គ្នាយើងជាច្រើនជឿថា បើលើសជាតិកូលេស្តេរ៉ូល (ខ្លាញ់មិនល្អ) មិនល្អចំពោះសុខភាពបេះដូងនោះទេ។ ប៉ុន្តែនៅពេលក្នុងឈាមមានលើសជាតិខ្លាញ់ច្រើន ក្រៅពីបញ្ហាបេះដូង វានឹងធ្វើដំណើរទៅបំផ្លាញសរីរាង្គផ្សេងៗ បង្កឲ្យមានជំងឺជាច្រើន គ្នាយើងមិនសូវចាប់អារម្មណ៍ ខណៈជំងឺមួយចំនួន ក៏ជាមូលហេតុនាំឲ្យលើសជាតិកូលេស្តេរ៉ូលដែរ។ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីប្រភេទជំងឺមួយចំនួន មានទំនាក់ទំនងជាមួយបញ្ហាជាតិកូលេស្តេរ៉ូល ឲ្យបានដឹងទាំងអស់គ្នា។
១- ជំងឺដាច់សរសៃឈាមខួរក្បាល (ជំងឺស្ត្រូក)
ដុំខ្លាញ់ដែលដាច់ចេញពីកូលេស្តេរ៉ុលនៅតាមសរសៃឈាមអាកទែរ អាចនឹងកកក្លាយទៅជារឹង បង្កទៅជាជំងឺមួយមានឈ្មោះថា ជំងឺក្រិនសរសៃឈាម (Atherosclerosis)។ វាអាចប៉ះពាល់ទាំងបេះដូង ទាំងខួរក្បាល ហើយបើដុំកកនោះទៅរាំងស្ទះសរសៃឈាម នឹងនាំឈាមទៅកាន់ខួរក្បាលនោះ នឹងកាន់តែប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល។
២- ជំងឺទឹកនោមផ្អែមប្រភេទ ២
បើកើត ជំងឺទឹកនោមផ្អែមប្រភេទ ២ កាន់តែប្រឈមមុខបញ្ហាលើសកូលេស្តេរ៉ូល។ មិនថាយើងគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប៉ុណ្ណានោះ ជាតិកូលេស្តេរ៉ូលក្នុងឈាម នៅតែអាចឡើងខ្ពស់ ជាពិសេស ប្រភេទកូលេស្តេរ៉ូលមិនល្អ LDL។
៣- ជំងឺធាត់
ប្រាកដណាស់! បញ្ហាលើសទម្ងន់ អាចនឹងបង្កឲ្យកូលេស្តេរ៉ូលឡើងខ្ពស់។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យយើងកាន់តែប្រឈមទៅនឹងជំងឺដទៃទៀត ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ជាដើម។
៤- បញ្ហាលិង្គមិនឡើងរឹង
បញ្ហាលើសកូលេស្តេរ៉ូល អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទយើងដូចគ្នា។៊ ដុំខ្លាញ់ទាំងនោះ អាចនឹងទៅកកស្ទះនៅក្នុងសរសៃអាកទែដែលនាំឈាមទៅចិញ្ចឹមប្រដាប់ភេទប្រុសៗ ជាហេតុបង្កឲ្យមាន បញ្ហាលិង្គអាចឡើងរឹង ធ្វើឲ្យសុខភាពផ្លូវភេទរមានបញ្ហាតែម្តង។ បញ្ហាលិង្គមិនអាចឡើងរឹង នេះអាចជារោគសញ្ញានៃបញ្ហាលើសកូលេស្តេរ៉ូលមួយ ចាំបាច់ប្រុសៗគ្រប់រួបគួរប្រុងប្រយ័ត្ន។ អ្នកវិទ្យាសាស្ត្របានលើកឡើងថា បញ្ហាលិង្គមិនឡើងរឹង នេះអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមណាមួយ វាអាចនឹងកើតឡើង ៤-៥ ឆ្នាំ មុនពេលជំងឺគាំងបេះដូងកើតឡើង។
