អ្នកឆ្លងជំងឺ COVID-19 ជុំវិញពិភពលោកមានចំនួនជាង ១២លានករណីហើយគិតពីថ្ងៃទី០៩ ខែកក្កដា និងបានសម្លាប់មនុស្សជាងកន្លះលាននាក់ក្នុងរយៈពេល៧ខែ។ នេះបើយោងតាមសារព័ត៌មាន Reuters។
ប្រទេសដែលមានករណីឆ្លងច្រើនកំពុងបន្ធូរបន្ថយការបិទទីក្រុង ខណៈប្រទេសផ្សេងទៀតដូចជាប្រទេសចិន និងអូស្ត្រាលីបានបិទទីក្រុងម្ដងទៀតដើម្បីទប់ស្កាត់ការផ្ទុះការឆ្លងម្ដងទៀត។ អ្នកជំនាញក៏បានលើកឡើងថាការផ្លាស់ប្ដូរនៃបរិបទការងារ និងការរស់នៅអាចនឹងមានរយៈពេលយូររហូតដល់មានវ៉ាក់សាំង។
ករណីឆ្លងដំបូងគឺនៅប្រទេសចិនកាលពីដើមខែមករា និងរយៈពេល១៤៩ថ្ងៃក្រោយមកករណីឆ្លងកើនដល់៦លានករណី។ រីឯអ្នកស្លាប់ដោយសារវីរុសនេះជាង៥,៤ សែននាក់។ ករណីស្លាប់ដំបូងគឺរាយការណ៍នៅថ្ងៃទី១០ ខែមករាក្នុងទីក្រុងអ៊ូហាន ប្រទេសចិនមុននឹងវីរុសនេះរាតត្បាតនៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លងសរុបជាង៣លានករណី។
ដោយឡែក លោក Jair Bolsonaro ប្រធានាធិបតីប្រទេសប្រេស៊ីលក៏តេស្ដវិជ្ជមានជំងឺ COVID-19 ដែរ កាលប៉ុន្មានថ្ងៃមុននេះ។ ប្រទេសប្រេស៊ីលក៏បានរាយការណ៍ពីករណីឆ្លងថ្មីចន្លោះ២០ ០០០និង៥០ ០០០ករណីជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី០១ ខែកក្កដា។ ប្រទេសនេះដែរមានចំនួនអ្នកឆ្លងសរុបជាង១,៧លានករណី និងមានអ្នកស្លាប់ជិត៧ម៉ឺននាក់។
រីឯប្រទេសឥណ្ឌាស្ថិតក្នុងលំដាប់ទី៣ដែលមានចំនួនអ្នកឆ្លងច្រើន។ ប្រទេសឥណ្ឌាមានករណីឆ្លងថ្មីជាង ២០ ០០០ករណីជារៀងរាល់ថ្ងៃ។
គិតមកដល់ថ្ងៃនេះ ករណីឆ្លងសរុបជុំវិញពិភពលោកមានជាង១២លាននាក់ ក្នុងនោះអ្នកជាសះស្បើយជាង៧លាននាក់ និងអ្នកស្លាប់ជាង៥៥ម៉ឺននាក់។
[embed-health-tool-bmi]