ជំងឺបេះដូងជាមូលហេតុចម្បងដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់ស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កម្រិតនៃការអស់កម្លាំងចំពោះបុរសអាចបង្កើនហានិភ័យនៃអាការៈគាំងបេះដូងទ្វេដង។ ការសិក្សានេះក៏បានឲ្យដឹងថា ហានិភ័យនៃជំងឺស្លោកសាច់ដុំបេះដូង ដែលទាក់ទងនឹងការអស់កម្លាំង ក៏កើតឡើងជាពិសេសចំពោះបុរសដែលមិនធ្លាប់រៀបការ ឬពោះម៉ាយផងដែរ។
ជាទូទៅ ការគាំងបេះដូងកើតឡើងនៅពេលមានការស្ទះសរសៃឈាមដែលផ្គត់ផ្គង់ឈាម និងអុកស៊ីសែនទៅកាន់បេះដូងភ្លាមៗ។ ការកកខ្លាញ់កកើតឡើងទៅតាមពេលវេលា ដែលបណ្ដាលឲ្យមានបន្ទះខ្លាញ់នៅក្នុងសរសៃឈាមបេះដូង ហើយនៅពេលដែលបន្ទះខ្លាញ់នោះធ្លុះធ្លាយ កំណកឈាមនឹងកកើតឡើង ព្រមទាំងរារាំងសរសៃឈាមដែលបញ្ជូនឈាម និងអុកស៊ីសែនទៅបេះដូង ដែលនេះជាហេតុបង្កឲ្យកើតមានអាការៈគាំងបេះដូង។
នៅក្នុងការសិក្សាមួយលើបុរសចំនួន៦៥៧នាក់ បានបង្ហាញថា បើប្រៀបធៀបបុរសដែលមានអាការៈអស់កម្លាំងខ្លាំង និងបុរសដែលមិនសូវអស់កម្លាំងខ្លាំង អ្នកដែលអស់កម្លាំងកម្រិតមធ្យម និងខ្លាំងមានហានិភ័យនៃអាការៈគាំងបេះដូង២,៧ដងនៅក្នុងរយៈពេល៥ឆ្នាំ និងកើនឡើង២,២៥ដងនៅក្នុងរយៈពេល១០ឆ្នាំ ព្រមទាំងបន្តកើនឡើងរហូតដល់២,១ដងនៅក្នុងរយៈពេល១៤ឆ្នាំ។