វីរុស COVID-19 ពេលឆ្លងចូលទៅក្នុងខ្លួនមនុស្ស វាចូលទៅវាយលុកសួតនាំឲ្យរលាក ដូចនេះហើយអ្នកផ្ទុកមានបញ្ហាផ្លូវដង្ហើម។ តើបន្ទាប់ពីព្យាបាល COVID-19 ជាសះស្បើយហើយ តើសួតនោះ មានបញ្ហារលាកអ្វីទៀតអត់ទៅថ្ងៃមុខ ព្រោះថ្នាំដែលត្រូវលេបសម្រាប់អ្នកជំងឺ គឺប្រើថ្នាំប្រឆាំងមេរោគអេដស៍ និងថ្នាំគ្រុនចាញ់?
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព COVID-19 កាលពីម្សិលមិញថា ការព្យាបាលអ្នកផ្ទុក COVID-19 មិនទាន់មានពិធីសារ ឬក៏ថ្នាំប្រភេទនេះ ឬប្រភេទនោះច្បាស់លាស់ សម្រាប់កំណត់ព្យាបាល COVID-19 ជានោះទេ។ តែអ្វីដែលគ្រូពេទ្យកម្ពុជា និងពិភពលោកកំពុងអនុវត្តន៍ គឺសិក្សាស្រាវជ្រាវ និងធ្វើតាមបទពិសោធន៍កន្លងមក។
លោកជំទាវវេជ្ជបណ្ឌិតបានបន្តទៀតថា អ្នកជាសះស្បើយ COVID-19 ពេលជា គឺជាហើយ មិនអាចនាំឲ្យរលាកសួតទៅថ្ងៃមុខទៀតទេ។ អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំគឺចាំបាច់ណាស់ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ពោលគឺក្នុងមន្ទីរពេទ្យរដ្ឋដែលជាមន្ទីរពេទ្យកំណត់ដោយក្រសួងសុខាភិបាល ការពិនិត្យ ព្យាបាលអ្នកជំងឺ COVID-19។ ដូចនេះប្រជាពលរដ្ឋបើដឹងពីប្រភេទថ្នាំទាំង ២ ខាងលើ មិនអាចទៅរកទិញថ្នាំទាំងនោះលេបដោយខ្លួនឯងបានទេ។
កាលណាទៅទិញថ្នាំផ្ដេសផ្ដាសមកលេប ជាការបំផ្លាញសុខភាពទៅវិញទេ ព្រោះថ្នាំជាប្រភេទគីមី ផ្សំឡើងពីសារជាតិគីមី ដូចនេះហើយមុខងាររបស់វាមាន ២ មួយបើប្រើត្រឹមត្រូវ នឹងព្យាបាលជំងឺរបស់យើង តែបើមិនត្រឹមត្រូវទេនោះ វានឹងសម្លាប់យើងទៅវិញ។
លោកជំទាវបានណែនាំថា បើបងប្អូនសង្ស័យថាខ្លួនមានផ្ទុក COVID-19 ហើយ ទៅឱសថស្ថានរកទិញថ្នាំទាំងនោះមកលេបខ្លួនឯង កាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយនៅពេលនោះបើទៅមន្ទីរពេទ្យ គ្រូពេទ្យអាចនឹងជួយសង្គ្រោះបានទេ។ ព្រោះវីរុស COVID-19 ជាប្រភេទវីរុសថ្មី មិនអាចនឹងដឹងអត្តចរិតរបស់វា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