brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ

តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ?

អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ

១. ការរំភើបខ្លាំង ឬរន្ធត់

អារម្មណ៍​បែប​នេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង​ ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាច​​ញ័រ​ទ្រូង ញ័រ​បេះដូង គេង​មិន​លក់ យល់សប្តិច្រើន ឬក្តៅខ្លួន។

២. សោកសៅ ឬថប់បារម្ភ

ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើង​ថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មាន​បញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាច​ប៉ះពាល់ដល់ពោះវៀន​ធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និង​រាក ជាដើម​។

៣. ការខឹង

ការខឹង ​ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាល​​ឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅ​ចន្លោះម៉ោង ១-៣ ភ្លឺជាដើម។

៤. ការព្រួយបារម្ភ ឬគិតច្រើន

ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុង​រំលាយ​អាហារ ​​ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។

ចង់ស្វែងយល់ពីប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៥. ភាពភ័យខ្លាច

អារម្មណ៍​ភ័យ​ខ្លាច​ប៉ះពាល់ដល់តម្រងនោម និងប្លោកនោម ព្រមទាំងអាចបណ្តាលឱ្យយើង​លេច​នោម។ ជាលទ្ធផល​យើង​អាចឈឺខ្នង ខ្សោយក្រពេញលើតម្រងនោម ឆ្លងមេរោគក្នុងផ្លូវទឹកនោម នោមញឹក គេងមិន​លក់ បែកញើសពេលយប់ ហ៊‌ឹង​ត្រចៀក ជ្រុះសក់ ឬស្កូវមុនអាយុ។

ដើម្បីកុំឱ្យអារម្មណ៍របស់យើងប៉ះពាល់ដល់សរីរាង្គក្នុងរាងកាយ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ និង​បន្ធូរអារម្មណ៍។ ការតាំងសមាធិ យូហ្កា ការស្តាប់តន្រ្តី ការសម្រាកលំហែរ ការហាត់ប្រាណ​ជាដើម​អាច​ជួយឱ្យយើងមានអារម្មណ៍ល្អបាន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 02/11/2021