ដូចគ្នាយើងដឹងស្រាប់! លើសឈាមជាជំងឺរ៉ាំរ៉ៃ ពីមុនធ្លាប់កើតលើចាស់ៗប៉ុណ្ណោះ ប៉ុន្តែឥឡូវកុំថាចាស់ ក្មេងៗ វ័យជាង ២០-៣០ ឆ្នាំក៏កើតដែរ។ អ៊ីចឹងគួរប្រយ័ត្នបន្តិច ពិសេសរឿងញ៉ាំចំណី និងឡើងគីឡូ ប៉ុន្តែបើកើតហើយក៏មិនចាំបាច់ស្លន់ស្លោរដែរ ត្រូវដឹងវិធីគ្រប់គ្រងស្ថានភាពឈឺវិញ ជួយឲ្យយើងរស់សប្បាយរីករាយដដែលទេ។ “Hello គ្រូពេទ្យ” ពេលនេះចង់ណែនាំគ្នាយើង ក៏ដូចម៉ាក់ប៉ា អ៊ុំៗយើង ពីប្រភេទថ្នាំព្យាបាលលើសឈាមជម្រើសផ្សេងទៀត មិនសូវមានអ្នកដឹង ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ជួយគ្រប់គ្រងសម្ពាធឈាមយើងបានល្អ។
ពពួកថ្នាំបញ្ចុះឈាម ដូចជាពពួក Beta-blockers, Angiotensin II receptor blockers, Calcium channel blockers និង ACE inhibitors ត្រូវបានគេចាត់ទុកថាជាថ្នាំជម្រើសទី ១ ដើម្បីព្យាបាលជំងឺលើសឈាម។ ដោយឡែកក្រៅពីនេះ នៅមានថ្នាំមួយចំនួនទៀត គេអាចប្រើអមជាមួយ ឬប្រើជំនួសពេលថ្នាំជម្រើសទី ១ មិនមានប្រសិទ្ធភាព។ យើងហៅថា ថ្នាំជម្រើសទី២។
១- ប្រភេទថ្នាំជម្រើសទី២
ថ្នាំបញ្ចុះសម្ពាធឈាមជម្រើសទី ២ ដែលមានប្រសិទ្ធខ្ពស់ ដូចជា ពពួកថ្នាំ Alpha-adrenergic blockers(Alpha-blockers) ថ្នាំ Central Agonists ថ្នាំ Peripheral adrenergic inhibitors និងថ្នាំពង្រីកសរសៃឈាម Vasodilators។
– ពពួកថ្នាំ Alpha-adrenergic blockers (alpha-blockers) មាន៖ Doxazosin mesylate (Cardura), Prazosin hydrochloride (Minipress) និង Terazosin hydrochloride (Hytrin)។
– ពពួកថ្នាំ Central Agonists រួមមាន៖ Alpha methyldopa (Aldomet), Clonidine (Catapres), Guanabenz acetate (Wytensin) និង Guanfacine hydrochloride (Tenex)។
– ពពួកថ្នាំ Peripheral adrenergic inhibitors មានដូចជា៖ Guanadrel (Hylorel), Guanethidine monosulfate (Ismelin) និងReserpine (Serpasil)។
– ថ្នាំពង្រីកសរសៃឈាមមាន៖ Hydralazine hydrocholoride (Apresoline) និង Minoxidil (Loniten)។
២- ហេតុអីចាំបាច់ប្រើប្រភេទថ្នាំជម្រើសទី២?
ថ្នាំជម្រើសទី២ គឺសម្រាប់ប្រើវាផ្សំជាមួយ ប្រភេទថ្នាំជម្រើសទី ១ នៅពេលណាថ្នាំជម្រើសទី ១ មិនអាចគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពី ថ្នាំទាំងនោះ ក៏អាចជួយព្យាបាលជំងឺផ្សេងទៀត ក្រៅពីលើសឈាមផងដែរ។
៣- អាចជួយព្យាបាលជំងឺអ្វីខ្លះ?
ថ្នាំជម្រើសទី២ អាចជួយពន្លាសាច់ដុំ នៅជញ្ជាំងសរសៃឈាម ជួយឲ្យសរសៃឈាមរីកធំ ដើម្បីឲ្យឈាមហូរបានស្រួល និងបន្ថយសម្ពាធឈាម។ គ្រូពេទ្យកម្រប្រើថ្នាំទាំងនេះតែមួយមុខណាស់។
៤- មានផលរំខានអ្វីខ្លះ?
ថ្នាំជាអាវុធមុខពីរ ច្បាស់ណាស់ពិតជាមានផលរំខាន ប៉ុន្តែអ្វីសំខាន់បំផុត អត្ថប្រយោជន៍មានច្រើនកម្រិតណា។
ផលរំខានទាំងនោះមានដូចជា៖
– ស្ងួតមាត់
– ក្តៅខ្លួន
– ទល់លាមក
– ក្តៅចុងដង្ហើម ឬរាក
– ចង្វាក់បេះដូងដើរញាប់
– ងងុយដេក ឬអស់កម្លាំង
– ឈឺក្បាល ហើមភ្នែក ឬឈឺសន្លាក់
– វិលមុខ ឬមានអារម្មណ៍ធេងធោង
– យល់សប្តិអាក្រក់ គេងមិនលក់ ឬមានជំងឺធ្លាក់ទឹកចិត្ត
– មានអារម្មណ៍ខ្សោយ ឬចង់សន្លប់ពេលក្រោកឈរ ដោយសារសម្ពាធឈាមធ្លាក់ចុះ។
ផលរំខានទាំងនេះអាចនឹងបាត់ទៅវិញ នៅពេលយើងប្រើបានមួយរយៈ ប៉ុន្តែបើរោគសញ្ញាទាំងនេះមិនបាត់ ហើយកាន់តែធ្ងន់ធ្ងរ ឆាប់ពិភាក្សាជាមួយគ្រូពេទ្យ។
បើគ្នាយើង ឬម៉ាក់ប៉ា អ៊ុំៗ មានលេចចេញអាការៈពិបាកដកដង្ហើម ហើមបបូរមាត់ អណ្តាត មាត់ ក ឬឡើងកន្ទួលក្រហម ឆាប់ប្រាប់គ្រូពេទ្យព្រោះពេលខ្លះត្រូវដូរបរិមាណថ្នាំ ឬដូរថ្នាំតែម្តង។
យ៉ាងណាថ្នាំជម្រើសទី ២ អាចប្រើអមជាមួយថ្នាំជម្រើសទី ១ មានប្រសិទ្ធភាពខ្ពស់ និងមិនបង្កគ្រោះថ្នាក់អ្វីទេ គ្រាន់តែមានផលរំខានបន្តិចបន្តួចប៉ុណ្ណោះ។ ប្រសិនបើផលរំខានទាំងនោះ ប៉ះពាល់ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]