ផោមជារឿងធម្មតាមួយសម្រាប់មនុស្សយើង ប៉ុន្តែថាបើផោមច្រើនពេក និងធ្វើឲ្យយើងពិបាកក្នុងការចូលរួមសកម្មភាពសង្គមដោយសារតែបញ្ហាផោមញឹកមិនអាចគ្រប់គ្រងបាន នោះជាពេលដែលត្រូវស្វែងរកជំនួយពីគ្រូពេទ្យ។
១. ចំនួនផោមប្រចាំថ្ងៃ
មនុស្សយើងម្នាក់ៗអាចមានចំនួនផោមប្រចាំថ្ងៃខុសៗគ្នា ប៉ុន្តែជាទូទៅមនុស្សយើងម្នាក់អាចផោមចន្លោះពី៥ទៅ១៥ដងក្នុងមួយថ្ងៃ។ មួយវិញទៀត អ្នកជំនាញខ្លះថា ក្នុងករណីយើងផោមលើសពី២៣ ដងក្នុងមួយថ្ងៃអាចចាត់ទុកថាខុសធម្មតា ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ថាវាជារឿងគួរឲ្យបារម្ភនោះដែរ។
ចំណែកក្លិនរបស់ផោមវិញ វាអាស្រ័យលើអាហារដែលយើងបានញ៉ាំ។ អាហារមួយចំនួនធ្វើឲ្យផោមមានក្លិនស្អុយខ្លាំង។ អាហារដែលយើងញ៉ាំនឹងបង្កើនជាហ្គាសនៅក្នុងពោះវៀនតូច និងពោះវៀនធំអំឡុងពេលរំលាយ។ ប្រូតេអ៊ីនបានពីសាច់សត្វ និងស៊ុត ជាដើម អាចបង្កឲ្យផោមមានក្លិនស្អុយ ប៉ុន្តែអាហារមានជាតិសរសៃរលាយដូចជាបន្លែ និងផ្លែឈើ ពេលផោមមិនមានក្លិនអាក្រក់នោះទេ។
ផោមមានក្លិនស្អុយមិនមែនមានន័យថាយើងមានបញ្ហាសុខភាពនោះទេ គ្រាន់តែវាអាចធ្វើឲ្យយើងខ្មាសគេនៅពេលផោមចំពេលយើងនៅជាមួយអ្នកផ្សេង។
យ៉ាងណា បើយើងមានអារម្មណ៍មិនល្អចំពោះការផោមញឹក ឬគិតថាបញ្ហាផោមនេះបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ យើងគួរពិភាក្សាជាមួយគ្រូពេទ្យ។
២. តិចនិកកាត់បន្ថយហ្គាសក្នុងពោះ
បើយើងមិនចង់ផោមញឹកដែលអាចនាំឲ្យខ្មាសគេ យើងគួរអនុវត្តតិចនិកនេះ៖
ហាត់ប្រាណ៖ ពេលយើងបញ្ចេញសកម្មភាពរាងកាយបានកាន់តែច្រើន នោះយើងក៏អាចកម្ចាត់ហ្គាសក្នុងពោះវៀនបានច្រើនតាមហ្នឹងដែរ។ គ្នាយើងមានបញ្ហាផោមញឹក អាចផ្ដោតការហាត់ប្រាណលើសាច់ដុំពោះ ដែលជួយដល់ការធ្វើចលនានៅពោះវៀន។ គ្នាយើងគួរហាត់ឲ្យបាន៣០នាទីក្នុងមួយថ្ងៃ និងបានយ៉ាងតិចពីបីទៅបួនដងក្នុងមួយសប្ដាហ៍។
បន្លែគួរកម្រិតការញ៉ាំ៖ កំពុងមានបញ្ហាផោមញឹក គ្នាយើងគួរកម្រិតការញ៉ាំបន្លែដូចជាស្ពៃក្ដោប ខាត់ណាខៀវ និងទំពាំងបារាំង ជាដើម ព្រោះថាបន្លែប្រភេទនេះផលិតហ្គាសច្រើនជាងប្រភេទបន្លែផ្សេងទៀត។ យ៉ាងណា ដោយសារតែបន្លែប្រភេទនេះសម្បូរសារធាតុចិញ្ចឹម ដូចនេះគ្នាយើងមិនត្រូវរំលងបន្លែទាំងនេះគ្រប់ពេលនោះទេ។
កាត់បន្ថយការផឹកភេសជ្ជៈកំប៉ុង និងអាហារផ្អាប់៖ គ្រឿងកំប៉ុងមានជាតិកាបូន ដូចជាទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងអាហារផ្អាប់ ធ្វើឲ្យកើតហ្គាស ឬបានជួយចិញ្ចឹមដល់បាក់តេរីក្នុងពោះវៀនធ្វើឲ្យកើតមានហ្គាសក្នុងពោះច្រើន។
ក្រៅពីនេះ យើងគួរញ៉ាំអាហារក្នុងបរិមាណតិចជាមុនតែញឹក ញ៉ាំអាហារ និងផឹកទឹកយឺតៗកុំបង្ខំ និងកុំទំពាស្ករកៅស៊ូ និងកុំជក់បារី។
[embed-health-tool-bmr]