១- អ្វីជាជំងឺឆ្លងមេរោគក្នុងឈាម?

ជំងឺឆ្លងមេរោគក្នុងឈាមនេះ អាចប៉ះពាល់ដល់អាយុជីវិតភ្លាមៗ ដូច្នេះត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើមិនបានព្យាបាលទាន់ពេលទេ នឹងបង្កផលវិបាកបង្កទៅជាការឆ្លងមេរោគពេញរាងកាយ ហៅថាជំងឺ Sepsis។
ជំងឺ Sepsis និងឆ្លងមេរោគក្នុងឈាម មិនដូចគ្នាទេ ព្រោះ Sepsis គឺជាជំងឺស្មុគស្មាញជាងឆ្លងមេរោគក្នុងឈាម ដោយសារជំងឺនេះ អាចធ្វើឲ្យឈាមកកក្នុងសរសៃឈាម នាំឲ្យស្ទះអុកស៊ីហ្សែនរត់ទៅចិញ្ចឹមសរីរាង្គផ្សេងៗ ជាហេតុធ្វើឲ្យចុះខ្សោយ និងខូចសរីរាង្គទាំងនោះ។
នៅពេលមានជំងឺ Sepsis សម្ពាធឈាមចុះទាបខ្លាំង (septic shock) ជាករណីធ្ងន់ធ្ងរដែលធ្វើឱ្យស្លាប់ញឹកញាប់។
២- កើតឡើងញឹកញាប់ប៉ុនណា?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
៣- រោគសញ្ញាជំងឺឆ្លងមេរោគក្នុងឈាមមានអ្វីខ្លះ?
រោគសញ្ញាដំបូង មានដូចជា ក្ដៅខ្លួនខ្លាំង ញាក់ ខ្សោយកម្លាំង និងបែកញើសជោក និងសម្ពាធឈាមចុះទាប។ ករណីមិនបានព្យាបាលត្រឹមត្រូវ នឹងមានរោគសញ្ញាធ្ងន់ធ្ងរជាច្រើនទៀតចាប់ផ្ដើមលេចឡើង ដូចជា៖
– វង្វេង ឬគិតអីមិនចេញ
– ចង្អោរ ក្អួត
– អុជក្រហមលើស្បែក
– ទឹកនោមតិច
– លំហូរឈាមរត់មិនគ្រប់គ្រាន់ (Shock)
បើយើង ឬនរណាម្នាក់មានរោគសញ្ញាឆ្លងមេរោគក្នុងឈាម ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។ មិនត្រូវយឺតយ៉ាវ ឬសាកព្យាបាលដោយខ្លួនឯងនៅផ្ទះនោះទេ។
អាចមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ។ បើមានក្តីបារម្ភអំពីរោគសញ្ញាណាមួយនោះ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
៥- មូលហេតុបង្កឆ្លងមេរោគក្នុងឈាម
មានមូលហេតុបង្កជាច្រើននាំឲ្យកើតជំងឺឆ្លងមេរោគក្នុងឈាម ខណៈមូលហេតុឧស្សាហ៍ជួបប្រទះ មានដូចជា៖
– រលាកប្រព័ន្ធទឹកមូត្រ
– រលាកសួត
– រលាកតម្រងនោម
– រលាកតំបន់ពោះ
បាក់តេរីចម្លងទាំងនេះ អាចចូលទៅក្នុងចរន្តឈាម និងបំបែកខ្លួនយ៉ាងរហ័ស ដើម្បីបង្កជារោគសញ្ញាភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖
៦- កត្តាប្រឈមឆ្លងមេរោគក្នុងឈាមមានអ្វីខ្លះ?
