ចេកជាផ្លែឈើមួយប្រភេទដែលគ្នាយើងដឹងថាជួយសម្រួលដល់ការបន្ទោបង់ ប៉ុន្តែដឹងទេថាចេកក៏ជាផ្លែឈើអាចបង្កឲ្យមានបញ្ហាទល់លាមកផងដែរ។ តើចេកបង្កបញ្ហាទល់លាមកបានយ៉ាងម៉េច?
១. អ្វីជាការទល់លាមក?
ទល់លាមកជាបញ្ហាទូទៅមួយ ធ្វើឲ្យយើងពិបាកក្នុងការបត់ជើងធំ។ ជាលក្ខណៈវេជ្ជសាស្រ្ត ទល់លាមកត្រូវបានកំណត់ដោយផ្អែកលើការបន្ទោបង់តិចជាងបីដងក្នុងមួយសប្ដាហ៍។ បើគ្នាយើងបន្ទោបង់ត្រឹមម្ដងក្នុងមួយសប្ដាហ៍ នោះមានន័យថាមានបញ្ហាទល់លាមកធ្ងន់ធ្ងរហើយ។ ទល់លាមក ក៏អាចមានចេញរោគសញ្ញាដូចជាហើមពោះ មានហ្គាសក្នុងពោះ និងឈឺចាប់ពេលបន្ទោបង់ ជាដើម។
២. មូលហេតុចេកធ្វើឲ្យទល់លាមក
ពេលនិយាយថាចេកអាចធ្វើឲ្យយើងទល់លាមក ហាក់ពិបាកជឿបន្តិច តែវាជាការពិត។ ការញ៉ាំចេកខ្ចី ឬចេកស្ទើរទុំ ច្រើនអាចធ្វើឲ្យមានបញ្ហាទល់លាមក ខណៈចេកទុំល្អជួយសម្រួលដល់បញ្ហាទល់លាមកទៅវិញ។
ចេកខ្ចី ឬស្ទើរទុំ ធ្វើឲ្យទល់លាមក ក៏ព្រោះតែវាមានជាតិម្សៅស្អិត ដែលអាចបង្កការលំបាកដល់រាងកាយក្នុងការរំលាយ។ ចេកខ្ចី មានផ្ទុកសារធាតុចត់ប្រហែល១០០ទៅ២៥០មិល្លីក្រាមក្នុងចេក១០០ក្រាម និងមានផ្ទុកជាតិម្សៅស្អិតខ្ពស់ផងដែរ ដែលជាហេតុនាំឲ្យមានបញ្ហាទល់លាមកកើតឡើងបាន បើយើងញ៉ាំច្រើន។
ប៉ុន្តែសម្រាប់ចេកទុំវិញ មានជាតិសរសៃរលាយខ្ពស់ ដែលក្នុងករណីខ្លះអាចជួយរុញច្រានកាកសំណល់ផ្សេងៗចេញពីរាងកាយតាមរយៈការបន្ទោបង់។ ដូចនេះហើយ បានជាយើងអាចនិយាយបានដែរថា ចេកក៏មានប្រយោជន៍ក្នុងការជួយសម្រួលដល់បញ្ហាទល់លាមកដែរ បើយើងញ៉ាំវាក្នុងសភាពទុំល្អ។
គួរបញ្ជាក់ថាបញ្ហាទល់លាមកមិនអាចដោះស្រាយបានដោយគ្រាន់តែប្រើថ្នាំពេទ្យមួយមុខនោះទេ។ ដើម្បីដោះស្រាយបញ្ហាទល់លាមកក្នុងរយៈពេលវែង ឬខ្លីបាន យើងត្រូវផ្លាស់ប្ដូរបែបបទរស់នៅ ដោយរួមមានទាំង ការហាត់ប្រាណ និងរបបអាហារត្រឹមត្រូវផងដែរ។
[embed-health-tool-bmr]