ជំងឺលើសឈាម ស្តាប់ទៅអាចគិតថាធម្មតា ប៉ុន្តែទាំងអស់គ្នាដឹងអត់ លើសឈាម ជាមូលហេតុចម្បងបង្កឲ្យកើតមានជំងឺកាចសាហាវជាច្រើន រាប់ទាំងទឹកនោមផ្អែម និងជំងឺតម្រងនោម ព្រោះគ្រប់សរីរាង្គទាំងអស់ពឹងផ្អែកលើសរសៃឈាម បើលំហូរឈាមមានបញ្ហា នឹងប៉ះពាល់ដំណើរការសរីរាង្គទាំងអស់។ “Hello គ្រូពេទ្យ’ នឹងលើកពីទំនាក់ទំនងរវាង ជំងឺលើសឈាម និងជំងឺតម្រងនោម ឲ្យគ្នាយើងបានយល់ អាចការពារកុំខូចតម្រងនោមបាន។
១- ទំនាក់ទំនងរវាងជំងឺលើសឈាម និងជំងឺតម្រងនោម
ប្រព័ន្ធសរសៃឈាម និងតម្រងនោម មាននាទីជួយសម្រួលគ្នាទៅវិញទៅ មកដើម្បីធានាសុខភាពរាងកាយរបស់យើង។ តម្រងនោម ជាសរីរាង្គមាននាទីច្រោះជាតិពុល និងកាកសំណល់ចេញពីឈាម។ នៅពេលសរសៃឈាមមានការខូចខាត ហើយអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមផ្សេងៗ មិនអាចទៅចិញ្ចឹមតម្រងនោមបាន នឹងធ្វើឲ្យមុខងារច្រោះទឹកនោមមិនបានល្អ ហើយភាសាបច្ចេកទេស ហៅថា Nephrons។ សម្ពាធឈាមឡើងខ្លាំង អាចជាមូលហេតុជំងឺតម្រងនោម និងជំងឺខូចតម្រងនោម ដំណាក់កាលចុងក្រោយ។
បើមិនព្យាបាល បញ្ហាតម្រងនោម មិនយូរមិនឆាប់ វានឹងធ្វើឲ្យសរសៃឈាមនៅជុំវិញតម្រងនោម រួមតូច ក្រិន និងខ្សោយបាត់បង់មុខងារ ហើយពេលដែលសរសៃឈាមខូចខាត ឈាមដែលទៅចិញ្ចឹមជាលិកាតម្រងនោម ក៏មិនគ្រប់គ្រាន់ដែរ។ ករណីខូចខាតការច្រោះរបស់តម្រងនោម ដោយសារជំងឺលើសឈាម បណ្ដាលឲ្យការរាងកាយមិនអាចបញ្ចេញជាតិពុលបាន។
ពេលជំងឺតម្រងនោមឈានដល់ដំណាក់កាលចុងក្រោយ វិធីមួយអាចសង្គ្រោះជីវិតបាន មានតែលាងឈាមជាប្រចាំ ឬត្រូវប្ដូរតម្រងនោមតែម្តង ដើម្បីមុខងារលាងឈាមអាចដំណើរការឡើងវិញ ប៉ុន្តែវិធីព្យាបាលប្តូរតម្រងនោម វិធីព្យាបាលនេះ គឺមានតែនៅបរទេសប៉ុណ្ណោះ។
២- រោគសញ្ញាជំងឺលើសឈាម និងជំងឺតម្រងនោម
គ្នាយើងមានជំងឺលើសឈាមភាគច្រើន មិនងាយលេចចេញរោគសញ្ញានោះទេ បើមាននេះមែន អាចត្រឹមលេចឡើងអាការៈឈឺក្បាលប៉ុណ្ណោះ ក៏ជាករណីកម្រផងដែរ។
ជំងឺតម្រងនោម ក៏ដូចគ្នា នៅដំណាក់កាលដំបូង គ្មានងាយមានរោគសញ្ញាសម្គាល់ទេ។ ប៉ុន្តែ រោគសញ្ញាពាក់ព័ន្ធខ្លះៗ អាចមានហើមជើង កជើង និងហើមដៃ ដោយសារមិនអាចបញ្ចេញជាតិទឹក និងអំបិលដែលលើសចេញពីរាងកាយបាន។ នៅពេលមុខងារតម្រងនោមចុះខ្សោយ នឹងអាចលេចចេញរោគសញ្ញាដូចខាងក្រោម៖
– ចង្អោរ ក្អួត លែងឃ្លានអាហារ
– ស្រកទម្ងន់
– ងងុយគេង
– ពិបាកផ្ចង់អារម្មណ៍
– គេងមិនលក់
– នោមច្រើន ឬនោមទាស់
– ស្ពឹក
– ពិបាកដកដង្ហើម
– ឈឺទ្រូង
– រមួលសាច់ដុំ
– ស្បែកឡើងស្រគាំ
អត្ថបទពាក់ព័ន្ធ៖
- លើសសម្ពាធឈាម និងសម្ពាធឈាមឡើងខ្ពស់ ដូចគ្នាអត់?
- លើសឈាមក្មេងក៏កើតដែរ ហើយជាជំងឺរ៉ាំរ៉ៃពេញមួយជីវិត ទាំងនេះជាវិធីការពារ
៣- វិធីការពារ
វិធីការពារបឋមចំពោះជំងឺតម្រងនោម បណ្ដាលមកលើសឈាម គឺត្រូវគ្រប់គ្រងសម្ពាធឈាមមុនសិន ត្រូវពិនិត្យសម្ពាធឈាមជាប្រចាំ ញ៉ាំអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ពេទ្យអាចណែនាំឲ្យយើងពីរបបអាហារណាមួយ ដើម្បីជួយការពារជំងឺលើសឈាម (DASH) របបអាហារទាំងនោះ គឺផ្ដោតសំខាន់ទៅលើការញ៉ាំបន្លែច្រើន អាហារមានជាតិអង្ករច្រើន ផ្លែឈើ និងអាហារមានជាតិសូដ្យូមទាប ព្រមទាំងចៀសវាងញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់។
បន្ថែមពីលើនេះ ហាត់ប្រាណ ក៏អាចជួយបានមួយកម្រិតដែរ។ ហាត់ប្រាណជាប្រចាំ អាចសម្រួលដល់លំហូរឈាម បន្ថយសម្ពាធឈាម និងបង្ការកត្តាប្រឈមបញ្ហាសុខភាពផ្សេងៗ។ យើង អាចប្រឹក្សាយោបល់ជាមួយឯកទេសសុខភាព អាចណែនាំពីរបៀបហាត់ប្រាណល្អៗ និងមានប្រយោជន៍ស័ក្ដិសមសុខភាពយើង។ អាចដើរ ៣០នាទី ជារៀងរាល់ថ្ងៃ ឬធ្វើការតិចតួច ដូចជា បោសផ្ទះ និងដាំដុះរុក្ខជាតិផ្សេងៗជាដើម។ ក្រៅពីនេះ ត្រូវលេបថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជាគ្រូពេទ្យ។
៤- វិធីព្យាបាល
វិធីព្យាបាលល្អបំផុត ត្រូវពិនិត្យតាមដានសម្ពាធឈាមឲ្យល្អ និងអាចប្រើថ្នាំមានមុខងារជួយបន្ថយសម្ពាធឈាម និងជួយការពារតម្រងនោម ពីការខូចខាតដោយសារថ្នាំក្រុមថ្នាំលើសឈាម ACE ឬ ARB។
[embed-health-tool-heart-rate]