“Hello គ្រូពេទ្យ’ ជាបន្ដបន្ទាប់ បានជម្រាបជូនប្រិយមិត្តពីករណីក្មេងស្លាប់ជាច្រើន ដោយសាររោគសញ្ញាជំងឺរលាកខួរក្បាលស្រួចស្រាល់ (Acute Encephalitis Syndrome) នៅក្នុងរដ្ឋ Bihar ជារដ្ឋក្រីក្រមួយ នៅភាគខាងជើង ប្រទេសឥណ្ឌា។ មកដល់ពេលនេះ អាជ្ញាធរពុំទាន់អាចបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ថាតើមកពីផ្លែគូលែន ឬបញ្ហាអ្វីផ្សេងទៀត?
លោក Harsh Vardhan រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា បានបញ្ជាក់កាលពីថ្ងៃទីថា ក្មេង ១៣៦នាក់ បានស្លាប់ ដោយរោគសញ្ញាជំងឺរលាកខួរក្បាលស្រួចស្រាវ នៅស្រុកទាំង ១៦ ក្នុងរដ្ឋ Bihar។ ខណៈកាលពីចុងសប្តាហ៍ ក្មេង ៣ នាក់ទៀតបានស្លាប់ ក្នុងមន្ទីរពេទ្យស្រុក Muzaffarpur ធ្វើឲ្យចំនួនក្មេងស្លាប់ កើនដល់ ១៣៩ នាក់។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ខ្លះ ក្មេងស្លាប់នៅក្នុងរដ្ឋ Bihar បានកើនដល់ ១៥០ នាក់ហើយ។
តាមស្ថិតិរបស់នាយកដ្ឋានសុខាភិបាលរដ្ឋ Bihar នៅឆ្នាំ ២០១៩ ក្មេងចំនួន ៦២៦នាក់ មានរោគសញ្ញាជំងឺរលាកខួរក្បាលស្រួចស្រាវ។ ចំណែកមូលហេតុបង្កឲ្យមានរោគសញ្ញាជំងឺនេះ នៅតែប្រធានបទ ជជែកដេញដោលនៅឡើយ ដោយអាជ្ញាធរពុំទាន់អាចបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ។
អ្នកជំនាញ អះអាងថា ការផ្ទុះរោគសញ្ញាជំងឺរលាកខួរក្បាលស្រួចស្រាវ អាចបណ្ដាលមកពីការបរិភោគផ្លែគូលែន មានជាតិពុល ហើយធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះយ៉ាងខ្លាំងភ្លាមៗ រួមជាមួយក្មេងៗមានបញ្ហាកង្វះអាហារូបត្ថម្ភស្រាប់ និងការកើនឡើងកម្ដៅ។
ចំណែកលោក Prem Kumar រដ្ឋមន្រ្តីកសិកម្មប្រចាំរដ្ឋ Bihar បញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រកសិកម្ម ១ក្រុម ត្រូវបញ្ជូនទៅស៊ើបអង្កេតលើករណីនេះ ថាតើផ្លែគូលែន ពិតជាមូលហេតុបណ្ដាលឲ្យក្មេងៗ រាប់រយនាក់ស្លាប់ ឬមានមូលហេតុអ្វីផ្សេងទៀត?
គួរបញ្ជាក់ថា ហេតុការណ៍ក្មេងៗឥណ្ឌា ស្លាប់រាប់រយនាក់នេះ បានកើតឡើងចាប់តែពីសប្ដាហ៍មុន ក្រោយក្មេងៗទាំងនោះ បរិភោគផ្លែគូលែន ដាំក្នុងស្រុក Muzaffarpur។