កត្តាប្រឈមឲ្យកើតមានជំងឺឆ្លងមេរោគក្នុងឈាម មានដូចជា៖
– របួសធ្ងន់ធ្ងរ ឬការរលាកស្បែក
– អាយុក្មេងពេក ឬចាស់ពេក
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារមានផ្ទុកមេរោគអេដស៍ ឬជំងឺមហារីកឈាម
– ការសុងនោម ឬចាក់សេរ៉ូម
– ការដាក់ម៉ាស៊ីនជំនួយដង្ហើម
– វិធីព្យាបាលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជា ការចាក់ថ្នាំគីមីព្យាបាលជំងឺមហារីក ឬការចាក់ថ្នាំ steroid។
អ្នកជំងឺសម្រាកព្យាបាលនៅពេទ្យ ងាយនឹងឆ្លងបាក់តេរីពីមន្ទីរពេទ្យ ហើយច្រើនតែធ្ងន់ធ្ងរ ព្រោះបាក់តេរីនៅមន្ទីរពេទ្យច្រើនស៊ាំនឹងថ្នាំផ្សះ (Antibiotics)។
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺបានទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យជំងឺឆ្លងមេរោគក្នុងឈាម មានការពិបាកសម្រាប់គ្រូពេទ្យក្នុងការរកមូលហេតុនៃការឆ្លង។ គ្រូពេទ្យត្រូវវាយតម្លៃពីរោគសញ្ញា ប្រវត្តិជំងឺ វាស់សម្ពាធឈាម និងកម្ដៅរាងកាយ។ ពេទ្យនឹងពិនិត្យរកសញ្ញាជំងឺដែលកើតមានញឹកញាប់ក្នុងពេលឆ្លងមេរោគក្នុងឈាម ដូចជា ជំងឺរលាកសួត រលាកស្រោមខួរក្បាល និងរលាកកោសិកា។
ដើម្បីរកប្រភេទមេរោគដែលឆ្លង ពេទ្យអាចពិនិត្យសារធាតុរាវដូចជា៖
– ទឹកនោម
– ទឹករងៃចេញពីរបួស និងស្បែក
– កំហាក
– ឈាម។
ពេទ្យអាចពិនិត្យគោលិកាឈាម ប្លាកែត និងភ្នាក់ងារបង្កកឈាម។ ករណីពិបាកដកដង្ហើម គ្រូពេទ្យនឹងពិនិត្យរកកម្រិតអុកស៊ីហ្សែន និងកាបូនឌីអុកស៊ីតក្នុងឈាម។ បើសញ្ញាមិនច្បាស់លាស់ គ្រូពេទ្យអាចទាមទារពិនិត្យមើល៖
– កាំរស្មីអ៊ិច
– ស្កែន MRI
– ស្កេន CT
– អេកូសាស្ត្រ
៨- ព្យាបាលដោយវិធីណា?
ជំងឺឆ្លងមេរោគក្នុងឈាម ប៉ះពាល់ដល់សរីរាង្គ ឬតួនាទីជាលិកា ត្រូវការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកជំងឺជាច្រើន ត្រូវសម្រាកព្យាបាលនៅកន្លែងសង្គ្រោះបន្ទាន់ រហូតដល់ជាសះស្បើយ។
ការព្យាបាលអាស្រ័យលើកត្តាមួយចំនួនដូចជា៖
– កត្តាអាយុ
– ស្ថានភាពសុខភាព
– ការវិវត្តរបស់ជំងឺ
– ភាពស៊ាំនឹងថ្នាំមួយចំនួន
ថ្នាំផ្សះទាមទារប្រើប្រាស់ឲ្យត្រូវនឹងបាក់តេរីបង្កជំងឺ ប៉ុន្តែយើងមិនត្រូវរង់ចាំរហូតដល់ចេញលទ្ធផលពីមេរោគបង្កនោះទេ។ ការព្យាបាលជំហានដំបូង ត្រូវប្រើថ្នាំផ្សះ អាចសម្លាប់បាក់តេរីបានច្រើនប្រភេទ។ បន្ទាប់ពីស្គាល់អត្តសញ្ញាណបាក់តេរីបង្ក ពេទ្យអាចប្ដូរប្រភេទថ្នាំផ្សះ ដើម្បីឲ្យត្រូវនឹងបាក់តេរីនោះ។
ការបញ្ចូលសេរ៉ូម និងចាក់ថ្នាំតាមសរសៃឈាម នឹងធ្វើឡើងដើម្បីទ្រទ្រង់សម្ពាធឈាម ឬការពារកំណកឈាម។ ក្នុងករណីចាំបាច់ ពេទ្យត្រូវដាក់អុកស៊ីហ្សែន ដើម្បីជំនួយការដកដង្ហើម។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបានដូចជា៖
– ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ បើសិនអ្នកមានរោគសញ្ញាឆ្លងមេរោគក្នុងឈាម។ ការប្រើថ្នាំផ្សះទាន់ពេលវេលាអាចជួយបង្ការ ករណីរាលដាលបាក់តេរីចូលទៅក្នុងចរន្តឈាម។
– ប៉ាម៉ាក់ អាចជួយបង្ការកូនៗពីការឆ្លងមេរោគក្នុងឈាម តាមរយៈការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវតាមកាលកំណត់
បើសិនមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ត្រូវអនុវត្តដូចខាងក្រោម៖
– ហាមជក់បារី
– ហាមប្រើថ្នាំញៀន
– មានរបបអាហារសុខភាព
– ត្រូវហាត់ប្រាណ
– លាងសម្អាតដៃជាប្រចាំ
– នៅឲ្យឆ្ងាយពីអ្នកជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