ការសិក្សាថ្មីមួយបានរកឃើញថាក្មេងម្នាក់ក្នុងចំណោមបីនាក់ជុំវិញពិភពលោកមានជាតិសំណក្នុងឈាមក្នុងកម្រិតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន។
ការសែត The Guardian បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា នេះដោយបានដកស្រង់ការសិក្សាមកចុះផ្សាយថា ក្មេងដែលមានអាយុក្រោម១៩ឆ្នាំប្រហែល ៨០០លាននាក់ ភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានជាតិសំណក្នុងឈាមយ៉ាងតិច ឬអាចលើស៥មីក្រូក្រាមក្នុងមួយដេស៊ីលីត្រ (៥μg/dl )។ បើយោងតាមអង្គការសុខភាពពិភពលោក មិនមានការកំណត់កម្រិតសុវត្ថិភាពនៃជាតិសំណក្នុងឈាមទេ ព្រោះថាការមានជាតិសំណក្នុងឈាមទោះក្នុងកម្រិតតិចតួចក៏ដោយក៏នៅតែជាសារធាតុពុលដ៏គ្រោះថ្នាក់ដែរ។ ប៉ុន្តែបើកម្រិតជាតិសំណក្នុងឈាមលើស៥μg/dl ត្រូវបានចាត់ទុកថាជាមូលហេតុបង្កជំងឺផ្សេងៗហើយ។
ជាតិសំណគឺជាសារធាតុពុលប៉ះពាល់ដល់សរសៃប្រសាទដ៏ខ្លាំងមួយ ហើយមនុស្សអាចស្លាប់បានបើសិនទទួលបានជាតិសំណច្រើន ខណៈក្នុងកម្រិតតិចតួចក៏អាចបង្ករោគសញ្ញាដូចជាការឈឺចាប់ ក្អួត ពន្យារការលូតលាស់ បញ្ហាផ្លូវចិត្ត និងបញ្ហាផ្លូវអារម្មណ៍។ ជាតិសំណក្នុងកម្រិតទាបក៏អាចធ្វើឲ្យស្ត្រីពពោះសម្រាលមុនខែដែរ។
ការមានជាតិសំណក្នុងឈាមត្រឹម ៥μg/dl អាចបង្កមានការថយចុះនៃសមត្ថភាពខួរក្បាល រីឯកម្រិតច្រើនជាងនេះអាចផ្តល់ផលប៉ះពាល់ដល់សុខភាពរយៈពេលយូរដូចជាជំងឺបេះដូង។ នេះបើយោងតាមអ្នកស្រាវជ្រាវដែលធ្វើការសិក្សាថ្មីនេះ។ សម្រាប់ក្មេងវិញ បើទទួលរងផលប៉ះពាល់ខ្លាំងពីជាតិសំណនេះ វាអាចបង្កការខូចខាតដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ហើយផលប៉ះពាល់មិនបង្ហាញឲ្យដឹងភ្លាមៗទេ។ ជាតិសំណបន្លំជាជាតិកាល់ស្យូមក្នុងឆ្អឹង និងផ្តុំក្នុងរាងកាយ ហើយបង្កការខូចខាតដល់សរីរាង្គសំខាន់ៗរួមមានតម្រងនោម បេះដូង និងសួត។
មូលហេតុដែលបង្កឲ្យការពុលជាតិសំណនេះមកពីការបោះចោលអាគុយរថយន្តដោយគ្មានសុវត្ថិភាពដែលបង្កឲ្យជាតិសំណ និងអាស៊ីដ។ នៅពេលបោះចោលបានត្រឹមត្រូវគឺមិនមានបង្កហានិភ័យខ្លាំងទេ ប៉ុន្តែក្នុងប្រទេសមួយចំនួនប្រហែលពាក់កណ្ដាលនៃអាគុយឡានត្រូវបានកែច្នៃឡើងវិញដោយគ្មានគោលការណ៍សុវត្ថិភាពច្បាស់លាស់។ ដោយហេតុនេះហើយ បរិមាណសំណជាច្រើនបានបញ្ចេញ និងបំពុលដល់មនុស្សដែលបានប៉ះពាល់ជាតិសំណ ឬដីដែលមានជាតិសំណជាច្រើនឆ្នាំ។ មូលហេតុផ្សេងទៀតគឺមកពីការប្រើប្រាស់សមាសធាតុសំណដើម្បីធ្វើឲ្យពពួកគ្រឿងទេសឲ្យមានពណ៌ស្រស់។ ចំណែកឯក្មេងក្នុងប្រទេសអភិវឌ្ឍន៍វិញក៏ប្រឈមនឹងការពុលជាតិសំណនេះដែរ គឺតាមរយៈទុយោទឹកចាស់ៗ ថ្នាំលាបដែលមានជាតិសំណ និងដីមានជាតិសំណ។
យ៉ាងណាមិញ វេជ្ជបណ្ឌិត Ovnair Sepai អ្នកឯកទេសផ្នែកជាតិពុលនៅប្រទេសអង់គ្លេសបានលើកឡើងថាការប៉ាន់ស្មាននៃការសិក្សាថ្មីនេះគឺពឹងផ្អែកលើតួលេខប្រទេសផ្សេងៗ និងមិនអាចឆ្លុះបញ្ចាំងមកលើប្រជាជនអង់គ្លេសទេ។ ប្រទេសអង់គ្លេសមានគោលការណ៍តឹងរឹងទៅលើការប្រើជាតិសំណក្នុងអាហារ ទឹក គ្រឿងសម្អាង ប្រដាប់ក្មេងលេង គ្រឿងទេស និងក្នុងឧស្សាហកម្ម។
[embed-health-tool-bmi]