ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថានបានព្រមានដល់ប្រជាជនខ្លួនដែលរស់នៅក្នុងប្រទេសនេះពីជំងឺរលាកសួតថ្មី ដែលមិនទាន់ដឹងប្រភពបង្ក ក្រោយពីករណីឆ្លងមានការកើនឡើងខ្លាំងក្នុងខែមិថុនា។
ក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបានលើកឡើងថាអត្រាស្លាប់នៃជំងឺរលាកសួតនេះគឺខ្ពស់ជាងអត្រាស្លាប់ដោយជំងឺ COVID-19 ហើយក្រសួងសុខាភិបាលរបស់ប្រទេសកាហ្សាក់ស្ថានកំពុងធ្វើការស្រាវជ្រាវទៅលើវីរុសបង្កជំងឺរលាកសួតថ្មីនេះ ប៉ុន្តែមិនទាន់អាចកំណត់វីរុសបាននៅឡើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានGlobal Times កាលពីយប់ថ្ងៃទី៩ ខែកក្កដា នៅប្រទេសកាហ្សាក់ស្ថានគឺមានចំនួនអ្នកស្លាប់សរុបដោយជំងឺរលាកសួតនេះ ១ ៧៧២នាក់នៅ៦ខែដំបូងនៃឆ្នាំ២០២០ ដែលក្នុងនោះមានមនុស្សស្លាប់រហូតដល់ ៦២៨នាក់ក្នុងខែមិថុនា ហើយមានប្រជាជនចិនក្នុងចំណោមនោះដែរ។ ហេតុនេះហើយស្ថានទូតចិនបានក្រើនរំឭកដល់ប្រជាជនខ្លួនឲ្យដឹងពីស្ថានការណ៍នេះ និងដើម្បីបង្ការការឆ្លង។
ក្នុងវិបសាយស្ថានទូតចិនបានដកស្រង់ការផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសកាហ្សាក់ស្ថានថាមានតំបន់ចំនួនបីដែលមានករណីឆ្លងជំងឺនេះច្រើនចាប់តាំងពីពាក់កណ្ដាលខែមិថុនា គឺខេត្ត Atyrau ខេត្ត Aktobe និងទីក្រុង Shymkent។ ក្នុងតំបន់ទាំងបីនេះគឺមានករណីឆ្លងជំងឺរលាកសួតនេះជិត៥០០ករណី ដែលក្នុងនោះអ្នកជំងឺជាង៣០នាក់មានស្ថានភាពជំងឺធ្ងន់ធ្ងរ។
ប្រទេសកាហ្សាក់ស្ថានបានប្រកាសអាសន្ននៅថ្ងៃទី១៦ ខែមិនា និងបិទទីក្រុងដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ហើយនៅថ្ងៃទី១១ ខែឧសភាប្រទេសនេះបានបន្ធូរបន្ថយការបិទទីក្រុង ប៉ុន្តែការរឹតត្បិត និងវិធានការណ៍ដាក់នៅដាច់ដោយឡែកនៅតែបន្តមាននៅតំបន់ខ្លះក្រោយពីមានការកើនឡើងនៃករណីឆ្លងជំងឺរលាកសួតថ្មីដែលមិនទាន់ដឹងប្រភពច្បាស់នេះ។
កាលពីចុងខែមិថុនា មន្ត្រីសុខាភិបាលក៏បានព្រមានអំពីការកើនឡើងនៃករណីជំងឺរលាកសួតនេះ។ អ្នកស្រី Saule Kisikova ប្រធានផ្នែកសុខាភិបាលនៅទីក្រុង Nur-Sultan បាននិយាយថាគ្រូពេទ្យឃើញមានមនុស្សដែលមានរោគសញ្ញាជំងឺរលាកសួត ៦០០នាក់ក្នុងមួយថ្ងៃបើប្រៀបធៀបនឹងចំនួនមនុស្សមានរោគសញ្ញាមុននឹងមានជំងឺ COVID-19 មានតែ៨០នាក់ប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃមានអ្នកជំងឺ៣៥០ ទៅ៤០០នាក់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យដោយមានជំងឺ COVID-19 ឬជំងឺរលាកសួតថ្មីនេះ។
[embed-health-tool-bmi]