អត្ថបទពាក់ព័ន្ធ៖
- ទឹកនោមផ្អែមប្រភេទ ២
- ទឹកនោមផ្អែមប្រភេទ ១
៥- ខ្សោយតម្រងនោម
យោងទៅតាមវិទ្យាស្ថានជាតិនៃជំងឺទឹកនោមផ្អែម ជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោម អាមេរិក (U.S. National Institute of Diabetes and Digestive and Kidney Diseases) បញ្ហាលើសកូលេស្តេរ៉ូល ក៏អាចធ្វើឲ្យយើងមានបញ្ហាខ្សោយតម្រងនោមដូចគ្នា។ លទ្ធផលស្រាវជ្រាវបានចុះផ្សាយក្នុងព្រឹត្តិបត្រ Journal of the Society of American Nephrology បង្ហាញការបកស្រាយ ទាក់ទងទៅនឹងបញ្ហាទាំងពីរនេះ។ ដំបូងគេឃើញថា គ្នាយើងជំងឺត្រូវលាងឈាម គឺមានកម្រិតកូលេស្តេរ៉ូលខ្ពស់ រស់បានយូរជាង គ្នាយើងមានកម្រិតកូលេស្តេរ៉ូលទាប។ យ៉ាងណាមិញ ការសិក្សាបន្តបន្ទាប់បង្ហាញថា ការកើនឡើងកម្រិតកូលេស្តេរ៉ូលនេះ មិនជារឿងល្អនោះទេ។ អ្នកស្រាវជ្រាវទាំងនោះគិតថា ការឡើងកូលេស្តេរ៉ូល គ្រាន់តែអាចបង្ហាញថា គ្នាយើងមានជំងឺ ទទួលទានអាហារមានជីវជាតិបានច្រើនធ្ វើឲ្យរាងកាយគេប្រឆាំងនឹងការរលាកផ្សេងៗបានច្រើនជាងប៉ុណ្ណោះ។ ទោះជាយ៉ាងណា បញ្ហាលើសកូលេស្តេរ៉ូល តម្រូវឲ្យមានការតាមដានដិតដល់ ពីសំណាក់គ្រូពេទ្យ ដើម្បីដឹងច្បាស់ថា គ្នាយើងមានជំងឺ កំពុងស្ថិតក្នុងស្ថានភាពមួយណា។
៦- ជំងឺ Alzheimer (ជំងឺចាស់វង្វេង)
លទ្ធផលសិក្សាថ្មីៗនេះ បង្ហាញថា បញ្ហាលើសកូលេស្តេរ៉ូល ក៏មានទំនាក់ទំនងជាមួយជំងឺ Alzheimer (ជំងឺចាស់វង្វេង) ដូចគ្នា។ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Kyushu បានធ្វើការសិក្សាលើខួរក្បាលសាកសពប្រមាណជា ១៥០នាក់ ដោយរកឃើញថា ១/៣ ក្នុងចំណោមសពទាំងនោះ ធ្លាប់មានជំងឺ Alzheimer’s disease ឬជំងឺវង្វេងឌីមិនធៀ (Dementia) ពីមុនមក។ លទ្ធផលការស្រាវជ្រាវ ក៏បានបង្ហាញថា សាកសពមានកំណកដុំនៅក្នុងខួរក្បាល (ជាលក្ខណៈមួយរបស់ជំងឺអាល់ហ្សៃមឺរ) ធ្លាប់មានបញ្ហាលើសកូលេស្តេរ៉ូលច្រើនជាងសាកសពដទៃទៀត។ ក្រៅពីចំណុចនេះ គេមិនទាន់រកឃើញចំណុចពិសេសអ្វីផ្សេង ទាក់ទងទៅនឹងបញ្ហាទាំងពីរនេះនៅឡើយ។ ដើម្បីដឹងច្បាស់ពីទំនាក់ទំនងរវាងជំងឺ Alzheimer និងបញ្ហាលើសកូលេស្តេរ៉ូលនេះ តម្រូវឲ្យមានការសិក្សាស្រាវជ្រាវជាច្រើនបន្ថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]