ក្នុងរយៈពេលនៃការបិទខ្ទប់ដោយសារវីរុសកូវីដ១៩ រាតត្បាតនេះ អ្នកមានបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរតែខិតខំថែរក្សាសុខភាពបន្ថែមទៀត។ ការសិក្សាថ្មីៗនេះរកឃើញថាអ្នកមានបញ្ហានេះអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩ មានចេញរោគសញ្ញាធ្ងន់ធ្ងរ និងងាយស្លាប់ដោយសារការឆ្លងនេះ។
១. មូលហេតុ
សម្ពាធឈាមខ្ពស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ បើយើងទុកមិនព្យាបាលឲ្យបានត្រឹមត្រូវនឹងនាំឲ្យមានបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។ បញ្ហាសុខភាពដែលទាក់ទងនឹងបញ្ហាសម្ពាធឈាមខ្ពស់មានដូចជាជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ហាភ្លេចភ្លាំងជាដើម។
ការសិក្សាថ្មីៗនេះបង្ហាញទៀតថា អ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ ហើយគ្រប់គ្រងមិនបានល្អ កាន់តែប្រឈមខ្ពស់នឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបើមានឆ្លងកូវីដ១៩។ ជាការកត់សម្គាល់ អ្នកមិនបានថែទាំបញ្ហាសម្ពាធឈាមឡើងខ្ពស់ឲ្យបានល្អ ពេលឆ្លងកូវីដ១៩ មានផលវិបាកធ្ងន់ធ្ងរជាងអ្នកដែលអាចគ្រប់គ្រងសម្ពាធឈាមបានល្អ។
ប្រព័ន្ធភាពស៊ាំខ្សោយជាមួលហេតុមួយរបស់អ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ និងបញ្ហាសុខភាពផ្សេងៗទៀត ដែលនាំឲ្យមានហានិភ័យខ្ពស់ពេលឆ្លងកូវីដ១៩។ ការមានបញ្ហាសុខភាពយូរអង្វែង ឬមនុស្សវ័យចំណាស់ ច្រើនមានប្រព័ន្ធភាពស៊ាំខ្សោយ នាំឲ្យពិបាកប្រឆាំងនឹងវីរុសពេលឆ្លងចូលក្នុងរាងកាយ។
បើសិនជាគ្នាយើងមានបញ្ហាសម្ពាធឈាមខ្ពស់ រឿងសំខាន់ណាស់ដែលត្រូវគ្រប់គ្រងស្ថានភាពសុខភាពឲ្យបានល្អ។ ចូរធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងការពារខ្លួនពីបញ្ហាសុខភាពធ្ងន់ធ្ងរ ជាពិសេសជំងឺកូវីដ១៩។
២. តិចនិចថែទាំសុខភាព
ការប្រើប្រាស់ថ្នាំទៅតាមការណែនាំ និងការផ្លាស់ប្ដូររបៀបរបបរស់នៅមួយចំនួនមានឥទ្ធិពលក្នុងការការពារ និងកាត់បន្ថយបញ្ហាសុខភាពកើតពីសម្ពាធឈាមខ្ពស់។
- ញ៉ាំអាហារល្អចំពោះសុខភាពបេះដូង៖ ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រមជាមួយនឹងគ្រាប់ធញ្ញជាតិ បសុបក្សី ត្រី និងអាហារធ្វើពីទឹកដោះមានជាតិខ្លាញ់ទាប។
- កាត់បន្ថយអំបិលក្នុងអាហារ៖ ព្យាយាមកាត់បន្ថយការញ៉ាំអំបិលឲ្យនៅតិចជាង២ ៣០០មិល្លីក្រាមក្នុងមួយថ្ងៃ។
- សម្រកទម្ងន់៖ បើគ្នាយើងធាត់ ឬលើសទម្ងន់ ជាការល្អណាស់បើយើងអាចសម្រកទម្ងន់បាន។ ការសម្រកទម្ងន់អាចកាត់បន្ថយសម្ពាធឈាម។
- ហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំជួយបញ្ចុះសម្ពាធឈាម ជួយកាត់បន្ថយស្ត្រេស និងសម្រកទម្ងន់។
- កាត់បន្ថយស្ត្រេស៖ ពេលយើងកើតស្ត្រេស ធ្វើឲ្យយើងមានសុខភាពមិនល្អ នាំឲ្យមានសម្ពាធឈាមខ្ពស់។ បើយើងមានស្ត្រេសសូមព្យាយាមគ្រប់គ្រងឲ្យបានល្អ ដូចជាធ្វើសមាធិ ឬហាត់ប្រាណជាដើម។
- កាត់បន្ថយគ្រឿងស្រវឹង និងឈប់ជក់បារី៖ ការផឹកគ្រឿងស្រវឹងអាចធ្វើឲ្យសម្ពាធឈាមកើនឡើងបាន។ សម្រាប់ការជក់បារីវិញ ក៏ធ្វើឲ្យមានសម្ពាធឈាមកើនឡើងខ្ពស់ និងអាចធ្វើឲ្យមានកើតដុំកំណកស្ទះដល់សរសៃឈាមអាក់ទែទៀតផង។
[embed-health-tool-heart-rate]