។ តើមន្ទីរពិសោធន៍នៅប៉ាស្ទ័រមានលក្ខណៈពិសេសបែបណាខ្លះ?
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងវេទិកាពិភាក្សាមួយជាមួយក្រុមអ្នកកាសែតកាលពីពេលកន្លងទៅ ការវិភាគរកវីរុស COVID-19 ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ផ្នែកវីរុសសាស្ត្រ សុវត្ថិភាពជីវសាស្ត្រកម្រិត៣ ដោយសារតែជាវីរុស COVID-19 បង្កការរាតត្បាតខ្លាំង ឆ្លងខ្លាំង មិនទាន់មានវ៉ាក់សាំងការពារ ហើយមិនទាន់មានថ្នាំព្យាបាលនៅឡើយ ដែលតម្រូវឲ្យគោរពវិធានសុវត្ថិភាពខ្ពស់។
លោកវេជ្ជបណ្ឌិតថា “ប្រទេសយើងមានសំណាងដែលមានមន្ទីរពិសោធន៍កម្រិត៣ ដែលមានលទ្ធភាពវិភាគលើវីរុស COVID-19 និងវីរុសផ្តាសាយបក្សី ដែលយើងធ្លាប់វិភាគពីមុនម៉ោ”។
មន្ទីរពិសោធន៍មាន៣កម្រិត គឺកម្រិតទី១ ទី២ ទី៣ និងទី៤ ដែលជាកម្រិតខ្ពស់ជាងគេ សម្រាប់វិភាគប្រភេទវីរុសដែលសាហាវខ្លាំង ដូចជាវីរុសអេបូឡា (វីរុសដែលឆ្លងហើយអត់មានថ្នាំព្យាបាល និងបង្កឲ្យអត្រាស្លាប់ខ្ពស់) នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ដួង វាសនា។ “មន្ទីរពិសោធន៍កម្រិត៤ នៅទូទាំងពិភពលោកមានតែប៉ុន្មានប្រទេសប៉ុណ្ណោះ នៅស្រុកខ្មែរមានត្រឹមតែកម្រិត៣ ដែលជាកម្រិតសាហាវដែរ តែមិនទាន់ដល់អេបូឡានៅឡើយ”។
ខាងក្រោមនេះជាលក្ខខណ្ឌ និងលក្ខណៈពិសេសនៃមន្ទីរពិសោធន៍ផ្នែកវីរុសសាស្ត្រ- សុវត្ថិភាពជីវសាស្ត្រកម្រិត៣ ដើម្បីវិភាគរកវីរុស COVID-19 នៅវិទ្យាស្ថានប៉ាស្ទ័រ។
១. តម្រូវឲ្យអ្នកធ្វើការនៅមន្ទីរពិសោធន៍ពាក់អាវ PPE បិទជិតជុំវិញខ្លួនពីក្បាលដល់ចុងជើង សម្រាប់ការពារខ្លួនកុំឲ្យឆ្លងពីវត្ថុវិភាគ ធ្វើម៉េចកុំឲ្យមានចេញសាច់ ឬអ្វីមួយមកខាងក្រៅប៉ះជាមួយនឹងវត្ថុវិភាគ ឬវីរុសដែលក្រុមគ្រូពេទ្យកំពុងធ្វើការជាមួយ។
២. អ្នកធ្វើការនៅមន្ទីរពិសោធន៍ត្រូវពាក់ម៉ាស់ ពាក់វ៉ែនតា និងរបាំងមុខ ដើម្បីបង្ការការខ្ទាតចូលភ្នែក។
៣. ក្នុងមន្ទីរពិសោធន៍មានខ្យល់ មានប្រដាប់ច្រោះ ពេលវីរុសខ្ទាតចេញក្រៅ មិនអាចឆ្លងបានទេ។
៤. បរិយាកាសនៅក្នុងមន្ទីរពិសោធន៍អវិជ្ជមាន ខ្យល់មិនអាចចេញមកខាងក្រៅបាននោះទេ ពេលបើកទ្វារទៅខ្យល់នឹងបឺតចូលទៅខាងក្នុងវីញ។ មានន័យថា ខ្យល់នៅក្នុងមន្ទីរពិសោធន៍មានវីរុស មិនអាចចេញមកក្រៅចម្លងទៅអ្នកដទៃបានទេ។
៥. ក្នុងមន្ទីរពិសោធន៍ មាន Autoclave ដែលជាប្រភេទម៉ាស៊ីនសម្លាប់មេរោគ អ៊ីចឹងវត្ថុ ឬក៏សំរាមទាំងអស់ដែលមានក្នុងមន្ទីរពិសោធន៍មុននឹងចេញពីមន្ទីរពិសោធន៍មកខាងក្រៅ គឺបានដុតកម្តៅដោយចំហាយទឹកដើម្បីសម្លាប់មេរោគរួចទៅហើយ។
បើតាមលោកវេជ្ជបណ្ឌិត មន្ទីរពិសោធន៍ផ្នែកវីរុសសាស្ត្រ- សុវត្ថិភាពជីវសាស្ត្រកម្រិត៣ ជាមន្ទីរពិសោធន៍ដែលបិទជិតបានល្អ មានតែបុគ្គលិកដែលមានភារកិច្ចមួយចំនួនប៉ុណ្ណោះទើបអាចចូលទៅបាន មិនមែនអ្នកណាក៏អាចចូលទៅបាននោះទេ ហើយត្រូវផ្តិតមេដៃ មានកាត ទើបអាចចូលបាន។ ចំពោះបន្ទប់មានច្រើន និងដោយឡែកពីគ្នា ដូចជាបន្ទប់ផ្លាស់ខោអាវផ្សេង កន្លែងយកសំណាកចូលផ្សេង បន្ទប់វិភាគផ្សេង បុគ្គលិកចូលបន្ទប់ផ្សេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]